ជាតិ
១០​ខែ មាន​អ្នកស្លាប់​ជាង​១៦០០​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​
24, Nov 2019 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ គិតពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា បានកើត​ឡើង​៣,៤០០​លើក ដែល​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​១,៦៦៥​នាក់​។ ចំនួន​អ្នកស្លាប់​នេះ កើនឡើង​១០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​១០​ខែ​ដូចគ្នា កាល​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួង​មហា​ផៃ្ទ បានលើកឡើង ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​រម្លឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃទី​២៤​វិច្ឆិកា​នេះ​។​

 
​សម្តេច ស ខេង បានបញ្ជាក់​ទៀតថា ក្នុងចំណោម​អ្នកស្លាប់​សរុប​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ខាងលើ រាជធានី​-​ខេត្ត ដែល​កើតឡើង​ច្រើនជាងគេ គឺ​ភ្នំពេញ មាន​អ្នកស្លាប់​២៧៤​នាក់ ខេត្ត​ព្រះសីហនុ មាន​អ្នកស្លាប់​១២៨​នាក់ ខេត្តកណ្តាល មាន​អ្នកស្លាប់​១២៦​នាក់ និង ខេត្តកំពង់ស្ពឺ មាន​អ្នកស្លាប់​២១២៥​នាក់​។ 
 
​បើតាម​សម្តេច​រដ្ឋមន្ត្រី រយៈពេល​១០​ខែ​នេះ អ្នករបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ មាន​៥,២១២​នាក់ ដែល​កើនឡើង​ជាង​៣០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាល​ឆ្នាំ​២០១៨​។​
​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ឲ្យ​ដឹងថា ក្រៅពី​ការមិន​គោរព​ច្បាប់​ចរាចរណ៍ ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​ការកើនឡើង​រថយន្ត គឺជា​កត្តា​ធ្វើឱ្យ​កើតឡើង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។ សម្តេច​អះអាងថា ក្នុង​ឆ្នាំ​២០១៩ ចំនួន​រថយន្ត​នៅ​កម្ពុជា កើនឡើង​៣០​ភាគរយ​៕
 

Tag:
 គ្រោះថ្នាក់​
  រថយន្ត​
  ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com