ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហេតុអ្វី​កសិករ​ទាំងនេះ ដាំ​ស្មៅ មុននឹង​ដាំពោត ដាំដំឡូង​មី​…?
25, Nov 2019 , 8:39 am        
រូបភាព
​បាត់ដំបង​៖ កសិករ​ខ្លះ​ក្នុង​ខេត្តបាត់ដំបង​បាន​ដាំ​ស្មៅ មុននឹង​ដាំ​ដំណាំ​ផ្សេងៗ ដូចជា​ពោតក្រហម ឬ​ដាំ​ឡូង​មី​ជាដើម​។  បើតាម​កសិករ​ទាំងនោះ ការដាំ​ស្មៅ​មុននឹង​ដាំ​ដំណាំ​ផ្សេងៗ គឺ​ដើម្បី​ធ្វើ​គម្រប​ដី​ឲ្យ​មាន​សំណើម កាត់បន្ថយ​សំណឹក​ដី បន្ថយ​ការហូរ​ច្រោះ​សារធាតុចិញ្ចឹម​របស់​ដី​។ ហើយ​គម្រប​ដី​ដែល​ល្អ​បែបនេះ បានធ្វើ​ឲ្យ​ដំណាំ​ទាំងនោះ​ផ្ដល់​ទិន្នផល​ខ្ពស់ និង​គុណ​ភាពល្អ​។  លើសពីនេះទៅទៀត ការដាំ​ស្មៅ​នេះ គឺអាច​ការពារ​ដី​កុំឱ្យ​រង​កម្តៅ​ពី​ផែនដី​ខ្លាំងពេក ដែល​ធ្វើ​ឲ្យ​ដំណាំ​នៅលើ​ដី​នោះ​អាច​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​




​ស្មៅ​ចង្ក្រង់​ស្វា​(Juncea)​លើ​ផ្ទៃដី​៤​ហិកតា របស់លោក ច្រឹង គី នៅក្នុង​ភូមិ រស្មី​សង្ហា ឃុំ​រស្មី​សង្សារ ស្រុក​រតនមណ្ឌល ចាត់​ដំបង​។ រូបថត​៖ លោក ប៉ាន់ បូ​នី​។​
​លោក ច្រឹង គី ជា​កសិករ​មួយរូប​ដែល​បាន​ដាំ​ស្មៅ​(​ស្មៅ​ចង្ក្រង់​ស្វា​) សម្រាប់​ធ្វើជា​គម្រប​ដី មុននឹង​ដាំពោត​ក្រហម និង​ដំឡូង​មី អស់​រយៈពេល​៧​ឆ្នាំ​មកហើយ នៅក្នុង​ភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហារ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ កសិករ​រូបនេះ​បាន​និយាយថា  ពោត និង​ដំឡូង​របស់លោក ដែល​បាន​ដាំ​នៅលើ​គម្រប​ដី​បែបនេះ បានផ្ដល់​ទិន្នផល​កើនឡើង​ទ្វេដង​។ កសិករ​រូបនេះ បាន​អះអាងថា ការដាំ​ស្មៅ​នេះ​បានផ្តល់​នូវ​សារធាតុចិញ្ចឹម​និង​ផ្តល់​សំណើម​ជាច្រើន​ដល់​ដី សម្រាប់​ឱ្យ​ដំណាំ​ចាប់យក​ការលូតលាស់​ល្អ​តាម​រដូវ​កាល ទោះបីជា​កម្តៅ​ផែនដី​កាន់តែ​ក្តៅ​ខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក៏ដោយ ពិសេស​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការរៀបចំ​ដី បាន​ពាក់កណ្តាល​ផងដែរ​។​

 លោក ច្រឹង គី កំពុងស្ថិត​នៅក្នុង​ចម្ការ ពោត​និង​ដំឡូង​មី​។ រូបថត​៖ លោក ប៉ាន់ បូ​នី​។​

«​ពោត​និង​ដំឡូង​មី ដែល​ខ្ញុំ​ដាំ​នៅលើ​ដី​ដែលមាន​ដាំ​ស្មៅ​ចង្ក្រង់​ស្វា​សម្រាប់​ក្រាល​នៅលើ​ដី​នោះ ខ្ញុំ​អាច​ទទួលបាន​ទិន្នផល​ពោត និង​ដំឡូង​មី បាន​ពី​៦​ទៅ​៨​តោន ក្នុង​ដី​មួយ​ហិកតា​។ បរិមាណ​នៃ​ទិន្នផល​នេះ បើ​ខ្ញុំ​ប្រៀបធៀប​ជាមួយ​ដី​ក្នុង​ទំហំ​មួយ​ហិកតា​ដូចគ្នា ដែល​មិនបាន​ដាំ​ស្មៅ​ជា​ធ្វើ​គម្រប​ដី​នេះ ខ្ញុំ​អាច​ទទួលបាន​ទិន្នផល​ពោត​ឬ​ដំឡូង បាន​ត្រឹម​៣​តោន ទៅ​៣​តោន​កន្លះ​ប៉ុណ្ណោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ច្រឹង គី ដោយ​ទឹកមុខ​ញញឹម  ក្រោម​កម្តៅថ្ងៃ​នា​ម៉ោង​២​រសៀល​។​
 
​ចម្ការ​ដំឡូង​មី របស់លោក​ច្រឹង គី​។ រូបថត​៖ លោក ប៉ាន់ បូ​នី​។​

បើតាម​បទពិសោធន៍​ជិត​៧​ឆ្នាំ​នៃ​ការដាំ​ស្មៅ​ជា​ធ្វើ​គម្រប​ដី​របស់​កសិករ​រូបនេះ ស្មៅ​ចង្ក្រង់​ស្វា​មាន​អាយុកាល​លូតលាស់​ដល់​២​ខែ​កន្លះ ដែល​អាច​ដាំ​បាន​គ្រប់​រដូវ​កាល ងាយស្រួល​ដាំ និង​មិនចាំបាច់​ថែទាំ​ច្រើន​នោះទេ ដោយ​អាច​ដាំ​បាន​២​ដង​ក្នុង​មួយឆ្នាំ ឬ​លើសពីនេះ​។  ចំពោះ​កសិករ​វ័យ​៥៣​ឆ្នាំ​រូបនេះ គឺ​លោក​ដាំ​ស្មៅ​ធ្វើ​គម្រប​ដី​២​ដង​ក្នុង​មួយឆ្នាំ​លើ​ផ្ទៃដី​ដាំ​ដុះ​របស់ខ្លួន​។ លោក​ដាំ​ស្មៅ​នៅ​ដើមខែ​កុម្ភៈ​សម្រាប់ធ្វើ​គម្រប​ដី​ដាំដំឡូង​មី និង​ដាំ​ខែមិថុនា ឬ ខែកក្កដា  សម្រាប់ធ្វើ​គម្រប​ដី​ដាំពោត​។ ជាធម្មតា នៅពេលដែល​ស្មៅ​នោះ ជិត​ដល់​អាយុ​កាត់ លោក ច្រឹង គី បាន​បាច​គ្រាប់ពោត​ជា​ជួរ នៅក្នុង​ចម្ការ​ស្មៅ​នោះ​ឲ្យ​ហើយ ទើប ជួល​ម៉ាស៊ីន​របស់គេ​ឲ្យ​កាត់​ឬ​ចិញ្ច្រាំ​ស្មៅ​នេះ​ឱ្យ​រៀប​ដល់​ដី​តែម្តង​។ ដោយឡែក ការដាំ​ដំឡូង វិញ គាត់​ជួល​ម៉ាស៊ីន​គេ​កាត់​ចិញ្ច្រាំ​ស្មៅ​និង​ភ្ជួរ​រាស់​ដី​ជាមួយ​ស្មៅ​នោះ​សិន បានចាប់ផ្ដើម​ដាំដំឡូង​មី​។

 
ម៉ាស៊ីន កាត់​និង​ចិញ្ច្រាំ​ស្មៅ​គម្រប​ដី​។ រូបថត​៖ លោក ប៉ាន់ បូ​នី​។​
 
​រីឯ​អ្នកស្រី សុខ នេន ដែលមាន​ចម្ការ​នៅ​ឃ្លាតឆ្ងាយ​ពី​ចម្ការ​របស់លោក ច្រឹង គី ប្រហែល​២​គីឡូម៉ែត្រ ក៏បាន​ដាំ​ស្មៅ​ចង្ក្រង់​ស្វា មុននឹង​ដាំពោត និង​ដំឡូង​មី ផងដែរ​។  ចម្ការ​ពោតក្រហម​១២​ហិកតា និង​ដំឡូង​មី​៤​ហិកតា​របស់​អ្នកស្រី គឺ​សុទ្ធតែ​ត្រូវបាន​ឆ្លងកាត់​ការដាំ​ស្មៅ​ចង្ក្រង់ស្វា​ជាប្រចាំ​អស់់​រយៈពេល​ជិត​៧​ឆ្នាំ​មកហើយ​។​


​អ្នកស្រី សុខ នេន កំពុង​ឈរ​សើចក្នុង​ចម្ការពោត​ក្រហម​ដែល​ជិត​នឹង​ប្រ​ផល​។ រូបថត​៖ លោក ប៉ាន់ បូ​នី​។​
 
​កំពុង​ដើរ​ចេញពី​ចម្ការពោត ទៅកាន់​ម៉ូតូ​របស់ខ្លួន​ដើម្បី​ធ្វើដំណើរ​ត្រលប់​ទៅផ្ទះ​វិញ កសិករ​វ័យ​៦២​ឆ្នាំ​រូបនេះ បាន​និយាយថា ការដាំ​ស្មៅ​ចង្ក្រង់ស្វា​ធ្វើជា​គម្រប​ដី​នេះ ក្រៅពី​ធ្វើឱ្យ​អ្នកស្រី​ទទួលបាន​ទិន្នផល​ដំណាំ ពី​៦​ទៅ​៧​តោន​ក្នុង​មួយ​ហិកតា​ហើយ ថែមទាំង​ជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការទិញ​ជីគីមី​សម្រាប់​ប្រើ​លើ​ដំណាំ​ដំឡូង និង​ពោត​ផងដែរ​។ 
 
​កសិករ​វ័យ​ចំណាស់​រូបនេះ បាន​និយាយ​ទាំង​ទឹកមុខ​សប្បាយរ​រីករាយ​នៅមុខ​ចម្ការពោត​របស់ខ្លួន​ដូច្នេះ ៖«​ដាំ​ស្មៅ​ចង្ក្រង់​ស្វា​ធ្វើ​គម្រប​ដី​នេះ ដ្បិតថា​ចំណាយពេល​ជាង​២​ខែ​ក៏ពិតមែន ប៉ុន្តែ ការចំណាយ​ពេល ដាំ​ស្មៅ​នេះ គឺ​ដើម្បី​រក្សា​ដី​របស់​យើង​ឱ្យមាន​ជីវជាតិ និង​បង្កើន​ទិន្នផល​ដំណាំ​របស់​យើង​ជាប្រចាំ​»​។ 
 
​បើតាម​លោក ស វ៉េង ប្រធាន​សម្របសម្រួល​ប​ច្ចេកទេស​នៃ​មជ្ឈមណ្ឌល​សេវាកម្ម​កសិកម្ម​អភិរក្ស នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្មៅ​ចង្ក្រង់ស្វា (​ភាសា​អង់គ្លេស​ហៅថា​Juncea) កសិករ​ទាំង​ពីររូប​ខាងលើ​កំពុង​អនុវត្ត​ដាំ​នេះ គឺជា​ផ្នែក​មួយ​នៃ​អនុវត្ត​កសិកម្ម​អភិរក្ស ក្នុង​វិស័យ​កសិកម្ម ដែល​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដែល​កម្ពុជា​កំពុង​ជួបប្រទះ នាពេល​បច្ចុប្បន្ននេះ​។ ក្រៅពី​បច្ចេកទេស​ដាំ​ស្មៅ​ធ្វើជា​គម្រប​ដី គឺ​នៅមាន​បច្ចេកទេស​ដាំ​ដំណាំ​ដោយ​មិន​ភ្ជួរ​រាស់​ដី និង​ការដាំ​ដំណាំ​ឆ្លាស់គ្នា ឬ​ពិពិធ​កម្ម​មុខ​ដំណាំ​ផងដែរ​។​
 
 សម្រាប់​បច្ចេកទេស​នៃ​ការដាំ​ស្មៅ​ធ្វើ​គម្រប​ដី​នេះ ក្រៅ​ពីចង្ក្រង់ស្វា ក៏​នៅមាន​ស្មៅ​Sorghum,  Stylo, Jute, Sesbania, Pearl Millet ជាដើម​។ នេះ​បើតាម​លោក ស វ៉េង ។ លោក​បន្ថែមថា ក្រៅពី​ស្មៅ កសិករ​ក៏​អាច​ប្រើ​ដំណាំ​ពោត សណ្តែក និង​ល្ង ធ្វើជា​ដំណាំ​គម្រប​ដី​បាន​ផងដែរ ដោយ​កសិករ​ត្រូវ​ដាំ​ដុះ​ដំណាំ​ទាំងនោះ មុននឹង​ដាំ​ដំណាំ​គោល​ដែល​ត្រូវ​នឹង​រដូវ​កាល​ដាំ​ដុះ​។ មន្ត្រី​បច្ចេកទេស​រូបនេះ​បាន​លើកឡើងថា ស្មៅ​ដែល​ដាំ​សម្រាប់ធ្វើ​ដំណាំ​គម្រប​ដី​នេះ អាចឱ្យ​ប្រជាកសិករ​បន្ស៊ាំ​ខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ ព្រោះ​ដំណាំ​គម្រប​ដី​ទាំងនោះ ក្រៅពី​ជួយ​កាត់បន្ថយ​ការ​រំហួត​ទឹក​នៅក្នុង​ដី និង​ថែរក្សា​ដី​ឲ្យ​មាន​សំណើម​ក្នុងពេល​ជួប​គ្រោះរាំងស្ងួត​ហើយ​នោះ ថែមទាំង​ជួយ​ទប់ស្កាត់​ការហូរ​ច្រោះ​សារធាតុចិញ្ចឹម​របស់​ដី នៅពេល​ជួប​គ្រោះទឹកជំនន់   និង​កាត់បន្ថយ​សំណឹក​ដី កម្ចាត់​ស្មៅ​ចង្រៃ ព្រមទាំង​ជួយ​កែប្រែ​ដី​ឱ្យមាន​គុណភាព​ឡើងវិញ​។​
 
​ស្ថិតនៅក្នុង​កសិដ្ឋាន​ពិសោធន៍​ដំណាំ​គម្រប​ដី​លើ​ផ្ទៃដី​២​ហិកតា របស់​មជ្ឈមណ្ឌល​សេវាកម្ម​កសិកម្ម​អភិរក្ស  នៅក្នុង​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ដែលមាន​ទៅដោយ​ស្មៅ​គម្រប​ដី ដូចជា​ស្មៅ Pearl Millet, Juncea រួម​គា្ន​មួយ​នឹង​ដំណាំ​ដំឡូង និង​ពោត  លោក  ស វ៉េង បាន​អះអាង​ដូច្នេះ​៖«​បច្ចុប្បន្ន ក្រៅពី​ស្មៅ​ចង្រ្កង់​ស្វា ម​ជ្ឈ​ម​មណ្ឌល​យើង​កំពុង​សាកល្បង​ដាំ​ស្មៅ​គម្រប​ដី​ជាច្រើន​ប្រភេទ​ទៀត ដើម្បីឱ្យ​ត្រូវ​នឹង​សណ្ឋាន​ដី​របស់​ប្រជាកសិករ​យើង​នៅតាម​តំបន់​នីមួយៗ និង​ដំណាំ​ផ្សេងៗ ក្រៅពី​ដំ​ឡូ​វ​មី និង ពោត​នេះ​។ ជាក់ស្តែង​ដូចជា​Millet ដែល​យើង​កំពុង​ដាំ​នៅ​កន្លែង​ពិសោធន៍​នេះ គឺជា​ប្រភេទ​ស្មៅ​គម្រប​ដី ដែល​ស្រូបយក​អាសូត​ឬ​សារធាតុចិញ្ចឹម​ខ្ពស់ជាង​ស្មៅ​ចង្ក្រង់​ស្វា ដូច្នេះ​ដំណាំ​បន្ទាប់​យើង​មិនអាច​ដាំពោត​បានទេ ព្រោះ​ពោត​ក៏ត្រូវ​ស្រូបយក​អាសូត​ខ្ពស់​ពី​ដី​ដើម្បី​លូតលាស់​ឱ្យ​ល្អ​ផងដែរ​។ ប៉ុន្តែ​បើ​យើង​ដាំ​ស្មៅ​គម្រប​ដី​ប្រភេទ​នេះ ដំណាំ​បន្ទាប់​យើង​អាច​ដាំ​សណ្តែកសៀង​បាន ព្រោះ​ពពួក​សណ្តែក​នេះ ដែល​ស្រូបយក​អាសូត​តិច​ពី​ដី​»​។ 


លោក ស វ៉េង ប្រធាន​សម្របសម្រួល​ប​ច្ចេកទេស​នៃ​មជ្ឈមណ្ឌល​កសិកម្ម​អភិរក្ស កំពុង​ធ្វើ​បទ​បង្ហាញ ពី​ការអនុវត្ត​កសិកម្ម​អភិរក្ស ក្នុងស្រុក​រតនមណ្ឌល កំពុង​ឈរ​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ដំណាំ​គម្រប​ដី​នៅមុខ​ចម្ការ​ស្មៅ Pearl Millet​។ រូបថត​៖ លោក ប៉ាន់ បូ​នី​។​
 
​អ្នកជំនាញ​ខាង​កសិកម្ម​អភិរក្ស​រូបនេះ បានបញ្ជាក់​ទៀតថា​៖«​រាល់​ការដាំ​ស្មៅ​គម្រប​ដី​ទាំងអស់ យើង​ត្រូវ​គិតពី​ដំណាំ​ចុងក្រោយ​របស់​យើង​ដែល​ត្រូវ​ដាំ​សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ ថា​តើ​ជា​ដំណាំ​ប្រភេទ​អ្វី​?...​ទើប​យើង​ត្រូវ​ជ្រើសរើស​ស្មៅ​គម្រប​ដី​មក​ដាំ បន្ទាប់មក​យើង​ដាំ​នូវ​ដំណាំ​អ្វីដែល​យើង​ចង់បាន​នោះ​»​។ 
 
​បើតាម​លោក ស វ៉េង  បច្ចុប្បន្ន ខេត្តបាត់ដំបង​មានស្រុក​ពីរ ដែល​បាន​អនុវត្ត​កសិកម្ម​អភិរក្ស​នេះ ក្នុងនោះ​មានស្រុក​រតនមណ្ឌល ដែលមាន​កសិករ​ជាង​៧០​គ្រួសារ កំពុង​អនុវត្ត​លើ​ផ្ទៃដី​៣៤០​ហិកតា  និង​នៅ​ស្រុក​បាណន់ ដែលមាន​កសិករ​៤៨​គ្រួសារ កំពុង​អនុវត្ត​លើ​ផ្ទៃដី​ជិត​១៣០​ហិកតា​។ 


ស្មៅ Pearl Millet ជា​ប្រភេទ​ស្មៅ​ចំណី​សត្វ​។ ការដាំដុះ លូតលាស់​លឿន​, ទិន្នផល ខ្ពស់ សមស្រប ទៅនឹង​លក្ខណៈ​សណ្ឋាន​ដី អាកាសធាតុ​នៅ​កម្ពុជា និង សម្បូរ​ទៅដោយ សារធាតុចិញ្ចឹម ផងដែរ​។  ស្មៅ​ប្រភេទ​នេះ អាចជួយ​គ្រប់គ្រង​បរិស្ថាន​បានល្អ ពិសេស​ការពារ​នឹង​ការកើនឡើង​កម្តៅ​ផែនដី ( ជា គម្រប​ដីកា​រពារ​ដី​ហូរ​ច្រោះ​បង្កើន​ជីវជាតិ​ដី និង បំផ្លាញ​ស្មៅ​ចង្រៃ​)​។ រូបថត​៖ លោក ប៉ាន់ បូ​នី​។​

​ថ្វី​ដ្បិត​ការអនុវត្ត​កសិកម្ម​អភិរក្ស​នេះ ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រជាកសិករ ក្នុងការ​បន្ស៊ាំ​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ក៏ពិតមែន ប៉ុន្តែ​អស់​រយៈពេល​ជិត​១០​ឆ្នាំកន្លងមក ចំនួន​កសិករ​ក្នុងស្រុក​រតនមណ្ឌល​ដែល​អនុវត្ត​កសិកម្ម​អភិរក្ស​នេះ នៅមាន​ត្រឹម​២០​ភាគរយ​ប៉ុណ្ណោះ​។ រីឯ​កសិករ​៨០​ភាគរយ​ទៀត នៅតែ​បន្ត​ការដាំ​ដំណាំ​បែប​ទម្លាប់​ដដែលៗ និង​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស បន្ទាប់ពី​ដី​របស់​កសិករ​ទាំងនោះ​ខូចគុណភាព ហើយ​ផ្តល់​ទិន្នផល​ដំណាំ​កាន់តែ​ធ្លាក់ចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។  នេះ​ជាការ​សង្កេតឃើញ​របស់​លោក នន សុផល មន្ត្រី​បច្ចេកទេស​កសិកម្ម ក្នុងស្រុក រតនមណ្ឌល ខេត្តបាត់ដំបង​។​


គ្រាប់ពូជ​ដំណាំ​គម្រប​ដី​។ រូបថត​៖ លោក ប៉ាន់ បូ​នី​។​
 
​បើតាម​លោក សុផល ការខ្វះខាត​សម្ភារ​ប្រើប្រាស់​ក្នុងការ​អនុវត្ត​កសិកម្ម​អភិរក្ស​នេះ គឺ​មិនមែនជា​បញ្ហា​ចម្បង​របស់​ប្រជាកសិករ​ក្នុងការ​អនុវត្ត​កសិកម្ម​អភិរក្ស​នេះឡើយ​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​មកពី​កសិករ​នោះ​ផ្ទាល់ មិន​យល់​ពីអ្វី​ដែលជា​ផលប៉ះពាល់​អាក្រក់​ពី​ការប្រែប្រួល​អាកាសធាតុ និង​មិន​ព្រម​ចូលរួម​ធ្វើ​កសិកម្ម​អភិរក្ស​នេះ​តែម្តង​។ អ្នកបច្ចេកទេស​កសិក​ម្ម​រូបនេះ បាន​បន្ត​រៀបរាប់​ទាំង​ទឹកមុខ​ស្ងួត និង​មិនសូវ​សប្បាយចិត្ត​ថា​៖«​កន្លងមក​យើង​តែងតែ ចុះ​បង្រៀន​ដល់​កសិករ​ជាប្រចាំ​មួយ​ព្រឹក​ឬក៏​មួយថ្ងៃ អំពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ  និង​អំពី​អត្ថប្រយោជន៍​នៃ​ការដាំ​ដំណាំ​តាម​ប​ច្ច​ទេស​ថ្មី​នេះ ប៉ុន្តែ​នៅតែ​ពួកគាត់​មិន​ធ្វើតាម​ហើយ ព្រមទាំង​ទទួល​សម្តី​ពី​កសិករ​មកវិញ ថា គ្មាន​ថវិកា​និង​គ្មាន​ពេលវេលា​»​។ 


លោក នន សុផល មន្ត្រី​បច្ចេកទេស​កសិកម្ម ស្រុក​រតនមណ្ឌល កំពុងស្ថិត​នៅក្នុង​កសិដ្ឋាន​ពោ​សោធន៍ ដំណាំ​គម្រប​ដី​។ រូបថត​៖ លោក ប៉ាន់ បូ​នី​។ 
 
​បច្ចុប្បន្ន ទោះជា​មិនមាន​កសិករ​ច្រើន​ចូលរួម​ក្នុងការ​អនុវត្ត​កសិកម្ម​អភិរក្ស​នេះ​ក៏ពិតមែន ប៉ុន្តែ​ក្រុមការងារ​លោក នន សុផល នៅតែ​បន្តសកម្មភាព​ចុះ​បង្រៀន និង​បង្ហាញ​ការអនុវត្ត​កសិកម្ម​អភិរក្ស​នេះ​ដោយផ្ទាល់​ដល់​កសិករ  ព្រមទាំង​រក​ទីផ្សារ​សម្រាប់​ផលិតផល​ដំណាំ​ទាំងនោះ ដល់​កសិករ​ផងដែរ​។ លោក​បាន​ជឿជាក់ថា កាលណា​មាន​ទីផ្សារ​ស្រាប់​សម្រាប់​ដំណាំ​កសិកម្ម​ទាំងនោះ  នោះ​វា​គឺជា​ផ្នែក​ដ៏​មួយ​យ៉ាងសំខាន់ ក្នុង​ការជំរុញឱ្យ​កសិករ​អនុវត្ត​កសិកម្ម​អភិរក្ស ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ និង​មាន​គុណភាព​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​៕  

Tag:
 ស្មៅ​គម្រប​ដី​
  ស្មៅ​ចង្ក្រ​ង់​ស្វា​
  ប្រែប្រួល​អាកាសធាតុ​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com