ជាតិ
សត្វ​ក្រៀល​ជិត​ផុត​ពូជ​៥​ក្បាល ចូល​រស់នៅ ក្នុង​តំបន់​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ​
24, Nov 2019 , 5:59 pm        
រូបភាព
រូបថតពី BirdLife International Cambodia
រូបថតពី BirdLife International Cambodia
ដោយ:
​ភ្នំពេញ​៖ សត្វ​ក្រៀល​ដែល​ជិត​ផុត​ពូជ​ចំនួន​៥ បាន​ចូលមក​រស់នៅ ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ​។ បើតាម​លោក ប៊ូ វរ​សក្ស ប្រធាន​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ (BirdLife International Cambodia) សត្វ​ក្រៀល​ទាំងនេះ បាន​ចូលមក​រស់នៅ កាលពី​ថ្ងៃទី​២០​វិច្ឆិកា ឆ្នាំ​២០១៩​។ 
 
​លោក ប៊ូ វរ​សក្ស ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា សត្វ​ក្រៀល​ទាំងនោះ តែងតែ​ចល័ត​រស់នៅ​និង​រក​ចំណី នៅ​តំបន់ដីសើម​តាម​ទន្លេមេគង្គ និង​ទន្លេសាប​។ ដោយឡែក នៅ​រដូវ​ពង​កូន សត្វ​ជិត​ផុត​ពូជ​នេះ នឹង​ផ្លាស់​ទី​ទៅ​រស់នៅក្នុង​តំបន់​ដែលមាន​ព្រៃ​ច្រើន ត្រពាំង ស្ងប់ស្ងាត់ ក្នុង​ខេត្តព្រះវិហារ ស្ទឹងត្រែង និង​ខេត្តរតនគិរី ជាដើម​។ លោក ប៊ូ វរ​សក្ស ជា​រៀងរាល់ឆ្នាំ​សត្វ​ក្រៀល បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង អន្តរជាតិ ទៅ​ទស្សនា​ជាប្រចាំ នៅ​តំបន់​តំបន់ការពារទេសភាព​អន្លង់​ព្រីង  ស្ថិតនៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។ 
 
​ប្រធាន​អង្គការ BirdLife International Cambodia​រូបនេះ បាន​អះអាងថា បច្ចុប្បន្ន សត្វ​ក្រៀល​នៅ​កម្ពុជា គឺ​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​រងគ្រោះ និង​មានការ​ថយចុះ គួរ​ឲ្យ​បារម្ភ​។ ជាមួយគ្នានេះ អង្គការ BirdLife International Cambodia និង ស្ថាប័ន​ពាក់ព័ន្ធ ក៏បាន​ចុះ​ត្រួតពិនិត្យ និង​តាមដាន ចំនួន​ប្រជាសាស្ត្រ ចំណី ជម្រក ការគ្រប់គ្រង​ទឹក ដើម្បី​ចូលរួម​អភិរក្ស សត្វ​ក្រៀល នៅ​កម្ពុជា​ផងដែរ​។ 
 
​សត្វ​ក្រៀល គឺជា​សត្វ​ស្លាបមាន​កម្ពស់​ខ្ពស់​ជាងគេ​បង្អស់​រហូតដល់​១,៦៥​ម៉ែត្រ​។ វា រស់​នៅតែ​ក្នុងប្រទេស​អូស្ត្រាលី កម្ពុជា ឥណ្ឌា ឡាវ មី​យ៉ាន់​ម៉ា ប៉ា​គី​ស្ថាន នេ​ប៉ាល់ និង​វៀតណាម​ប៉ុណ្ណោះ​៕
 

Tag:
 សត្វ​ក្រៀល​
  បឹង​ព្រែក​ល្ពៅ​
  តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com