សម្ដេច ស ខេង អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​មតិ​ល្អៗ ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​
ជាតិ
សម្ដេច ស ខេង អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​មតិ​ល្អៗ ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​
24, Nov 2019 , 7:19 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
​គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​បញ្ហា​ដ៏​ធំ​មួយ​របស់​សង្គម​កម្ពុជា​។ ដូចនេះហើយ​កន្លងមក ក៏ដូចជា​សព្វថ្ងៃនេះ គេ​សង្កេតឃើញ​មហាជន​តែងមាន​កង្វល់ និង​មួយចំនួន​បាន​បញ្ចេញមតិ​ផ្សេងៗ​តាមរយៈ​សារព័ត៌មាន បណ្ដាញ​សង្គម​ជាដើម​ជុំវិញ​បញ្ហា​នេះ​។ មិនតែប៉ុណ្ណោះ​ការបញ្ចេញមតិ​ជា​រូបភាព​ការ​ទូន្មាន​អប់រំ ក្នុង​គ្រួសារ និង​សាលារៀន​ជាអាទិ៍ ក៏មាន​ផងដែរ​។​


 
​ជាមួយគ្នានេះដែរ នៅ​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិកា​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង ក្រៅពី​អំពាវ​ដល់​អ្នកបើកបរ ឲ្យ​គោរព​ច្បាប់ សម្ដេច​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​មតិយោបល់​ក្នុងន័យ​ស្ថាបនា ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។ ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​ណ៍​ផ្លូវគោក​រូបនេះ​បាន​ថ្លែង​ដូច្នេះ​ថា​៖«​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ​ទាំងឡាយ ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់គ្នា ហើយ​និង​ផ្ដល់​មតិយោបល់​ល្អៗ​ក្នុងន័យ​ស្ថាបនា ដើម្បី​យើង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​»​។ ការ​ថ្លែង​របស់​សម្ដេច​ធ្វើឡើង​ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤ ។​
 
​ប្រសាសន៍​សម្ដេច ស ខេង ៖
 


 
​ឧបនាយករដ្ឋមន្ត្រី​សម្ដេច ស ខេង លើកឡើងថា រដ្ឋាភិបាល​នឹង​ខិតខំ​ទប់ស្កាត់ មិន​ឲ្យ​អត្រា​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដល់ ៣០០០​នាក់​នោះទេ គឺ​ធ្វើយ៉ាងណា​ឲ្យ​នៅក្រោម​ស​ន្ទ​ស្សន៍​របស់​អង្គការសហប្រជាជាតិ​ដែល​បានដាក់​ចំនួន ៣០០០​នាក់​នៅត្រឹម​ឆ្នាំ​២០៣០ ។ កាលពី​ឆ្នាំ​២០១៨ អត្រា​អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ១៥០០​នាក់ ហើយ​ក្នុងអំឡុង​១០​ខែ​ឆ្នាំនេះ​មាន​ចំនួន​ជាង ១៦០០​នាក់  ដែល​ត្រឹម​បំណាច់​ឆ្នាំនេះ​ត្រូវបាន​ប៉ាន់​ស្មានថា​អត្រា​នេះ​នៅ​ជិត​២០០០​នាក់​។ សម្ដេច​ថ្លែងថា កម្ពុជា​មិន​ត្រឹមតែ​ឲ្យ​តួលេខ​អត្រា​អ្នកស្លាប់ នៅ​ទាប​ជាង​ស​ន្ទ​ស្សន៍​ប៉ុណ្ណោះ​ទេ តែ​ចង់​ឲ្យ​នៅក្រោម​តួលេខ​សព្វថ្ងៃនេះ​ទៅទៀត​៕ 
 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
  ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com