ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន លុបគម្រោងទៅប្រជុំនៅកូរ៉េ ព្រោះម្តាយក្មេកឈឺធ្ងន់
× សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសលើទំព័រហ្វេសប៊ុកថា មិនបានទៅចូលរួមកិច្ចប្រជុំអាស៊ាន-កូរ៉េ និងកិច្ចប្រុំមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូងនោះទេ ដោយសារតែម្តាយក្មេក កំពុងស្ថិតក្នុងការង្រ្គោះបន្ទាន់ និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ កិច្ចប្រជុំទាំងពីរនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
តាមសំណេរលើទំព័រហ្វេសប៊ុក នៅម៉ោងប្រហែល១រសៀល ថ្ងៃទី២៣ ខែវិច្ឆិកានេះ សម្តេចនាយករដ្ឋមន្រ្តី បានសរសេរដូច្នេះថា៖«ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និង ឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ...»។
សម្តេចនាយករដ្ឋមន្រ្តី សរសេរបន្តថា៖«ខ្ញុំ ក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយខ្ញុំ...។ សុំការយោគយល់សម្រាប់កម្មវិធីការងារមួយចំនួនផ្សេងទៀត ដែលនឹងត្រូវលុបចោល ដើម្បីផ្តល់លទ្ធភាពឲ្យខ្ញុំ រួមជាមួយភរិយានិងក្រុមគ្រួសារ ដើម្បីធ្វើបុណ្យជូនអ្នកមានគុណ ជាការជូនដំណើរចុងក្រោយដែលគ្មានថ្ងៃវិលត្រឡប់ សម្រាប់អ្នកម្តាយជាទីគោរពស្រឡាញ់»។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស នឹងធ្វើជាតំណាងរបស់សម្តេចនាយករដ្ឋមន្រ្តី សម្រាប់ចូលរួមកិច្ចប្រជុំនៅកូរ៉េ៕
Tag:
ហ៊ុន សែន
ម្តាយក្មេក
© រក្សាសិទ្ធិដោយ thmeythmey.com