ភ្នំពេញ៖ សិល្បៈអារស្ពាន់ដោយដៃដ៏កម្រ ធ្វើជារូបព្រះពុទ្ធបដិមា រូបតួអង្គក្នុងរឿងរាមកេរ្តិ៍ សម្រាប់តាំងលម្អក្នុងផ្ទះ និងរូបជាច្រើនទៀតធ្វើជាបណ្ដោងសោ នៅមិនទាន់មានទីផ្សារទូលំទូលាយនៅឡើយ។ លោក ឈឹម សុវណ្ណវិបុល គឺជាសិល្បករអារស្ពាន់ដោយដៃមួយរូប ដែលមិនជ្រើសរើសការអារស្ពាន់ដោយម៉ាស៊ីន។ ការខំផ្ចិតផ្ដង់អារស្ពាន់ដោយដៃ វាបានផ្សារភ្ជាប់ក្ដីស្រឡាញ់ទៅរបស់ទាំងនោះ នេះជាអ្វីដែលលោក សុវណ្ណវិបុល យល់ថាមានន័យសម្រាប់ជីវិតរបស់លោក។
ដើម្បីដឹងច្បាស់ពីដំណើរការ នៃកិច្ចការសិល្បៈអារស្ពាន់ តទៅនេះសូមស្ដាប់បទយកការណ៍ ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
«ធ្វើការនេះ១០ឆ្នាំមិនមែនស្រួលទេ។ បើការងារច្រើនពិតប្រាកដមែន មិនមែននៅផ្ទះជួលគេទេ។ សូម្បីតែរាល់ថ្ងៃនេះ ក៏នៅដាច់លុយដែរ។ ជីវភាពត្រូវពឹងលើបងប្អូនគាំទ្រហ្នឹង បញ្ជាទិញច្រើន»។ នេះជាអ្វីដែលលោក ឈឹម សុវណ្ណវិបុល ត្អូញត្អែរពីជីវភាពខ្លួន។
ត្រូវគូររូបដោយដៃ បន្ទាប់មកយករូបនោះ ទៅបិទលើសន្លឹកស្ពាន់ ទុកប្រហែល១០នាទី ទើបអាចយកប៊ិចក្រហមទៅដានលើរូប ដែលបានគូរដោយខ្មៅដៃស្រាប់នោះ ដើម្បីឱ្យមានពណ៌ច្បាស់ងាយស្រួលអារ។ សម្ភារអារស្ពាន់របស់លោក សុវណ្ណវិបុល មានត្រឹមតែតុទំហំប្រហែលជិត២ម៉ែត្រការ៉េ១ ញញួរតូច១ ប៊ិចក្រហម១ ខ្មៅដៃ១ ដែកចោះ១ ដងរណារ១ ផ្លែរណារក្រដាស និងស្ពាន់តែប៉ុណ្ណោះ។ ជាការពិត កិច្ចការអារស្ពាន់នេះ ពិតជាមិនងាយស្រួលឡើយ។ រូបកាន់តែតូច ក្បាច់កាន់តែលំអិត ហើយការអារ រឹតតែត្រូវប្រុងប្រយ័ត្នខ្ពស់ថែមទៀត ព្រោះប្រសិនបើមានកំហុស សូម្បីតែតិចតួច រូបមួយផ្ទាំងនោះ នឹងត្រូវឥតការជាមិនខាន។
ការងារលំបាក ត្រូវការពេលយូរទម្រាំធ្វើបានមួយៗ ទីផ្សារក៏មិនទូលាយ ប៉ុន្តែលោក វិបុល នៅតែគាប់ចិត្តនឹងកិច្ចការនេះ។ អង្គុយលើកៅអីនៅចំពោះមុខតុ៤ជ្រុង ដែលមានកាត់ចន្លោះប្រវែងប្រហែលមួយថ្នាំងដៃ ដើម្បីទុកចន្លោះដាក់រណារអារស្ពាន់ លោក ឈឹម សុវណ្ណវិបុល សម្រេចចិត្តចាប់យកជំនាញអារស្ពាន់ ព្រោះតែលោកចប់ថែរក្សាក្បាច់ខ្មែរ ក្នុងទម្រង់មួយដែលមិនសូវមានអ្នកចាប់អារម្មណ៍ធ្វើ៖«ខ្ញុំចង់ធ្វើអ្វីដែលប្លែក ម្យ៉ាងខ្ញុំស្រឡាញ់ក្បាច់ខ្មែរ។ ដំបូងឡើយ បញ្ហាធំបំផុតគឺទីផ្សារ ប៉ុន្តែបច្ចុប្បន្នមិនសូវបញ្ហាទេ»។
ទុកម៉ូដសក់ និងពុកមាត់ដូចសម័យបុរាណ ហើយពាក់អាវសម័យបច្ចុប្បន្នពណ៌ផ្ទៃមេឃ កាត់ជាកមូល បុរសដែលមានស្រុកកំណើតនៅភ្នំពេញរូបនេះ ផលិតរូបស្ពាន់ តែពេលដែលអតិថិជនបញ្ជាទិញតែប៉ុណ្ណោះ មានន័យថា លោកមិនធ្វើរូបទុកឡើយ ព្រោះខ្លាចរូបលក់មិនចេញខាតដើម៖«អតិថិជនមិនសូវប្រញាប់ទេ។ ធម្មតាខ្ញុំបានពិភាក្សាតម្លៃជាមួយអតិថិជនរួចហើយ មុននឹងធ្វើរូប ហើយអតិថិជនគាត់មិនបានត្អូញថាថ្លៃទេ គឺយើងពេញចិត្តតម្លៃរៀងខ្លួន»។
សម្រាប់តម្លៃអាស្រ័យទៅតាមទំហំរូប ក៏ដូចជាក្បាច់ដែលមាននៅលើរូបច្រើនឬក៏តិច ហើយលោក វិបុល ប្រាប់ដូច្នេះ៖«រូបធំ ព្រះពុទ្ធរូប៣០០ដុល្លារ ទាំងអំពូលភ្លើង និងទាំងស៊ុម។ បើរូបតូចៗ ដូចជារូបហនុមាន ៤ម៉ឺនរៀល រូបជ្រូក ៣ម៉ឺនរៀល រូបនាគ ៣ម៉ឺនរៀល»។
ឆ្លើយឆ្លងនឹងខ្ញុំដោយដៃកាន់រណារតែគ្មានចលនា បុរសកូនពៅ ក្នុងចំណោមបងប្អូន៥នាក់រូបនេះ ត្រូវផ្ចិតផ្ចង់បំផុតទៅលើការងាររបស់ខ្លួន។ បើពុំដូចនោះទេ លោកអាចអារខុសគោលដៅ ហើយបើដូច្នោះមែន រូបមួយផ្ទាំងនោះនឹងខូច ហើយមានតែផ្លូវបោះបង់ចោលតែម្យ៉ាង។ អារម្មណ៍ល្អ និងស្ងប់ស្ងាត់ ជាអ្វីដែលអ្នកអារស្ពាន់ វ័យ៣៧ឆ្នាំរូបនេះ ត្រូវការបំផុត ដើម្បីឱ្យប្រាកដថា ការងាររបស់ខ្លួនល្អឥតខ្ចោះ៖«បើចូលអារគឺគិតតែអារតែម្ដង បើអារម្មណ៍មិនល្អ មិនចូលអារទេ។ ពេលអារម្មណ៍មិនល្អ ខ្ញុំចុះទៅស្រាវជ្រាវក្បាច់ នៅតាមវត្តនៅខេត្ត។ ខ្ញុំស្រាវជ្រាវជារបៀបផ្សងព្រេង ឃើញវត្តបុរាណត្រង់ណា ខ្ញុំក៏ចូលត្រង់នោះ»។
បុរសដែលមានម្ដាយវ័យ៨០ឆ្នាំរូបនេះ ទើបតែចេញបាន ៣ម៉ូដតែប៉ុណ្ណោះ សម្រាប់រូបជាបន្តោងសោ ព្រោះលោករវល់ផលិតរូបធំ៖«មានបន្តោងរូបនាគ រូបហនុមាន និងរូបជ្រូក។ ខ្ញុំមិនសូវបានធ្វើរូបតូចទេ ព្រោះខ្ញុំជាប់ធ្វើរូបធំ។ ធម្មតា គេបញ្ជាទិញរូបតូច ច្រើនជាងរូបធំ»។
កន្លែងអង្គុយអារស្ពាន់នៅចំមាត់ទ្វារចូល ព្រោះវាអំណោយផលពន្លឺធម្មជាតិដល់ លោក វិបុល ហើយសិល្បករអារស្ពាន់រូបនេះ មិនជ្រើសរើសអារស្ពាន់ ដោយម៉ាស៊ីនក៏ព្រោះ៖«អារដោយដៃមានការបត់បែន និងរស់រវើកជាងម៉ាស៊ីន»។
រូបផ្ដល់ឱ្យដោយលោក ឈឹម សុវណ្ណវិបុល ម្ចាស់ស្នាដៃ
ជួលផ្ទះនៅក្រោយស្ថានទូតជប៉ុន ដែលមានទទឹង៤ម៉ែត្រ និងបណ្ដោយប្រហែល៣០ម៉ែត្រតម្លៃ៦០ដុល្លារអាមេរិក អ្នកស្រឡាញ់ក្បាច់បុរាណខ្មែររូបនេះ ប្រាប់ពីដើមហេតុដំបូង នៃការចាប់ផ្ដើមការងារអារស្ពាន់៖«ខ្ញុំស្គាល់បងប្រុសម្នាក់ គាត់ផ្ចុងផ្ដើមឱ្យខ្ញុំរៀនគំនូរ។ គាត់ឱ្យខ្ញុំធ្វើការកន្លែងគាត់ផង និងឱ្យទៅរៀនគំនូរផង។ ឆ្នាំ២០០៩ ខ្ញុំបែកគំនិតអារស្ពាន់ ហើយបងប្រុសនោះក៏គាត់គាំទ្រស្នាដៃនេះដែរ។ ធ្វើយូរទៅខ្ញុំកាន់តែស្រឡាញ់ការងារនេះ»។
ធ្លាប់បោះបង់ចោលច្រើនលើក ព្រោះតែកត្តាទីផ្សារ លោក ឈឹម សុវណ្ណវិបុល កាន់តែរកឃើញខ្លួនឯង បន្ទាប់ពីសាកល្បងធ្វើការងារផ្សេងជាច្រើន មិនទទួលបានផ្លែផ្កា និងធ្វើឱ្យជីវិតមានន័យដូចជាការងារសិល្បៈអារស្ពាន់នេះ៖«ការអារស្ពាន់នេះ មិនមែនធ្វើគ្រាន់តែកំដររស់ទេ គឺធ្វើមួយៗចេញពីក្ដីស្រឡាញ់ពិតតែម្ដង។ ខ្ញុំស្រឡាញ់ តាំងពីឃើញក្បាច់ឆ្លាក់នៅតាមវត្តម្ល៉េះ។ ដូនតាធ្វើមកមួយៗចេញពីក្ដីស្រឡាញ់ បន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។ខ្ញុំក៏ដូចគ្នាដែរ»។
ទោះជាយ៉ាងណាលោក វិបុល ចង់ចែករំលែកចំណេះរបស់ខ្លួនដោយមិនគិតថ្លៃ ដល់អ្នកដែលមានចង់រៀនជំនាញអារស្ពាន់ពីលោក៖«ខ្ញុំចង់បានសិស្សដែរ។ ខ្ញុំចង់ចែករំលែកដល់អ្នកដែលចង់រៀនជំនាញនេះ ដោយមិនគិតថ្លៃទេ។ ទៅមុខខ្ញុំចង់បើកជាហាងលក់ ប៉ុន្តែខ្ញុំត្រូវព្យាយាមខ្លាំងទៀត»៕