ជាតិ
សង្គមជាតិ
ក្រោយពេទ្យជួយសង្គ្រោះម្តាយក្មេក សម្តេច ហ៊ុន សែន ប្រើថវិការដ្ឋនិងរៃពីសប្បុរសជន កសាងពេទ្យកាល់ម៉ែត ឲ្យកាន់តែទំនើប
24, Nov 2019 , 8:55 pm        
រូបភាព
ដោយ:
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងថា កំឡុងពេលដែលសម្ដេចកំដរម្ដាយក្មេកនៅមន្ទីរពេទ្យកាល់ម៉ែត បានពិនិត្យឃើញមន្ទីរពេទ្យនេះដើរតួនាទីសំខាន់ក្នុងការពិនិត្យព្យាបាលប្រជាជន ប៉ុន្តែនៅខ្វះលទ្ធភាពសម្រាប់សាងសង់អគារថ្មី និងសម្ភារបរិក្ខារ។



តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២៤ខែវិច្ឆិកានេះ  សម្តេចនាយករដ្ឋមន្រ្តី បានអរគុណផងនិងសរសើរផងថា គ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត បានបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

សម្តេច សរសេរដូច្នេះថា៖«បើទោះជាជីវិតម្តាយក្មេកខ្ញុំ ដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់ វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយ ក៏ពួកយើងខ្ញុំជាកូនជាចៅ ចៅទួតអស់ចិត្តដែរ ព្រោះបើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេ ម្ល៉េះសមម្តាយក្មេកខ្ញុំបានលាចាកលោកនេះ តាំងពីថ្ងៃម្សិលមិញមកម្ល៉េះ ព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់ហើយ សម្រាប់បុណ្យសពម្តាយក្មេកខ្ញុំ តែដោយសារភាពជំនាញរបស់គ្រូពេទ្យ នោះហើយដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្តរស់នៅជាមួយកូនចៅមួយរយៈទៀត»។

ទន្ទឹមនឹងការសរសើរនេះ សម្ដេច បានប្រកាសបញ្ចេញថវិការដ្ឋ៣០លានដុល្លារ ដើម្បីកសាងអគារកម្ពស់១២ជាន់ដែលមន្ទីរពេទ្យ សាងសង់បាន១៧ភាគរយរួចមកហើយ ដែលអគារនេះមានតម្លៃ៣៩លាននិង៧សែនដុល្លារ។ ជាមួយគ្នានេះ សម្ដេច បានទទួលថវិកាពីសប្បុរសជនរាប់សិបលានដុល្លារទៀត សម្រាប់ការបំពាក់គ្រឿងបរិក្ខារក្នុងមន្ទីរពេទ្យ។

ប្រមុខរដ្ឋាភិបាល គូសបញ្ជាក់ដូច្នេះថា៖«សម្រាប់ការបំពាក់សម្ភារបរិក្ខារទាំងនៅអគារថ្មីនិងអគារចាស់ ខ្ញុំបានធ្វើចលនាសប្បុរសជនចូលរួមជួយដល់ជីវិតមនុស្ស បានថវិកាចំនួន៥៣លានដុល្លារគិតត្រឹមម៉ោង៤ល្ងាច ថ្ងៃ២៤ វិច្ឆិកា២០១៩នេះ ដែលសង្ឃឹមថានឹងមានសប្បុរសជនចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យ កាល់ម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជាយើង»៕

Tag:
 ហ៊ុន សែន
  កាល់ម៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com