កីឡាជាតិ
ជាតិ
វីរកីឡាការិនី កែ ឡេង នឹងត្រូវដំឡើងឋានន្តរស័ក្តិផ្កាយពីរ?
× វីរកីឡាការិនី កែ ឡេង អាចត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ត្រី (ផ្កាយ១) ទៅជាឧត្តមសេនីយ៍ទោ (ផ្កាយ២) ក្រោយឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជននិងស្ត្រី។ មិនទាន់ដឹងយ៉ាងណានោះឡើយ តែសម្រាប់ជ័យជម្នះដ៏ធំធេងនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរសារអបអរសាទរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ។
វីរកីឡាការិនី កែ ឡេង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដំឡើងឋានន្តរស័ក្តិជាបន្តបន្ទាប់ ក្រោយសាងភាពល្បីល្បាញជូនជាតិនៅលើឆាកអន្តរជាតិ។ ជាក់ស្តែងក្រោយឈ្នះមេដាយមាសពិភពលោកនៅបារាំង កាលពីឆ្នាំ២០១៣ កីឡាការិនីរូបនេះ ត្រូវបានដំឡើងឋានន្តរស័ក្តិពីអនុសេនីយ៍ទោទៅជាអនុសេនីយ៍ឯកនៅក្នុងក្របខណ្ឌក្រសួងការពារជាតិ។ នៅឆ្នាំ២០១៥ លោកស្រី កែ ឡេង ត្រូវបានដំឡើងឋានន្តរស័ក្តិពីអនុសេនីយ៍ឯកទៅវរសេនីយ៍ត្រី ក្រោយដណ្តើមបានមេដាយមាសពិភពលោកនៅថៃ។
បន្ទាប់មកកីឡាការិនីវ័យ៥៧ឆ្នាំរូបនេះ ត្រូវបានដំឡើងឋានន្តរស័ក្តិជាវរសេនីយ៍ឯក ក្រោយឈ្នះមេដាយមាសពិភពលោកលើកទី៣នៅប្រទេសចិន និងមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមនៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៧។ អ្វីដែលគួរឲ្យកត់សម្គាល់ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិវីរកីឡាការិនី កែ ឡេង ពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី។
ដូច្នេះបើពុំមានការប្រែប្រួលទេ វីរកីឡាការិនី កែ ឡេង ដែលទើបឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ(Shooting)ក្នុងការប្រកួតជើងឯកពិភពលោកយុវជននិងស្ត្រីនៅកម្ពុជា កាលពីថ្ងៃទី២២ វិច្ឆិកា ទំនងជាអាចត្រូវរាជរដ្ឋាភិបាលពិសេសក្រសួងការពារ៊ជាតិ ដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ត្រី(ផ្កាយមួយ)ទៅជាឧត្តមសេនីយ៍ទោ(ផ្កាយពីរ)។ តែយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាពុំទាន់ចេញលិខិតជាផ្លូវការនៅឡើយទេ។
ភ្លាមៗក្រោយវីរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារលើទំព័រហ្វេសប៊ុក អបអរជាមួយជ័យជម្នះ ដែលសម្តេចចាត់ទុកជាមោទកភាពជាតិ និងជាប្រវត្តិសាស្ត្រដ៏កម្រនេះ។ ការចាត់ទុកបែបនេះ ដោយសារសម្តេចយល់ថា សមិទ្ធផលនេះវាកើតឡើងក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង និងម្យ៉ាងទៀត កែ ឡេង ជាកីឡាការិនីដំបូងគេបង្អស់ក្នុងពិភពលោក ដែលបានឈ្នះមេដាយមាសពិភពលោក៤ជំនាន់ជាប់គ្នា៕
Tag:
ប៉េតង់
កែ ឡេង
Junior & Women Petanque World Championship
© រក្សាសិទ្ធិដោយ thmeythmey.com