ជាតិ
អ​.​ស​.​ប គ្រោង​ពិនិត្យ​របាយការណ៍​កម្ពុជា​ស្ដីពី​ការអនុវត្ត​អនុសញ្ញា​លុបបំបាត់​ការរើសអើង​ពូជសាសន៍​
23, Nov 2019 , 7:59 pm        
រូបភាព
ស្លាកសញ្ញា និង​ទង់ជ័យ​​អង្គការសហប្រជាជាតិ​។​
ស្លាកសញ្ញា និង​ទង់ជ័យ​​អង្គការសហប្រជាជាតិ​។​
ដោយ: VOA
​វ៉ាស៊ីនតោន ៖ គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​លុបបំបាត់​ការរើសអើង​ពូជសាសន៍ នឹង​ពិនិត្យមើល​របាយការណ៍​របស់​ប្រទេស​កម្ពុជា ស្តីពី​ការអនុវត្ត​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ពូជសាសន៍​នៅ​ថ្ងៃទី​២៨ ដល់​២៩​ខែវិច្ឆិកា​នេះ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​។​

 
​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​បញ្ជាក់ថា ការត្រួតពិនិត្យ​ការអនុវត្ត​របស់​កម្ពុ​ជា ដើម្បី​ឆ្លើយតប​ទៅនឹង​អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ពូជសាសន៍​នេះ នឹងធ្វើ​ឡើង​ក្នុងសម័យ​ប្រជុំ​របស់​គ​ណៈ​ក​ម្មា​ធិ​ការជំនាញរ​បស់ អ​.​ស​.​ប​នេះ ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ទីក្រុង​ហ្សឺ​ណែវ ចាប់ពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​ដល់​ថ្ងៃទី​១៣​ខែធ្នូ ឆ្នាំ​២០១៩​។​
 
​កម្ពុជា គឺជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ភាគី​ទាំង​១៨២ ដែល​បានផ្ដល់​សច្ចាប័ន​ដល់​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ពូជសាសន៍​។​
 
​ការត្រួតពិនិត្យ​ការអនុវត្ត​របស់​កម្ពុ​ជា​នេះ​គឺជា​នីតិវិធី​ទៀងទាត់​ដែល​តម្រូវ​ដោយ​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​លុបបំបាត់​ការរើសអើង​ពូជសាសន៍ ដែលមាន​សមាសភាព​អ្នកជំនាញ​ឯករាជ្យ​ចំនួន​១៨​រូប​។​
 
​គណៈកម្មាធិការ​ជំនាញ​នេះ នឹង​ពិភាក្សា​ជាមួយ​ប្រតិភូ​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​ស្ដាប់​ការផ្ដល់​អនុសាសន៍​ពី​អង្គការក្រៅរដ្ឋាភិបាល ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស និង​ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​ឯករាជ្យ​ផ្សេងៗ​ទៀតផង​ដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com