ពីនេះ ពីនោះ
ត្រី​ក្អី ជា​ប្រភេទ​ត្រី​ដែល​មិន​ធ្វើចរាចរ​ផ្លូវ​ឆ្ងាយ និង​មាន​សកម្មភាព​នាពេល​យប់
23, Nov 2019 , 7:19 pm        
រូបភាព
​ត្រី​ក្អី​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
​ត្រី​ក្អី​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ដកស្រង់​ត្រី​មាន​ស្រកា​មួយ​ប្រភេទ​ចេញពី​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org ដែលមាន​រស់នៅក្នុង​អន្លង់​ទឹក​ជ្រៅ និង​តំបន់​ទឹក​ជួរ ក្នុង​ទន្លេមេគង្គ ពិសេស​ក្នុង​តំបន់​ដែលមាន​ថ្ម និង​គ្រួស​។​

 
​ត្រី​ក្អី មានឈ្មោះ​វិទ្យាសាស្ត្រ (Chitala blanci) និង​មានឈ្មោះ​ជា​ភាសា​អង់គ្លេស Indochina featherback មាន​ស្តង់ដា​ប្រវែង​ដងខ្លួន​អតិបរមា ១២០ ស​.​ម​។ ត្រី​ក្អី ជា​ប្រភេទ​ត្រី​ដែល​មិន​ធ្វើចរាចរ​ផ្លាស់​ទី​ផ្លូវ​ឆ្ងាយ​ទេ​។ វា​មាន​សកម្មភាព​នាពេល​យប់​។ វា​ស៊ី​ត្រី​សត្វល្អិត ក្តាម និង​កំពឹស​ជា​អាហារ​។ ត្រី​ក្អី ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Near Threatened) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ងាយ​រងគ្រោះ ដែល​នឹង​អាច​ឈានទៅ​ផុត​ពូជ​បាន​។ 
 
​លក្ខណៈ​សម្គាល់​៖ ក្បាល​ផត មាន​ស្រកា​ល្អិត ព្រុយ​គូទ​វែង ដោយ​ចាប់ផ្តើម​ពី​ព្រុយ​ពោះ​រហូតដល់​ព្រុយ​កន្ទុយ​។ មាន​ស្នាម​អុច និង​មាន​ឆ្នូត​ពណ៌​ខ្មៅ​បញ្ឆិត ចាប់ពី​ពាក់កណ្តាល​ដងខ្លួន​ដល់​ចុងកន្ទុយ​។ ខុសពី​ប្រភេទ​ផ្សេងទៀត​ដែល​ស្ថិតក្នុង​ពួក Chitala លើកលែងតែ​ត្រី​ក្រាយ​ក្របី ដែលមាន​អុច​ខ្មៅ​មូល​ធំ​មួយ​ស្ថិតនៅ​ព្រុយ​ទ្រូង ត្រី​ក្អី​មាន​ស្នាម​អុច​ខ្មៅ​មួយ​នៅ​នឹង​គល់​ព្រុយ​ទ្រូង តាំងពី​វា​នៅ​តូច​ប្រវែង​ដងខ្លួន ៦ ស​.​ម មកម្ល៉េះ ហើយ​ស្នាម​អុច​ខ្មៅ​នេះ ស្ថិតនៅ​ទីនោះ​រហូត​ពេញ​មួយជីវិតរ​ស់វា​។ 
 
​សូម​ចូលរួម​ជួយ​ថែរក្សា​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ពង​កូន​របស់​មច្ឆជាតិ ឲ្យ​បាន​គង់វង្ស និង​ជួយ​លប់បំបាត់​រាល់​ការប្រើប្រាស់​ឧបករណ៍​នេសាទ ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់ ប្រយោជន៍​ដើម្បី​ឲ្យ​ត្រី​គ្រប់​ប្រភេទ​សម្បូរ​ឡើងវិញ សម្រាប់​ទុក​ឲ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​។​

© រក្សាសិទ្ធិដោយ thmeythmey.com