ជាតិ
សមាជិកគ្រួសារ​បុគ្គលិក​ស្ថានទូត​អាមេរិកាំង ទទួល​រង្វាន់​ចំពោះ​សកម្មភាព​ស្ម័គ្រចិត្ត​ក្នុងប្រទេស​កម្ពុជា​
24, Nov 2019 , 7:59 pm        
រូបភាព
អ្នកស្រី Jennifer Yan ជយលាភី​រង្វាន់ SOSA (The Secretary of State Award for Outstanding Volunteerism Abroad) ​នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)
អ្នកស្រី Jennifer Yan ជយលាភី​រង្វាន់ SOSA (The Secretary of State Award for Outstanding Volunteerism Abroad) ​នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ សមាជិកគ្រួសារ​និង​អតីត​បុគ្គលិក​ស្ថានទូត​អាមេរិកាំង​ប្រចាំ​កម្ពុជា​ម្នាក់ គឺ​អ្នកស្រី ជែ​នី​ហ្វ​រ យ៉ាន (Jennifer Yan) ត្រូវបាន​ជ្រើសរើស​សម្រាប់​រង្វាន់ SOSA ដែល​គាំទ្រ​ដោយ​ក្រសួងការបរទេស​អាមេរិក ដោយសារ​សកម្មភាព​ស្ម័គ្រចិត្ត​ដ៏​ឆ្នើម​របស់​អ្នកស្រី ក្នុងការ​ចូលរួម​ជួយ​សហគមន៍​ក្នុងប្រទេស​កម្ពុជា​។​




 
​អ្នកស្រី យ៉ាន គឺជា​ជ័យលាភី​ម្នាក់​ក្នុងចំណោម​៥​នាក់​ដែល​ទទួលបាន​រង្វាន់រ​ដ្ឋ​មន្ត្រី​ការបរទេស​អា​មេ​រិ​ក​សម្រាប់​អ្នកស្ម័គ្រចិត្ត​ឆ្នើម​ក្រៅប្រទេស ហៅ​កាត់​ថា SOSA (Secretary of State Award for Outstanding Volunteerism Abroad) ប្រចាំឆ្នាំ​២០១៩​នេះ​។​
 



អ្នកស្រី ​Jennifer Yan ជយលាភី​រង្វាន់​SOSA ឈរ​ជាមួយ​ជយលាភី​ពី​ប្រទេស​ផ្សេងៗ​ទៀត​ នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)
 
​ជ័យលាភី​៤​នាក់​ទៀត​គឺជា​អតីត​សមាជិក​ក្រុមគ្រួសារ​បុគ្គលិក​ក្រសួងការបរទេស​អាមេរិក ដែល​ត្រូវបាន​បញ្ជូនទៅ​បម្រើ​ការងារ​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត រួមមាន​តង់​ហ្សា​នី អាល្លឺម៉ង់ ម៉ា​រ៉ុ​ក និង​អេក្វាទ័រ​។​
 
​អ្នកស្រី យ៉ាន បាន​មានប្រសាសន៍​នៅក្នុង​បទសម្ភាសន៍​ជាមួយ VOA ក្រោយពី​ពិធី​ប្រគល់​និង​ទទួល​រង្វាន់ SOSA ជា​ផ្លូវការ​នៅឯ​ក្រសួងការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​ទី​២០​ខែវិច្ឆិកា​ថា អ្នកស្រី​មិនដែល​គិតថា​សកម្មភាព​ស្ម័គ្រចិត្ត​របស់​អ្នកស្រី ដើម្បី​ចូលរួម​ជួយ​អ្នកដទៃ​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ប្រកបដោយ​កិត្តិយស​បែបនេះ​ទេ​។​
 
«​ក្នុងពេលដែល​ខ្ញុំ​ចូលរួម​ស្ម័គ្រចិត្ត ខ្ញុំ​គិតថា​គ្មាន​នរណា​មើលឃើញ​ពី​សកម្មភាព​ស្ម័គ្រចិត្ត​របស់​យើង​ទេ ប៉ុន្តែ​តាមពិតទៅ មាន​គេ​ទទួលស្គាល់​និង​សរសើរ​សកម្មភាព​ស្ម័គ្រចិត្ត​នេះ​»
 
​ក្នុងអំឡុងពេល​រស់នៅ​ក្នុងប្រទេស​កម្ពុជា​រយៈ​ពេល​៣​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក បន្ទាប់ពី​ស្វាមី​របស់​អ្នកស្រី​ដែលមាន​ដើមកំណើត​ខ្មែរ ត្រូវបាន​បញ្ជូនទៅ​បម្រើ​ការងារ​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ អ្នកស្រី យ៉ាន ដែលជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​កូរ៉េខាងត្បូង បានធ្វើ​សកម្មភាព​ស្ម័គ្រចិត្ត​ជាច្រើន ដើម្បី​ជួយ​សហគមន៍​។​
 
​សកម្មភាព​ស្ម័គ្រចិត្ត​ទាំងនោះ​រួមទាំង​ការបរិច្ចាគ​ពេលវេលា ម្ហូបអាហារ​និង​សម្ភារៈ​ផ្សេងទៀត​ដល់​អង្គការ​មនុ​ស្ស​ធម៌​និង​អង្គ​ការមិន​រកប្រាក់​កម្រៃ​ក្នុងស្រុក​មួយចំនួន​រួមមាន​អង្គការ​ក្ដីសង្ឃឹម​សម្រាប់​កុមារ​កម្ពុជា (Hope for Cambodian Children) និង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (Cambodian Children's Fund) ជាដើម​។​
 
​អ្នកស្រី យ៉ាន មានប្រសាសន៍ថា​បទពិសោធ​ន៍​ផ្ទាល់ខ្លួន​ក្នុងនាម​ជា​ក្មេង​កំព្រា​ម្នាក់​ដែល​ត្រូវបាន​គេ​យកមក​ចិញ្ចឹម​ក្នុង​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ​១៩៨៥ ធ្វើឱ្យ​អ្នកស្រី​យល់​ពី​គុណ​តម្លៃ​នៃ​ការចូលរួម​ជួយ​អ្នកដទៃ​ដោយ​ស្ម័គ្រចិត្ត ដោយ​មិន​គិតពី​ការ​តបស្នង​សងគុណ​អ្វី​ទាំងអស់​។​
 
«​ពេញ​មួយជីវិត​របស់ខ្ញុំ ខ្ញុំ​តែងតែ​ទទួល​អ្វីមួយ​ពី​គេ​។ ដោយសារ​ខ្ញុំ​ធំ​ដឹងក្ដី​ក្នុង​មណ្ឌល​កុមារកំព្រា ខ្ញុំ​ដឹង​ពី​អារម្មណ៍​នៃ​ការទទួល​អ្វីមួយ​ដែល​គេ​ឱ្យ​នេះ​ច្បាស់​ណាស់​»​។​


ទិដ្ឋភាព​ទូទៅ​ក្នុង​ពិធី​ផ្តល់​រង្វាន់ SOSA (The Secretary of State Award for Outstanding Volunteerism Abroad) នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)
 
​រង្វាន់​SOSA ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩០ ដោយមាន​ការលើកទឹកចិត្ត​និង​ការគាំទ្រ​ដោយផ្ទាល់​ពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​នៅពេលនោះ​គឺ​លោក James A. Baker និង​ភរិយា​របស់លោក​គឺ​អ្នកស្រី Susan Baker​។ នេះ​បើ​ផ្អែក​តាម​អង្គការ​តំណាង​ក្រុមគ្រួសារ​បុគ្គលិក​ក្រសួងការបរទេស​អាមេរិក​ដែល​ត្រូវបញ្ជូន​ទៅធ្វើ​ការងារ​នៅតាម​បេសកកម្ម​ទូត​នានា​នៅ​ជុំវិញ​ពិភពលោក ហៅ​កាត់​ថា AAFSW (Associates of the American Foreign Service Worldwide) ។​
 
​អង្គ​ការដែល​មិន​រកប្រាក់​កម្រៃ​នេះ ផ្ដល់​រង្វាន់ SOSA ប្រចាំឆ្នាំ ដើម្បី​ទទួលស្គាល់​ការ​ខំប្រឹងប្រែង​ចូលរួម​ធ្វើ​សកម្មភាព​ស្ម័គ្រចិត្ត​ដ៏​លេចធ្លោ​បំផុត​របស់​បុគ្គលិក​និង​ក្រុមគ្រួសារ​បុគ្គលិក​នៃ​ក្រសួងការបរទេស​អាមេរិក​ដែល​ត្រូវ​បញ្ជូនទៅ​បម្រើ​ការងារ​នៅក្រៅ​ប្រទេស​។​
 
​ចាប់តាំងពី​ការកកើត​ឡើងមក រង្វាន់ SOSA​នេះ ត្រូវបាន​ប្រគល់ជូន​បុគ្គលិក​និង​សមាជិកគ្រួសារ​បុគ្គលិក​ចំនួន​១២៥​នាក់​នៃ​ស្ថាន​បេសកកម្ម​ការទូត​ក្រៅប្រទេស​ជាង​១៣០​ហើយ​។ អ្នក​ដែល​ទទួលបាន​រង្វាន់​នេះ បានបង្ហាញ​ពី​ការតាំង​ចិត្ត​និង​គំនិត​ច្នៃប្រឌិត​ដ៏​ឆ្នើម ក្នុង​ការជួយ​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ជីវភាព​រស់នៅ​របស់​អ្នកដទៃ​នៅក្នុង​ប្រទេស​ដែល​ពួកគេ​ទៅធ្វើ​ការ​នោះ​។​
 
​អ្នកស្រី Jennifer Yan ដែលជា​អតីត​បុគ្គលិក​ផ្នែក​កិច្ចការ​សាធារណៈ​ក្នុង​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​ដែរនោះ បាន​ផ្ដល់នូវ​និរន្តរភាព​ដោយ​ធានាថា​ស្ថានទូត​នៅតែ​បន្ត​ធ្វើការ​ជាមួយ​អង្គការ​មនុស្សធម៌​និង​អង្គ​ការមិន​រកប្រាក់​កម្រៃ​ដែល​អ្នកស្រី​ធ្លាប់​ចូលរួម​ស្ម័គ្រចិត្ត​ជួយ​តទៅទៀត ក្រោយ​ពេលដែល​អ្នកស្រី​បានបញ្ចប់​អាណត្តិ​របស់ខ្លួន​នៅឯ​ស្ថានទូត​ហើយ​វិល​ត្រឡប់មក​សហរដ្ឋអាមេរិក​វិញ​ហើយ​នោះ​។​
 
​ក្រៅពី​ធ្វើ​សកម្មភាព​ស្ម័គ្រចិត្ត​នៅក្រៅ​ស្ថាប័ន​ការងារ​របស់ខ្លួន​ហើយ​នោះ អ្នកស្រី Jennifer Yan ក៏​ជា​បុគ្គលិក​សកម្ម​ម្នាក់​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជួយ​ក្នុងពេល​ស្ថានទូត​មាន​រៀបចំ​ព្រឹត្តិការណ៍​នានា ដូចជា​ការរៀបចំ​អាហារ​ពេលព្រឹក​ក្នុង​រដូវ​បុណ្យ​ណូអែល (Breakfast with Santa) និង​ការគ្រប់គ្រង​ទំព័រ Facebook សម្រាប់​ក្រុមគ្រួសារ​បុគ្គលិក​ស្ថានទូត​ជាដើម​។​
 
​ជា​ម្ដាយ​នៃ​កូន​៤​នាក់ អ្នកស្រី Jennifer Yan ក៏​សកម្ម​ក្នុង​ការចូលរួម​ស្ម័គ្រចិត្ត​ជួយ​សាលារៀន​កូនៗ​របស់​អ្នកស្រី ដោយ​អ្នកស្រី​បានរៀបចំ​បញ្ឈរ​អាមេរិកាំង​នៅឯ​ពិធី​តាំងពិព័រណ៍​នៅ​សាលារៀន​ផងដែរ​។​


អ្នកស្រី Joanna Athanasopoulos Owen ប្រធាន​អង្គការ AAFSW (Associates of the American Foreign Service Worldwide) ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ផ្តល់​រង្វាន់ SOSA (The Secretary of State Award for Outstanding Volunteerism Abroad)​នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)
 
​អ្នកស្រី​បណ្ឌិត Joanna Athanasopoulos Owen ប្រធាន​អង្គការ AAFSW មានប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​VOA​នៅក្រោយ​ពិធី​ប្រគល់​រង្វាន់ SOSA ដល់​ជ័យលាភី​អ្នកស្ម័គ្រចិត្ត​ឆ្នើម​ទាំង​៥​នាក់​ថា រង្វាន់​អ្នកស្ម័គ្រចិត្ត​នេះ ជួយ​ឱ្យ​បុគ្គល​ភ្ញាក់រលឹក ដោយ​គិត​ហួស​ពី​ត្រឹមតែ​ខ្លួនឯង និង​ក្រុមគ្រួសារ​ខ្លួនឯង​។​
 
«​‍​សូម​ស្ម័គ្រចិត្ត​ផ្ដល់​ម្ហូបអាហារ​របស់​អ្នក ស្ម័គ្រចិត្ត​ផ្ដល់​សេចក្ដី​ល្អ​របស់​អ្នក ស្ម័គ្រចិត្ត​ជួយ​ថតរូប​នរណាម្នាក់​ដែល​អ្នក​មិនដែល​ស្គាល់​នៅតាម​ផ្លូវ និង​ស្ម័គ្រចិត្ត​ដើម្បី​ធ្វើឱ្យ​នរណាម្នាក់ មាន​អារម្មណ៍​ថា​អ្នក​ស្វាគមន៍​រូបគេ​នៅក្នុង​ប្រទេស​របស់​អ្នក​ជាដើម​»​។​


អ្នកស្រី Susan Pompeo ភរិយា​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បច្ចុប្បន្ន​លោក Mike Pompeo ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ផ្ដល់​រង្វាន់SOSA (The Secretary of State Award for Outstanding Volunteerism Abroad)​នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)
 
​អ្នកស្រី Susan Pompeo ភរិយា​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ប​ច្ចុ​ប្បន្ន​គឺ​លោក Mike Pompeo មានប្រសាសន៍​នៅក្នុង​ពិធី​ប្រគល់​រង្វាន់ SOSA នេះដែរ​ថា សកម្មភាព​ស្ម័គ្រចិត្ត​ជួយ​អ្នកដទៃ​នេះ មិនមែន​ជួយ​ត្រឹមតែ​អ្នកដទៃ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​ដល់​អ្នកស្ម័គ្រចិត្ត​ខ្លួនឯង​ផងដែរ​។​
 
​អ្នកស្រី Jennifer Yan យល់ស្រប​ចំពោះ​គំនិត​បែបនេះ ដោយមាន​ប្រសាសន៍ថា​វា​គ្មានអ្វី​ខុស​ទាស់​នោះទេ ក្នុងការ​ស្ម័គ្រចិត្ត​ចែករំលែក​ពេលវេលា​និង​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ផ្ដល់​ដល់​អ្នកដទៃ រួមទាំង​អាហារ​របស់ខ្លួន​ផងដែរ​។​
 
«​‍​ពេលដែល​អ្នក​ចែក​ម្ហូប​របស់​អ្នក​ដល់​អ្នកផ្សេង អាហារ​នោះ​កាន់តែ​មានឱជារស​»​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com