ជាតិ
សេដ្ឋកិច្ច
កម្ពុជាបន្តគម្រោងរោងចក្រកាន់តែប្រសើររយៈ៣ឆ្នាំទៀត ដើម្បីកែលម្អវិស័យកាត់ដេរ ពិធីចុះហត្ថលេខា គម្រោងរោងចក្រកាន់តែប្រសើឡើង
× ភាគីពាក់ព័ន្ធបានសម្រេចបន្តអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ សម្រាប់រយៈពេល៣ឆ្នាំទៀត ដើម្បីកែលម្អលក្ខខណ្ឌការងារនៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់។ ជាមួយគ្នានេះដែរ វិស័យផលិតផលសម្រាប់ធ្វើដំណើរ (ដែលមានកាបូបជាដើម) ក៏ត្រូវបានបញ្ចូលក្នុងគម្រោងអាណត្តិថ្មីនេះដែរ។ អនុស្សារណៈនៃការយោគយល់គ្នា(MOU) សម្រាប់បន្តគម្រោងរោងចក្រកាន់តែប្រសើរលើកទី៦នេះ ត្រូវបានចុះហត្ថលេខាដោយក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី២១ខែវិច្ឆិកា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ស្ថាប័នពាក់ព័ន្ធទាំងនេះ។
គម្រោងរោងចក្រកាន់តែប្រសើនៅកម្ពុជានៃអង្គការអន្តរជាតិខាងការងារ ត្រូវបានអនុវត្តនៅកម្ពុជាតាំងពីឆ្នាំ២០០១មកម្លេះ ហើយពេលនេះត្រូវបានបន្តរយៈពេល៣ឆ្នាំទៀត គឺគិតចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ ។ សេចក្ដីប្រកាសព័ត៌មានខាងលើបញ្ជាក់ថា គម្រោងនេះ គឺជាការបន្តវាយតម្លៃលើលក្ខខណ្ឌការងារនៅរោងចក្រកាត់ដេរ ដោយផ្អែកលើច្បាប់ការងាររបស់កម្ពុជា និងបទដ្ឋានស្នូលការងារដែលទទួលស្គាល់ពីអន្តរជាតិ។ លើសពីនេះ គម្រោងនេះនឹងបន្តប្រឹក្សាយោបល់ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងារ បង្កើនផលិតភាព រួមទាំងបន្តសហការជាមួយក្រសួងការងារ អនុវត្តផែនការយុទ្ធសាស្ត្រ សម្រាប់បង្កើនសមត្ថភាពរបស់ក្រសួង ដើម្បីអនុលោមច្បាប់ស្ដីពីការងារ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា គម្រោងនេះជួយដល់សមាគមរោងចក្រកាត់ដេរនិងអ្នកផលិត ផលិតផលសម្រាប់ធ្វើដំណើរ បង្កើនសមត្ថភាពសម្រាប់ការអនុលោមច្បាប់ និងពង្រឹងប្រព័ន្ធគ្រប់គ្រងនៅក្នុងរោងចក្រ។
ក្នុងពិធីចុះ MOU នេះ លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា តាមរយៈគោលនយោបាលនៃការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយបទដ្ឋានការងារ ប្រទេសកម្ពុជាកំពុងទទួលបានកេរិ៍្តឈ្មោះល្អ ហើយក្លាយជាប្រទេសឈានមុខគេ ក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ។ លោកបន្ថែមថា ការអនុវត្តគោលនយោបាយនេះ គឺជួយឲ្យអ្នកទិញ ទទួលបានប្រភពបញ្ជាទិញសម្លៀកបំពាក់ គួរឲ្យទុកចិត្តបាននៅកម្ពុជា។
លោក Graeme Buckley នាយកអង្គការអន្តរជាតិខាងការងារប្រចាំកម្ពុជា ថៃ និងឡាវ បានថ្លែងដូច្នេះថា៖«តាមរយៈការធ្វើការជាមួយរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរ យើងនឹងរួមគ្នាជួយលើកកម្ពស់ការងារសម្រាប់កម្មកររាប់ពាន់នាក់ ជាពិសេសស្រី្ត។ ហើយក៏ជួយកម្មករនិយោជិតក្នុងការអភិវឌ្ឍជំនាញថ្មីៗ ដើម្បីទទួលប្រាក់ចំណេញកាន់តែច្រើន និងកាត់បន្ថយភាពក្រីក្រ»៕
Tag:
រោងចក្រ
កាត់ដេរ
ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com