ស៊ី​ហ្គេម​៖ ក្រុមបាល់ទាត់​ក្នុង​ពូ​ល​ជាមួយ​ហ្វីលីពីន សុទ្ធតែ​ជួប​បញ្ហា​តាំងពី​ព្រលានយន្តហោះ​
កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ ក្រុមបាល់ទាត់​ក្នុង​ពូ​ល​ជាមួយ​ហ្វីលីពីន សុទ្ធតែ​ជួប​បញ្ហា​តាំងពី​ព្រលានយន្តហោះ​
24, Nov 2019 , 11:59 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ចំនួន​៤ ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន បាន​ជួប​បញ្ហា​បន្តបន្ទាប់​ពេលទៅដល់​ហ្វីលីពីន​។ បញ្ហា​ផ្នែក​បដិសណ្ឋារកិច្ច ធ្វើ​ឲ្យ​ហ្វីលីពីន​រង​ការរិះគន់​យ៉ាងខ្លាំង​។

 
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើស​កម្ពុជា ទី​ម័​រ​ខាងកើត ថៃ និង​មី​យ៉ាន់​ម៉ា សុទ្ធតែ​ជួប​បញ្ហា​ទាំងអស់​បន្ទាប់ពី​ទៅដល់​ទឹកដី​ហ្វីលីពីន​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​ដើម្បី​ប្រកួត​លើ​វិញ្ញាសា​បុរស​។ ក្រុម​ជម្រើស​ទី​ម័​រ​ខាងកើត ត្រូវ​រង់ចាំ​នៅ​ព្រលានយន្តហោះ​ជិត​បី​ម៉ោង មុននឹង​ឡាន​របស់​ពួកគេ​មកដល់​។ កាន់តែ​ហួសចិត្ត​នោះ ឡាន​ដឹក​កីឡាករ​ទី​ម័​រ ទៅ​ខុស​សណ្ឋាគារ​ទៅទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ហ្វីលីពីន Manila Bulletin ។​
 
​ចំណែក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ហ្វីលីពីន​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ក៏​ជួប​បញ្ហា​ពេលទៅដល់​ដែរ​។ ខុសពី​ទី​ម័​រ ក្រុម​កម្ពុជា ត្រូវ​រង់ចាំ​យ៉ាងយូរ​នៅឯ​សណ្ឋាគារ មុននឹង​អាច​ចូលក្នុង​បន្ទប់​សម្រាក​បាន​។ ក្នុង​រូបភាព​ដែល​ផ្សាយ​ដោយ Manila Bulletin កីឡាករ​កម្ពុជា បាន​ដេក​លើ​កម្រាល​នៃ​សណ្ឋាគារ​របស់​ពួកគេ ដើម្បី​ចាំ​ចូល​បន្ទប់​សម្រាក​។  
 
​ឯ​ក្រុម​មី​យ៉ាន់​ម៉ា​វិញ បាន​ត្អូញត្អែរ​ពី​ការរង់ចាំ​យូរ​នៅ​ព្រលានយន្តហោះ Ninoy Aquino ។ មី​យ៉ាន់​ម៉ា​ក៏​មិន​ពេញចិត្ត​រថយន្ត​ដឹក​កីឡាករ​ដែលមាន​ទំហំ​តូច ពិបាក​ដល់​កីឡាករ​ពួកគេ​។​
 
​ម្ចាស់​ការពារ​មេដាយមាស​ដំរី​សឹក​ថៃ​វិញ ក៏​ប្រទះ​បញ្ហា​ដែរ​។ បើតាម Rappler ក្រុម​ថៃ​ត្អូញត្អែរ​ពី​ការខ្វះខាត​បន្ទប់ ដែល​បង្ខំ​ឲ្យ​កីឡាករ​ពួកគេ​បីនាក់​ត្រូវ​សម្រាក​ក្នុង​បន្ទប់​សម្រាប់​មនុស្ស​ពីរ​នាក់​។ ថៃ​ក៏ត្រូវ​បង្ខំចិត្ត​លុបចោល​ការហ្វឹកហាត់​រប​ស់​ខ្លួន​ផងដែរ ព្រោះ​ទីលាន​ហ្វឹកហាត់​នៅ​ចម្ងាយ​ដល់​ទៅ​៣៨​គីឡូម៉ែត្រ​ពី​សណ្ឋាគារ​។ ចម្ងាយ​នេះ គេ​ត្រូវ​ចំណាយពេល​ធ្វើដំណើ​រយ៉ា​ង​ហោចណាស់​ក៏​ពីរ​ម៉ោង​ដែរ​។ ជំនួស​មកវិញ កីឡាករ​ថៃ​ត្រូវ​ហ្វឹកហាត់​នៅក្បែរ​សណ្ឋាគារ​ពួកគេ​។​
 
​វិញ្ញាសា​កីឡាបាល់ទាត់ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​នៅ​កីឡដ្ឋាន Rizal Memorial Complex ។ មកទល់ពេលនេះ កីឡដ្ឋាន​នេះ ស្ថិតក្រោម​ការកែលម្អ​នៅឡើយ​៕

Tag:
 ហ្វីលីពីន​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com