គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas បានលើកឡើងថា ក្រុមកម្ពុជាបានព្យាយាមសម្របខ្លួនតាមស្ថានការណ៍ជាក់ស្តែងបានល្អ ទោះបីជួបបញ្ហាមួយចំនួនពេលទៅដល់ហ្វីលីពីនក៏ដោយ។ បញ្ហាមួយចំនួននោះ គឺការបដិសណ្ឋារកិច្ចមិនបានល្អពីសំណាក់ម្ចាស់ផ្ទះស៊ីហ្គេមហ្វីលីពីន។ តែយ៉ាងណា លោកអះអាងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការតទល់ជាមួយម្ចាស់ផ្ទះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានជួបបញ្ហាមួយចំនួនពេលទៅដល់ហ្វីលីពីន នៅថ្ងៃទី២៣ វិច្ឆិកា ដោយពួកគេត្រូវរង់ចាំយ៉ាងយូរនៅសណ្ឋាគារ ទម្រាំបានចូលបន្ទប់សម្រាក។ ទោះបីយ៉ាងនេះក្តី គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas បាននិយាយថា ក្រុមកម្ពុជាសម្របខ្លួនតាមស្ថានការណ៍ជាក់ស្តែងបានយ៉ាងល្អ ដោយមានអ្នកខ្លះសម្រាកលើសាឡុង និងកម្រាលក្នុងអំឡុងពេលរង់ចាំនៅសណ្ឋាគារ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានលើកពីបញ្ហានៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃទី២៤ វិច្ឆិកានេះយ៉ាងដូច្នេះថា៖«ថ្វិត្បិតមានបញ្ហារអាក់រអួលជាច្រើនចំពោះក្រុមកម្ពុជាយើងតាំងពីមកដល់ទីនេះពិនមែន តែក្រុមយើងអាចព្យាយាមសម្របតាមស្ថានភាពជាក់ស្តែងបានល្អ»។
មិនមែនមានតែកម្ពុជានោះទេ ក្រុមស្ថិតក្នុងពូលជាមួយម្ចាស់ផ្ទះហ្វីលីពីនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រួមមានទីម័រខាងកើត មីយ៉ាន់ម៉ា និងថៃ ក៏ជួបបញ្ហាពេលទៅដល់ហ្វីលីពីនដែរ។ ក្រុមទីម័រខាងកើតត្រូវរង់ចាំ៣ម៉ោងនៅព្រលានយន្តហោះ ទម្រាំឡានដឹកពួកគេមកដល់។ អ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺឡានដឹកកីឡាករទីម័រទៅច្រឡំសណ្ឋាគារទៀត។ នេះបើតាមការផ្សាយរបស់សារព័ត៌មានហ្វីលីពីន Manila Bulletin។
មិនខុសគ្នាឡើយ ក្រុមមីយ៉ាន់ម៉ាវិញ បានត្អូញត្អែរពីការរង់ចាំយូរនៅព្រលានយន្តហោះ Ninoy Aquino។ មីយ៉ាន់ម៉ាក៏មិនពេញចិត្តរថយន្តដឹកកីឡាករដែលមានទំហំតូច ពិបាកដល់កីឡាករពួកគេ។
ចំណែកម្ចាស់ការពារមេដាយមាសដំរីសឹកថៃវិញ ក៏ប្រទះបញ្ហាដែរ។ បើតាម Rappler ក្រុមថៃត្អូញត្អែរពីការខ្វះខាតបន្ទប់ ដែលបង្ខំឲ្យកីឡាករពួកគេបីនាក់ត្រូវសម្រាកក្នុងបន្ទប់សម្រាប់មនុស្សពីរនាក់។ ថៃ ក៏ត្រូវបង្ខំចិត្តលុបចោលការហ្វឹកហាត់របស់ខ្លួនផងដែរ ព្រោះទីលានហ្វឹកហាត់នៅចម្ងាយដល់ទៅ៣៨គីឡូម៉ែត្រពីសណ្ឋាគារ។ ចម្ងាយនេះ គេត្រូវចំណាយពេលធ្វើដំណើរយ៉ាងហោចណាស់ក៏ពីរម៉ោងដែរ។ ជំនួសមកវិញ កីឡាករថៃត្រូវហ្វឹកហាត់នៅក្បែរសណ្ឋាគារពួកគេ។
បញ្ហាបដិសណ្ឋារកិច្ចនេះ ធ្វើឲ្យហ្វីលីពីន ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំនេះ រងការរិះគន់យ៉ាងចាស់ដៃ។ ទង្វើនេះជាគំរូអាក្រក់ ដែលប្រទេសដទៃមិនគួរយកតម្រាប់តាម ហើយវាក៏ពុំគួរកើតមានសម្រាប់ម្ចាស់ផ្ទះនៅលើកក្រោយៗដែរ។
ទោះបីជួបបញ្ហាបែបនេះក្តី តែវាមិនជាបញ្ហាធ្ងន់ធ្ងរដល់ក្រុមជម្រើសជាតិកម្ពុជាឡើយ។ លោក Felix Dalmas អះអាងថា កម្ពុជាបានត្រៀមយ៉ាងល្អក្នុងការតទល់ជាមួយក្រុមម្ចាស់ផ្ទះហ្វីលីន នាជំនួបបើកឆាកពូល A ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នាកីឡដ្ឋាន Rizal Memorial Complex៕