ពីនេះ ពីនោះ
ត្រីក្អី ជាប្រភេទត្រីដែលមិនធ្វើចរាចរផ្លូវឆ្ងាយ និងមានសកម្មភាពនាពេលយប់ ត្រីក្អី។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមដកស្រង់ត្រីមានស្រកាមួយប្រភេទចេញពីប្រភព៖ មគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា, fishbase.org និង iucnredlist.org ដែលមានរស់នៅក្នុងអន្លង់ទឹកជ្រៅ និងតំបន់ទឹកជួរ ក្នុងទន្លេមេគង្គ ពិសេសក្នុងតំបន់ដែលមានថ្ម និងគ្រួស។
ត្រីក្អី មានឈ្មោះវិទ្យាសាស្ត្រ (Chitala blanci) និងមានឈ្មោះជាភាសាអង់គ្លេស Indochina featherback មានស្តង់ដាប្រវែងដងខ្លួនអតិបរមា ១២០ ស.ម។ ត្រីក្អី ជាប្រភេទត្រីដែលមិនធ្វើចរាចរផ្លាស់ទីផ្លូវឆ្ងាយទេ។ វាមានសកម្មភាពនាពេលយប់។ វាស៊ីត្រីសត្វល្អិត ក្តាម និងកំពឹសជាអាហារ។ ត្រីក្អី ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Near Threatened) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីងាយរងគ្រោះ ដែលនឹងអាចឈានទៅផុតពូជបាន។
លក្ខណៈសម្គាល់៖ ក្បាលផត មានស្រកាល្អិត ព្រុយគូទវែង ដោយចាប់ផ្តើមពីព្រុយពោះរហូតដល់ព្រុយកន្ទុយ។ មានស្នាមអុច និងមានឆ្នូតពណ៌ខ្មៅបញ្ឆិត ចាប់ពីពាក់កណ្តាលដងខ្លួនដល់ចុងកន្ទុយ។ ខុសពីប្រភេទផ្សេងទៀតដែលស្ថិតក្នុងពួក Chitala លើកលែងតែត្រីក្រាយក្របី ដែលមានអុចខ្មៅមូលធំមួយស្ថិតនៅព្រុយទ្រូង ត្រីក្អីមានស្នាមអុចខ្មៅមួយនៅនឹងគល់ព្រុយទ្រូង តាំងពីវានៅតូចប្រវែងដងខ្លួន ៦ ស.ម មកម្ល៉េះ ហើយស្នាមអុចខ្មៅនេះ ស្ថិតនៅទីនោះរហូតពេញមួយជីវិតរស់វា។
សូមចូលរួមជួយថែរក្សាព្រៃលិចទឹក ដែលជាជម្រកពងកូនរបស់មច្ឆជាតិ ឲ្យបានគង់វង្ស និងជួយលប់បំបាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទ ដែលត្រូវបានហាមឃាត់ដោយច្បាប់ ប្រយោជន៍ដើម្បីឲ្យត្រីគ្រប់ប្រភេទសម្បូរឡើងវិញ សម្រាប់ទុកឲ្យកូនចៅយើងជំនាន់ក្រោយ។
© រក្សាសិទ្ធិដោយ thmeythmey.com