ជាតិ
ក្រសួងបរិស្ថាន៖ ការអភិវឌ្ឍអេកូទេសចរណ៍ គឺជួយកសាងសេដ្ឋកិច្ចមូលដ្ឋាននិងការពារធនធានធម្មជាតិ រូបភាពពីទំព័រហ្វេសប៊ុករបស់លោក សាយ សំអាល់
× ភ្នំពេញ៖ ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងទេសចរណ៍ ជំរុញឲ្យមានការអភិវឌ្ឍអេកូទេសចរណ៍នៅកម្ពុជា ដើម្បីកិច្ចការពារធនធានធម្មជាតិ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងផ្ដល់សិទ្ធិអំណាចឲ្យពលរដ្ឋជាអ្នកសម្រេចចិត្ត លើកិច្ចការអភិវឌ្ឍមូលដ្ឋាន។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្រី្តក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅថ្ងៃទី១៩ខែវិច្ឆិកា។
រដ្ឋមន្រី្តក្រសួងបរិស្ថានបានលើកឡើងថា ការអភិវឌ្ឍអេកូទេសចរណ៍ គឺជាយន្តការសម្រាប់ការអភិវឌ្ឍ ការពារធនធានធម្មជាតិប្រកបដោយប្រសិទ្ធិភាព និងផ្ដល់ឱកាសឲ្យពលរដ្ឋនៅតាមមូលដ្ឋានអាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត ក៏ដូចជាផ្ដល់សិទ្ធអំណាចឲ្យពលរដ្ឋតាមមូលដ្ឋាន (Local Empowerment)។ ប្រជាពលរដ្ឋ អាចទទួលបានផលប្រយោជន៍ ដោយផ្ទាល់ពីទេសចរណ៍តាមការសម្រេចចិត្តក្នុងការអភិវឌ្ឍមូលដ្ឋាន ដែលនេះជាការបង្កើនកម្រិតជីវភាពនិងចូលរួមកាត់បន្ថយភាពក្រីក្រ រួមទាំងការធ្វើចំណាកស្រុក។
លោក សាយ សំអាល់ បានបញ្ជាក់ឲ្យដឹងថា តាមការសង្កេតប្រជាសហគមន៍ នៅតាមសហគមន៍អេកូទេសចរណ៍បានចាប់ផ្ដើមទទួលផលប្រយោជន៍សេដ្ឋកិច្ច ហើយឈប់ប្រកបមុខរបរខុសច្បាប់ ឬអាជីវកម្មបំផ្លាញធនធានធម្មជាតិ។ ពលរដ្ឋដែលធ្លាប់បរបាញ់សត្វ កាប់បំផ្លាញពញព្រៃឈើ នឹងងាកមកធ្វើជាមគ្គទេ្ទសក៍នាំភ្ញៀវ លក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ ដឹកភ្ញៀវដើកម្សាន្ត បើកផ្ទះសំណាក់ និងចូលរួមកម្មវិធីផ្សេងៗ។ កត្តាទាំងនេះ គឺចូលរួមការពារ និងជាអ្នកល្បាតព្រៃក្នុងសហគមន៍សម្រាប់ការអភិវឌ្ឍយូរអង្វែង។
ទន្ទឹមនឹងនេះ ចំណូលពីទេសចរណ៍មួយចំនួនត្រូវបានដាក់បញ្ជូលក្នុងមូលនិធិសហគមន៍ សម្រាប់ចំណាយលើកគម្រោងថែទាំ ជួសជុលសម្ភារៈបម្រើដល់សេវាកម្មទេសចរណ៍ អ្នកល្បាតក្នុងសហគមន៍ រួមទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍។ ក្រោយពីបានយល់អំពីសារៈសំខាន់នៃធនធានធម្មជាតិ ពលរដ្ឋដែលជាអ្នកប្រមាញ់និងអ្នកកាប់ឈើ បានលះបង់មុខរបរទាំងនោះ ងាកមកចូលរួមក្នុងសកម្មភាពអេកូទេសចរណសហគមន៍និងចូលរួមដល់ការការពារ ដើម្បីទទួលបានផលបានយូរអង្វែងទាំងពេលបច្ចុប្បន្ន និងទាំងអនាគត។ តាមរយៈសហគមន៍នេះ បានអភិវឌ្ឍន៍នូវធនធានមនុស្ស និងចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតូចៗ ក្នុងសហគមន៍ជាបន្តបន្ទាប់។
ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍មានគោលដៅក្នុងការអភិវឌ្ឍអេកូទេសចរណ៍នៅកម្ពុជាក្នុងដំណាក់កាលបច្ចុប្បន្ន និងទៅអនាគត ដោយឈរលើមូលដ្ឋានសំខាន់ៗ៤ គឺកត្តាអំណោយផលនៃសុខសន្តិភាពនិងសុវត្ថិភាព កត្តាសក្តានុពលធម្មជាតិ ដែលមានស្រាប់នៅកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ទៅទិសដៅទេសចរណ៍សំខាន់ៗ និងកត្តាជីវភាពប្រជាជនមានជីវៈក្នុងការធ្វើដំណើរកម្សាន្ត ៕
Tag:
អេកូទេសចរណ៍
ធនធានធម្មជាតិ
ទេសចរណ៍
កាប់ឈើ
© រក្សាសិទ្ធិដោយ thmeythmey.com