អន្តរជាតិ
កូរ៉េខាងត្បូង សម្រេចចិត្ត​មិន​បញ្ចប់​កិច្ចព្រមព្រៀង​ចែក​ព័ត៌មាន​សម្ងាត់​ជាមួយ​ជប៉ុន​វិញ​
23, Nov 2019 , 2:59 pm        
រូបភាព
​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ប៉ុន្មាន​ម៉ោង​មុន​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​តូ​ក្យូ​អស់​សុពលភាព ទីក្រុង​ទីក្រុង​សេ​អ៊ូ​ល ក៏​បែរជា​ប្រកាស​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ទៀត​។ ការសម្រេចចិត្ត​របស់​សេ​អ៊ូ​ល បាន​ស្រោចស្រង់​កិច្ចព្រមព្រៀង​ព័ត៌មាន​សន្តិសុខ​យោធា​ទូទៅ (GSOMIA) ដែលជា​កិច្ចព្រមព្រៀង​ផ្ដល់ព័ត៌មាន​សម្ងាត់​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​អ្នកជិតខាង​ទាំងពីរ និង​អាមេរិក ខណៈដែល​ការប្រឈមមុខ​ជាមួយ​កូរ៉េខាងជើង​កើនឡើង​។​

 
​កិច្ចព្រមព្រៀង​ព័ត៌មាន​សន្តិសុខ​យោធា​ទូទៅ (GSOMIA) រវាង​កូរ៉េខាងត្បូង និង​ជប៉ុន នឹង​ត្រូវអស់​សុពលភាព​នៅ​ពាក់​កណ្ដាលយប់​ថ្ងៃទី​២២ ខែវិច្ឆិកា​។ ទំនាស់​ប្រវត្តិសាស្ត្រ​ដែល​នាំ​ឲ្យ​ផ្ទុះ​ការ​រឹតត្បិត​ផ្នែក​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ បានធ្វើ​ឲ្យ​កិច្ចព្រមព្រៀងសម្ងាត់​ដ៏​សំខាន់​នេះ ឈានដល់​ដង្ហើមចុងក្រោយ​។ ពីដំបូង កូរ៉េខាងត្បូង​ប្រកាសថា ខ្លួន នឹងមិន​បន្ត​សុពលភាព​ដល់​កិច្ចព្រមព្រៀង​នេះ​ទៀតឡើយ បើ​ជប៉ុន​មិន​ដក​ការ​រឹតត្បិត​របស់ខ្លួន​ទេនោះ​។​
 
​ប៉ុន្តែ​បន្ទាប់ពី​មានការ​ចរចា​ការទូត​នៅពេល​ចុងក្រោយ កូរ៉េខាងត្បូង​ក៏​ប្ដូរ​ចិត្ត​វិញ​។ ៦​ម៉ោង​មុន​កិច្ចព្រមព្រៀង​អស់​សុពលភាព សេ​អ៊ូ​ល​ប្រកាស​ផ្អាក​ការ​អស់​សុពលភាព​នៃ​កិច្ចព្រមព្រៀង​នេះ ដោយមាន​ភ្ជាប់​លក្ខខណ្ឌ​។ អនុប្រធាន​ការិយាល័យ​ក្រុមប្រឹក្សា​សន្តិ​ជាតិ​កូរ៉េខាងត្បូង Kim You-geun និយាយថា កូរ៉េខាងត្បូង​នៅតែ​អាច​ផ្អាក​កិច្ចព្រមព្រៀង​នេះ​គ្រប់ពេល​។ លោក​បន្តថា រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ក៏​យល់​ពី​បញ្ហា​នេះ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​ទន្ទឹមនឹង​ការផ្អាក​ការបញ្ចប់​កិច្ចព្រមព្រៀង​ព័ត៌មាន​សម្ងាត់ សេ​អ៊ូ​ល ក៏​ផ្អាក​ដំណើរការ​ញ្ញត្តិ​តវ៉ា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ពាក់ព័ន្ធ​ការ​រឹតត្បិត​ការនាំចេញ​ទៅកាន់​កូរ៉េខាងត្បូង​ដោយ​ជប៉ុន ដោយ​ភាគី​ទាំងពីរ​បន្ត​ចរចា​លើ​គោលនយោបាយ​របស់​ជប៉ុន​ទៀត​។ បើតាម​លោក Kim សេ​អ៊ូ​ល និង​តូ​ក្យូ ឯកភាពគ្នា​ឲ្យ​ក្រុម​ចរចា​ថ្នាក់​ក្រុមការងារ​បន្ត​ការចរចា​ទៀត​ដើម្បី​ស្វែងរក​ច្រកចេញ​។ 
 
​ការផ្អាក​ដោយមាន​លក្ខ​ខណ្ឌ​លើ​កិច្ចព្រមព្រៀងសម្ងាត់ និង​ដំណើរការ​នៅ WTO នឹង​ផ្ដល់ឱកាស​ឲ្យ​ភាគី​ទាំង​ជជែក​ពី​បញ្ហាសំខាន់​ដែល​មិនត្រូវ​គ្នា​ដូចជា​ទំនាស់​ពាណិជ្ជកម្ម និង​ប្រវត្តិសាស្ត្រ​រឿង​តុលាការ​កូរ៉េខាងត្បូង​ឲ្យ​ជប៉ុន​សង​សំណង​ពលករ​កូរ៉េខាងត្បូង​ដែល​ដើមចម​សំខាន់​នៃ​បញ្ហា​។ សេ​អ៊ូ​ល និង​តូ​ក្យូ កំពុង​ញាប់​ដៃជើង​ដើម្បី​រៀបចំ​ជំ​ន​បួ​ប្រមុខ​ការទូត​នៅ​ទឹកដី​ជប៉ុន ហើយ​បើ​ការចរចា​ល្អ ជំនួប​ថ្នាក់ដឹកនាំ​ក៏​អាច​កើតឡើង​ផងដែរ​។​
 
​ឯ​ទីក្រុង​តូ​ក្យូ​វិញ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន តា​រ៉ូ កូ​ណូ និយាយថា ការសម្រេចចិត្ត​របស់​កូរ៉េខាងត្បូង ជា​រឿង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ហើយ​សេ​អ៊ូ​ល​ត្រូវ​បន្ត​កិច្ចព្រមព្រៀង​នេះ​ដោយ​អាកប្បកិរិយា​ម៉ឺងម៉ាត់​។ ចំណែក​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ វិញ ចាត់ទុក​កិច្ចពិភាក្សា​ត្រីភាគី​ជប៉ុន​-​កូរ៉េខាងត្បូង​-​អាមេរិក ជា​រឿង​សំខាន់ ហើយ​ថា ការសម្រេចចិត្ត​ខាងលើ​របស់​សេ​អ៊ូ​ល កើតចេញពី​គំនិត​យុទ្ធសាស្ត្រ​តែម្ដង​៕   
 
 

Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com