កីឡាជាតិ
ជាតិ
Mobile Legends ដែលហ្វីលីពីនដាក់ឲ្យប្រកួតនៅស៊ីហ្គេមឆ្នាំនេះ កំពុងពេញនិយមនៅកម្ពុជា
23, Nov 2019 , 10:25 pm        
រូបភាព
ដោយ:
Mobile Legends: Bang Bang គឺជាវិញ្ញាសាមួយនៃកីឡាអេឡិចត្រូនិក ដែលម្ចាស់ផ្ទះហ្វីលីពីនដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំនេះ កំពុងមានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា។ ជាក់ស្តែងក្នុងកម្មវិធី Water Festival X MLBB កន្លងទៅ បានទាក់ទាញអ្នកចូលរួមជាង១៥,០០០នាក់ និងជាង១លាននាក់បានទស្សនាការផ្សាយផ្ទាល់តាមហ្វេសប៊ុក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។



កីឡាអេឡិចត្រូនិកលើវិញ្ញាសា Bobile Legends: Bang Bang មិនត្រឹមតែមានការពេញនិយមនៅលើពិភពលោកប៉ុណ្ណោះទេ តែវាក៏កំពុងមានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់យុវវ័យនៅកម្ពុជា។ វាកំពុងក្លាយជាឧបករណ៍ក៏មានប្រសិទ្ធិភាព ក្នុងការកែភាពអផ្សុករបស់យុវជនមួយចំនួន។ យើងសង្កេតឃើញយុវជនមួយចំនួន តែងតែចំណាយពេលវេលាទំនេរពីការសិក្សា ឬធ្វើការ ដើម្បីលេងកីឡានេះក្នុងការបំបាត់ភាពធុញថប់។

បើតាមលោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា កីឡា E-Sport ជាប្រភេទកីឡាជំនួយស្មារតី ព្រោះវាជួយបង្កើនការគិតរបស់យុវជន និងធ្វើឲ្យពួកគេមានស្មារតីរហ័សរហួន។ លើសពីនេះ វាជួយបង្រៀនឲ្យយុវជនចេះរួបរួមសាមគ្គីគ្នា និងធ្វើការងារជាក្រុមបានល្អទៀតផង ព្រោះកីឡាអេឡិចត្រូនិកភាគច្រើនប្រកួតជាក្រុម។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា កាលពីពេលកន្លងទៅថ្មីៗ បានរៀបចំកម្មវិធីមួយមានឈ្មោះថា Water Festival X MLBB ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេល៣ថ្ងៃនេះ ការប្រកួតកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang បានទាក់ទាញយុវជនជាង១៥,០០០នាក់ ឲ្យចូលរួមប្រកួតប្រជែង។ វាបានក្លាយជាវេទិការមួយក្នុងការផ្តល់ឱកាសឲ្យយុវជនបានសាកល្បងថ្វីដៃ បង្កើនសមត្ថភាព ចំណងសាមគ្គីភាពប្រដោយភាពសប្បាយរីករាយ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺអ្នកគាំទ្រជាង១លាននាក់បានទស្សនាការផ្សាយផ្ទាល់របស់ទំព័រហ្វេសប៊ុក MLBB ដែលបង្កើតជាកំណត់ត្រាថ្មីរបស់សហព័ន្ធ។

Mobile Legends: Bang Bang ជាវិញ្ញាសាមួយដែលម្ចាស់ផ្ទះហ្វីលីពីនដាក់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំនេះលើប្រភេទកីឡាអេឡិចត្រូនិក។ កម្ពុជា ក៏នឹងបញ្ជូនកីឡាករខ្លួនឲ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះផងដែរ៕

Tag:
 E-Sports
  Mobile Legends: Bang Bang
© រក្សាសិទ្ធិដោយ thmeythmey.com