អន្តរជាតិ
ហុងកុង រៀបចំ​ការបោះឆ្នោត​លើកដំបូង​ក្រោយ​ផ្ទុះ​បាតុកម្ម​
24, Nov 2019 , 2:09 pm        
រូបភាព
ពលរដ្ឋហុងកុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក។ រូបភាព AFP
ពលរដ្ឋហុងកុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក។ រូបភាព AFP
​ពលរដ្ឋ​ហុងកុង នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា បាននាំគ្នា​ទៅកាន់​មណ្ឌលបោះឆ្នោត​នានា​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​របស់​ទីក្រុង​ហិរញ្ញវត្ថុ​ដែល​កំពុង​វឹកវរ​មួយ​នេះ​។ នេះ​ជាការ​បោះឆ្នោត​សាធារណៈ​លើកដំបូង​បំផុត​នៅ​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ ចាប់តាំងពី​ការផ្ទុះ​បាតុកម្ម​ជាង​៦​ខែ​មកនេះ​។ ស្ថានភាព ហាក់​ស្ងប់ស្ងាត់​ខុសពី​ចុង​សប្ដាហ៍​មុនៗ​ដែល​គេ​តែង​ឃើញ​បាតុករ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​យ៉ាង​ហិង្សា​នោះ​។​

 
​ប្រជាជន​ហុងកុង​ចំនួន​៤,១​លាន​នាក់​ដែលមាន​សិទ្ធិ​បោះឆ្នោត នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា បាននាំគ្នា​តម្រង់​ជួរ​នៅតាម​មណ្ឌលបោះឆ្នោត​នៅ​ទូទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​ចំនួន​៤៥២​អ​សនៈ​នៃ​ស្រុក​ទាំងអស់​១៨ ។ បេក្ខជន​ដែល​ចូលរួម​ប្រជែង​កៅអី​ក្រុមប្រឹក្សា​នេះ​មាន​ចំនួន​១០៩០​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ហុងកុង South China Morning Post ។​
 
​ក្រុមប្រឹក្សា​ស្រុក ដែល​នៅជាប់​ផ្ទាល់​នឹង​ប្រជាជន​ហុងកុង មាន​តួនាទី​បម្រើ​សេវាកម្ម​សម្រាប់​ដោះស្រាយ​បញ្ហា​កម្រិត​សហគមន៍​ដូចជា​ការងារ​ដឹកជញ្ជូន និង​សេវាកម្ម​សាធារណ​នានា រួមទាំង​ផ្នែកអនាម័យ​ផងដែរ​។ កាលពី​ការបោះឆ្នោត​អាណត្តិ​មុន​នៅ​ឆ្នាំ​២០១៥ សមាជិក​ជាប់ឆ្នោត​ភាគច្រើន ជា​អ្នក​ស្និទ្ធ​ទីក្រុង​ប៉េកាំង​។ 
 
​ការបោះឆ្នោត​នេះ ធ្វើឡើង​ស្របពេល​ដែល​ទីក្រុង​ហុងកុង​កំពុង​ជួប​បញ្ហា​ញាប់​ញ័រ​ដោយសារ​ការធ្វើ​បាតុកម្ម​៦​ខែ​មកនេះ​។ ផ្ដើម​ពី​ការទាមទារ​ឲ្យ​ដកចេញ​សេចក្ដីស្នើច្បាប់​ធ្វើ​បត្យាប័ន បាតុករ​ក៏​រាលដាល​កាន់តែ​ធំ និង​ប្រែ​ទៅជា​ការតវ៉ា​ប្រឆាំង​ចិន និង​ការស្នើ​ឲ្យ​មានការ​ពង្រឹង​សេរីភាព ក៏ដូចជា​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​នេះ​ឡើងវិញ​។ ការបោះឆ្នោត​នេះ ក៏​ជា​ម៉ែត្រ​វាស់​ការគាំទ្រ​រវាង​រដ្ឋា​ភិ​បាល​ហុងកុង និង​ក្រុមប្រឆាំង​ផងដែរ​។ 
 
​ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង អ្នកស្រី ការី ឡាំ ដែល​បោះឆ្នោត​នៅ​មណ្ឌល​វិទ្យាល័យ Raimondi និយាយថា ពលរដ្ឋ​ជាច្រើន​សង្ឃឹម​ពី​ការបន្ត​ភាពស្ងប់ស្ងាត់​បែបនេះ​ទៀត​នៅក្រោយ​ការបោះឆ្នោត​នេះ​។ 
 
​ទីក្រុង​ហុងកុង បាន​ធ្លាក់ចូល​វិបត្តិ​ដ៏​ធំ​របស់ខ្លួន​តាំងពី​ខែមិថុនា ក្រោយ​រដ្ឋាភិបាល​អ្នកស្រី ឡាំ ដាក់​ស្នើ​សេចក្ដីស្នើច្បាប់​បត្យាប័ន​ដែ​ល​បើកផ្លូវ​ឲ្យ​មានការ​បញ្ជូន​ពលរដ្ឋ​ហុងកុង​ទៅ​កាត់ទោស​នៅ​ទឹកដី​ចិន​។ អ្នក​រិះគន់​ជាច្រើន ជឿថា ប្រព័ន្ធតុលាការ​ចិន​មិន​យុត្តិធម៌​ឡើយ ហើយ​សេចក្ដីស្នើ​នេះ នឹង​បើកដៃ​ឲ្យ​មានការ​បញ្ជូន​អ្នកប្រឆាំង​ចិន​ទៅកាន់​ដីគោក​ទៀត​។ ទោះ​សេចក្ដីស្នើច្បាប់​នេះ ត្រូវបាន​ដកចេញ​ផ្លូវការ​ក្ដី ការតវ៉ា​នៅតែ​បន្តធ្វើ​ដដែល​៕ 
 
 

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com