ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដោយសារ​ធ្លាប់​ពុល​សំរាម លោក ស៊ី​ឡុង យក​សំរាម​ប្លា​ស្ទិ​ក​ទៅ​ច្នៃ​បែប​សិល្បៈ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​
23, Nov 2019 , 7:39 pm        
រូបភាព
​សៀមរាប​៖ លោក រៀម មុនី​ស៊ី​ឡុង គឺជា​វិចិត្រករ​មួយរូប ដែល​ជំនាញ​ខាង​គំនូរ​ផង និង​ឆ្លាក់​រូប​ផង​។ មិន​ត្រឹម​តែមាន​ជំនាញ​បែបនេះ​ទេ លោក ស៊ី​ឡុង ក៏​អាច​យក​សំរាម​ប្លា​ស្ទិ​កមក​កែច្នៃ​បែប​សិល្បៈ​ផ្សេងៗ​ផងដែរ ដោយ​ក្នុងនោះ​រួមមាន ចាប៉ីដងវែង រូប​សត្វ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​បានជា​ដើម​។ មូលហេតុ​ដែល​លោក ស៊ី​ឡុង យក​សំរាម​ទាំង​នោះមក​ច្នៃ​ជា​សំរាម​សម្ភារៈ​ផ្សេងៗ​នេះ ដោយសារ​លោក​ចង់បង្ហាញ​ពី​គុណប្រយោជន៍​របស់​សំរាម ក៏ដូចជា​ប្រាប់​ពលរដ្ឋ​ខ្មែរ ឱ្យ​ចេះ​ទុកដាក់ និង​វេច​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។​


 
​ដោយសារ​យល់ដឹង​ពី​បញ្ហា​សំរាម​ប្លា​ស្ទិ​ក និង​ធ្លាប់​រងគ្រោះ​ពុល​ផង​នោះ ទើប​ធ្វើឱ្យ​លោក ស៊ី​ឡុង ចាប់ផ្ដើម​មានគំនិត​កែច្នៃ​សំរាម​ទាំងនោះ ទៅជា​សម្ភារៈប្រើប្រាស់ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់ និង​ផលប៉ះពាល់​នៅក្នុង​បរិស្ថាន និង​សង្គម​។ «​ថ្ងៃមួយ​គ្រួសារ​របស់ខ្ញុំ គាត់​បោស​សំរាម​មុខផ្ទះ ហើយ​ដុត​ទៅ​វា​មាន​សារជាតិ​ប្លា​ស្ទិ​ក ធ្វើឱ្យ​ខ្ញុំ​ពុល​ផ្សែង​សំរាម ឈឺក្បាល​មួយអាទិត្យ​។ ដំបូង​ខ្ញុំ​អត់​ដឹងថា ខ្ញុំ​ពុល​ផ្សែង​សំរាម​ទេ ស្មានតែ​ពុល​ស្អី​ផ្សេង ព្រោះ​ទៅ​ពេទ្យ​(​ពិនិត្យ​) ថា​អត់​មាន​កើត​អ្វី​ទេ​។ (​ដុត​សំរាម​)​លើក​ទី​២ ទើប​ខ្ញុំ​ដឹងថា ខ្លួន​ខ្ញុំ​ពុល​ផ្សែង​សំរាម ដោយសារ​ដៃ​របស់ខ្ញុំ​អាលែកហ្ស៊ី ទើបបាន​ខ្ញុំ​ដឹងថា​ខ្ញុំ​ពុល​ផ្សែង​។ នេះ​ជាការ​អះអាង​របស់លោក ស៊ី​ឡុង​។​
 
​សូម​លោក​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក រៀម មុនី​ស៊ី​ឡុង វិចិត្រករ​សូន ឆ្លាក់ និង​គូររូប ដូចតទៅ​៖



 
​លោក ស៊ី​ឡុង ក៏​ធ្លាប់​បោះបង់ចោល​ការងារ​កែច្នៃ​សំរាម​នេះ​ម្ដង​ហើយ កាលពី​ឆ្នាំ​២០១៤ ដោយសារតែ​កត្តា​ជីវភាព​គ្រួសារ ស្របពេល​ពលរដ្ឋ​មិនឱ្យ​តម្លៃ និង​មិន​គាំទ្រ​នូវ​គំនិត​ខ្លួន​។ តែ​៣​ខែក្រោយ​មក​លោក ក៏​ចាប់ផ្ដើម​ការងារ​នេះ​ម្ដងទៀត បន្ទាប់​ពេល​លោក​គិតថា ការងារ​ជួយ​សង្គម​គឺជា​រឿង​ចម្បង​។ បើតាម​លោក ស៊ី​ឡុង បច្ចុប្បន្ន​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​អាជីវកម្ម​ផ្នែក​សេវាកម្ម​ខ្លះ នៅ​ខេត្តសៀមរាប បាន​ជួយ​គាំទ្រ​ដល់​ការកែច្នៃ​សំរាម​នេះ​។​
 
​កន្លងមក​ចាប៉ីដងវែង ផលិត​ពី​សំបក​ដប​ទឹកបរិសុទ្ធ និង​បំពង់​បឺត មាន​ប្រវែង​ជាង ៦​ម៉ែត្រ ដែល​លោក រៀម មុនី​ស៊ី​ឡុង និង​ក្រុមការងារ​៣​នាក់​ទៀត បាន​ចំណាយពេល​ដំឡើង​រយៈពេល​មួយខែ​ពេញ​។ ចាប៉ីដងវែង​នោះ ត្រូវបាន​ផ្គុំ​ចេញពី​សំបក​ដប​ទឹក​សុទ្ធ​ចំនួន ៦,០០០ និង​បំពង់​បឺត​ចំនួន ១៦,០០០ ដែល​ដំឡើង​យ៉ាង​ល្អិតល្អន់​បំផុត​៕
 

Tag:
 រៀម មុនី​ស៊ី​ឡុង​
  សិល្បៈ​
  សំរាម​ប្លា​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com