ជាតិ
ការលះបង់ និងអនុស្សាវរីយ៍ព្រះរៀម បុប្ផាទេវី ស្ថិតជាប់ក្នុងចិត្តគ្រូសិល្បៈបុរាណ គ្មានថ្ងៃបំភ្លេច
× ភ្នំពេញ៖ គ្រូសិល្បៈបុរាណដែលធ្លាប់ហាត់របាំជាមួយសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី និងធ្លាប់បានដង្ហែព្រះអង្គទៅសម្ដែងសិល្បៈថ្នាក់ជាតិនិងអន្តរជាតិ ទាំងក្នុងប្រទេសនិងក្នុងប្រទេស បានរំលឹកពីព្រះគុណរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះរាជហឬទ័យ ព្រះបញ្ញា និងព្រះរាជទ្រព្យ ដើម្បីថែរក្សានិងលើកតម្កើងសិល្បៈវប្បធម៌ជាតិ តាំងពីព្រះអង្គមានព្រះជន្ម៥ព្រះវស្សា រហូតដល់ថ្ងៃព្រះអង្គសុគត ទាំងក្ដុកក្ដួល។
ក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គ្រូបង្រៀនសិល្បៈបុរាណចម្រុះជំនាញ រួមទាំងសិល្បករសិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរៀម កាលពីថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។ ការលះបង់ និងអនុស្សារីយ៍ព្រះរៀម បុប្ផាទេវី ដើម្បីរបាំព្រះរាជទ្រព្យ និងសិល្បៈបុរាណនោះ ស្ថិតជាប់ក្នុងចិត្តគ្រូសិល្បៈបុរាណ ដោយគ្មានថ្ងៃបំភ្លេចឡើយ។
កម្មវិធីមានការថ្លែងពីព្រះគុណបំណាច់របស់សម្ដេចព្រះរៀម ចំពោះសិល្បៈវប្បធម៌ជាតិដោយលោកព្រឹទ្ធាចារ្យ ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទាំងអួលដើមកនៅពេលដែលលោកអានដល់ ព្រះរាជកិច្ចដែលព្រះអង្គមិនទាន់បានបញ្ចប់។ ឃ្លានេះបានធ្វើឱ្យ សិល្បករសិល្បៈការិនី ប្រមាណជាង១០០នាក់ ដែលខំសង្រួមចិត្តគោរពព្រះវិញ្ញាណក្ខន្ធ ស្រស់ទឹកភ្នែកដោយមិនដឹងខ្លួន។
សូមបញ្ជាក់ថា ព្រះសពសម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី «ទេពនាដវដ្ដីឯក» នឹងត្រូវបូជានៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៩៕
Tag:
សិល្បៈ
គ្រូសិល្បៈ
របាំ
វប្បធម៌
សម្តេចព្រះរាម
បុប្ផាទេវី
ព្រះសព
© រក្សាសិទ្ធិដោយ thmeythmey.com