អន្តរជាតិ
សភា និង​រដ្ឋាភិបាល​វៀតណាម តតាំង​គ្នា​ជុំវិញ​ការក្តោបក្តាប់​អំណាច​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​មុនពេល​ដាក់​ឲ្យ​អនុម័ត​រួម​
24, Nov 2019 , 9:39 pm        
រូបភាព
ដោយ:
​អង្គ​និ​តី​បញ្ញត្តិ និង​និ​តី​ប្រតិបត្តិ​វៀតណាម បាន​មានការ​តតាំង​គ្នា​លើ​សំណើ​មួយ​របស់​រដ្ឋាភិបាល ដែល​ចង់​កាត់​បន្ថយអំណាចរ​បស់​សភា តាមរយៈ​ការយក​តួនាទី​ជា​អ្នកប្រមូល​មតិយោបល់ និង​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ទៅធ្វើ​ដោយ​ខ្លួនឯង​។ សម្រាប់​មន្ត្រីសភា​វៀតណាម សំណើ​នេះ គឺជា​ការដើរថយក្រោយ​មួយ​ជំហាន​នៃ​គោលការណ៍​តុល្យភាព​នៃ​អំណាច​។

 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News នៅ​ថ្ងៃ​២២ វិច្ឆិកា រដ្ឋសភា​វៀតណាម បាន​សម្តែង​ការព្រួយបារម្ភ​លើ​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម ដែល​ចង់​ឲ្យ​ការទទួលខុសត្រូវ​លើ​ការប្រមូល​មតិយោបល់ និង​ការពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​នានា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អ្នក​ផ្តួច​ផ្តើ​ច ឬ​ក្រសួង​សា​ម៉ី​តែម្តង​។ 
 
​កន្លងមក​តាម​ប្រភពព័ត៌មាន​ដដែល​នេះ ការប្រមូល​មតិយោបល់ ពិនិត្យឡើងវិញ និង​សម្រេច​ចុងក្រោយ​លើ​សេចក្តីព្រាងច្បាប់ មុនពេល​ដាក់​ឲ្យ​សភា​អនុម័ត​សម្រេច គឺជា​ការទទួលខុសត្រូវ​របស់​គណៈកម្មាធិការ​មួយ​របស់​រដ្ឋសភា​នោះទេ​។​
 
​សម្រាប់​អ្នកតំណាងរាស្ត្រ​មួយរូប​មកពី​ខេត្ត An Giang របស់​វៀតណាម យល់ឃើញថា ប្រសិនបើ​រដ្ឋាភិបាល គឺជា​អ្នកស្នើ​ផង កែប្រែ​ផង សម្រេច​ផង និង​អនុវត្ត​ច្បាប់​ផង នោះ​វា នឹង​ផ្ទុយ​នឹង​គោលការណ៍​ហើយ ។ អ្នកតំណាងរាស្ត្រ បាន​ប្រៀបធៀប​ដំណើរការ​នេះ​ដូច​ទៅនឹង រដ្ឋាភិបាល គឺជា​អ្នក​ទាត់​បាល់​ផង និង​ផ្លុំ​កញ្ចែ​ផង​ក្នុងពេល​តែមួយ​។ 
 
​បន្ថែម​ពីនេះ អ្នកតំណាងរាស្ត្រ​ពី​រដ្ឋធានី​ហាណូយ បាន​យល់ឃើញថា ប្រសិនបើ​រដ្ឋាភិបាល​ច​ង់​បន្ថែម​អំណាច​ទៅ​ឲ្យ​អ្នកធ្វើច្បាប់ ដែល​កន្លងមក​ភាគច្រើន​ជា​ក្រសួង នោះ​វា​នឹង​ប្រៀបដូចជា​ការដើរថយក្រោយ​ក្នុង​ប្រវត្តិសាស្ត្រ​មួយ​នៃ​សភា​វៀតណាម​ហើយ​។ តាម​អ្នកតំណាងរាស្ត្រ​រូបនេះ ការណ៍​ដែល​អំណាច​នេះ ត្រូវ​ផ្តល់​ឲ្យ​គណៈកម្មាធិការ​របស់​ស​ភា ដើម្បី​ធានាថា​រាល់​នីតិវិធី​ធ្វើ​ច្បាប់​មិនមាន​លម្អៀង និង​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​ប្រជាជន​និង​ការធ្វើ​ធុរកិច្ច​ជាដើម​។​
 
​យ៉ាងណាមិញ តាម​ប្រភពព័ត៌មាន​ដដែល​នោះ មិនមាន​ការបញ្ជាក់​ពី​គោលបំណង និង​ចេតនា​ជាក់លាក់​របស់​រដ្ឋាភិបាល​វៀតណាម លើ​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​សភា​វៀតណាម​នោះឡើយ ហើយ​សំណើ​នេះ ក៏​មិនទាន់​អនុម័ត​ពីស​ភា​វៀតណាម​នៅឡើយ​ផងដែរ​៕ 

Tag:
 វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com