កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ហ្វីលីពីន​ចេញមុខ​សុំទោស ក្រោយ​រង​ការរិះគន់​លើ​បដិសណ្ឋារកិច្ច​
25, Nov 2019 , 10:26 am        
រូបភាព
ដោយ:
​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ហ្វីលីពីន សុំទោស​ចំពោះ​ការ​បដិសណ្ឋារកិច្ច​មិនបាន​ល្អ​ដោយ​បណ្តោយ​ឲ្យ​កីឡាករ គ្រូបង្វឹក​រង់ចាំ​ជាច្រើន​ម៉ោង​នៅ​ព្រលានយន្តហោះ និង​ការដឹក​កីឡាករ​ទៅ​ខុស​សណ្ឋាគារ ដែល​នាំ​ឲ្យ​មានការ​រិះគន់​។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ស៊ី​ហ្គេម​ហ្វីលីពីន​អះអាងថា បញ្ហា​នេះ​បណ្តាលមកពី​ការផ្លាស់ប្តូរ​ម៉ោង​ហោះហើរ​ចុងក្រោយ និង​បញ្ហា​ម៉ោង Check In របស់​សណ្ឋាគារ​។​

 
​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា​ស៊ី​ហ្គេម​របស់​ហ្វីលីពីន នៅ​ថ្ងៃអាទិត្យ ទី​២៤ វិច្ឆិកា នេះ បានចេញ​មកសុំ​ទោស​ក្រុមបាល់ទាត់ ដែល​ជួប​បញ្ហា​ពេល​ពួកគេ​មកដល់​ហ្វីលីពីន​។ ការសុំ​ទោស​នេះ ធ្វើឡើង​ក្រោយ​មានការ​រិះគន់​លើ​ការ​បដិសណ្ឋារកិច្ច​រប​ស់​ខ្លួន ពី​សំណាក់​ក្រុមបាល់ទាត់​ដែល​ស្ថិតក្នុង​ពូ​ល​ជា​ហ្វីលីពីន​។ មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​រិះគន់ គឺ​បន្ទាប់ពី​ម្ចាស់ផ្ទះ​ទុក​ឲ្យ​ក្រុមបាល់ទាត់​កម្ពុជា និង​ទី​ម័​រ​ខាងកើត​រង់ចាំ​ឡាន​ជាច្រើន​ម៉ោង​នៅ​ព្រលានយន្តហោះ និង​ដឹក​កីឡាករ​ទៅ​ខុស​សណ្ឋាគារ​ជាដើម​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់ AFP គណៈ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​របស់​ហ្វីលីពីន បាន​ព្យាយាម​ពន្យល់​លើ​បញ្ហា​ខាងលើ​ដោយ​ដាក់បន្ទុក​លើ​ការផ្លាស់ប្តូរ​ម៉ោង​ហោះហើរ​ចុងក្រោយ និង​ពេលវេលា Check In របស់​សណ្ឋាគារ​។ ពួកគេ​ទុក​បញ្ហា​នេះ​ថា ជាការ​យល់ច្រឡំ​។ «​យើង​សុំទោស​ដោយស្មោះ​ដល់​អត្ត​ព​លិ​ក​ជា​ភ្ញៀវ សម្រាប់​ភាព​រញ៉េរញ៉ៃ ដែល​នាំ​ឲ្យ​ពួកគេ​យល់ច្រឡំ​»​។ នេះ​ជាការ​លើកឡើង​របស់​គ​ណៈ​កម្ម​ការរៀប​ចំការ​ប្រកួត​ស៊ី​ហ្គេម​របស់​ហ្វីលីពីន ដែល​អះអាងថា ពួកគេ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​។ 
 
​ក្រុមបាល់ទាត់​កម្ពុជា ទី​ម័​រ​ខាងកើត មី​យ៉ាន់​ម៉ា និង​ថៃ ដែល​ស្ថិតក្នុង​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន​បាន​ទៅដល់​ទឹកដី​ហ្វីលីពីន​កាលពី​ថ្ងៃទី​២៣ វិច្ឆិកា ដើម្បី​រង់ចាំ​ប្រកួត​លើ​វិញ្ញាសា​បុរស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។ ប៉ុន្តែ​មាន​បញ្ហា​ជា​បន្តបន្ទាប់​ពេល​ពួកគេ​ទៅដល់​ទឹកដី​ហ្វីលីពីន​។ 
 
​ក្រុម​កម្ពុជា​ដែល​ជួប​បញ្ហា​នៅ​ព្រលាន​យន្ត​ហើយ​នោះ បាន​ចំណាយពេល​ជាច្រើន​ម៉ោង ដើម្បី​រង់ចាំ Check In នៅ​សណ្ឋាគារ​មុន​បាន​ចូល​បន្ទប់​គេង​។ ទាំង​ថ្នាក់ដឹកនាំ និង​កីឡាករ​បាននាំគ្នា​សម្រាក​លើ​កម្រាល និង​សា​ឡុង​នៅ​កន្លែង​រង់ចាំ​ក្នុង​សណ្ឋាគារ​។ 
 
«​យើង​បាន​រង់ចាំ​ប្រហែល​៨​ទៅ​៩​ម៉ោង​ពេលទៅដល់​សណ្ឋាគារ​»​។ លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើកឡើង​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​នៅ​ថ្ងៃទី​២៤ វិច្ឆិកា ដែល​បាន​បន្ថែ​មថា ពួកគេ​ក៏បាន​រង់ចាំ​ជាច្រើន​ម៉ោង​សម្រាប់​ការដឹកជញ្ជូន​នៅ​ព្រលានយន្តហោះ​ផងដែរ​។ 
 
​មិន​ខុសគ្នា​ពី​កម្ពុជា​នោះទេ ក្រុមទី​ម័​រ​ខាងកើត ត្រូវ​រង់ចាំ​ឡាន​ដឹក​ពួកគេ​យ៉ាងយូរ​ពេល​ពួកគេ​ទៅដល់​ព្រលានយន្តហោះ​។ កាន់តែ​ហួសចិត្ត​ឡាន​ដឹក​ពួកគេ​ទៅ​ហុ​ស​សណ្ឋាគារ​ទៀត ដែល​ធ្វើ​ឲ្យ​កាលវិភាគ​នៃ​ការមកដល់ និង​ហ្វឹកហាត់​មាន​ភាព​រញ៉េរញ៉ៃ​។ «​គ្រប់​ប្រទេស​ទាំងអស់​សម​នឹង​ទទួលបាន​ការគោរព​ពី​ម្ចាស់ផ្ទះ ហើយ​រឿង​ដែល​បាន​កើតឡើង​កាលពី​ម្សិលមិញ​(​សៅរ៍​) គឺ​មិនល្អ​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Fabiano Flora គ្រូបង្វឹក​ក្រុមទី​ម័​រ​ខាងកើត​។  
 
​បញ្ហា​ខាងលើ​ក៏បាន​កើតឡើង​ចំពោះ​ក្រុមបាល់ទាត់​ថៃ ផងដែរ​។ បើតាម Rappler ក្រុម​ថៃ​ត្អូញត្អែរ​ពី​ការខ្វះខាត​បន្ទប់ ដែល​បង្ខំ​ឲ្យ​កីឡាករ​ពួកគេ​បីនាក់​ត្រូវ​សម្រាក​ក្នុង​បន្ទប់​សម្រាប់​មនុស្ស​ពីរ​នាក់​។ ថៃ ក៏ត្រូវ​បង្ខំចិត្ត​លុបចោល​ការហ្វឹកហាត់​រប​ស់​ខ្លួន​ផងដែរ ព្រោះ​ទីលាន​ហ្វឹកហាត់​នៅ​ចម្ងាយ​ដល់​ទៅ​៣៨​គីឡូម៉ែត្រ​ពី​សណ្ឋាគារ​។ ចម្ងាយ​នេះ គេ​ត្រូវ​ចំណាយពេល​ធ្វើដំណើ​រយ៉ា​ង​ហោចណាស់​ក៏​ពីរ​ម៉ោង​ដែរ​។ ជំនួស​មកវិញ កីឡាករ​ថៃ​ត្រូវ​ហ្វឹកហាត់​នៅក្បែរ​សណ្ឋាគារ​ពួកគេ​។​
 
​រីឯ​ក្រុម​មី​យ៉ាន់​ម៉ា​វិញ បាន​ត្អូញត្អែរ​ពី​ការរង់ចាំ​យូរ​នៅ​ព្រលានយន្តហោះ Ninoy Aquino ។ មី​យ៉ាន់​ម៉ា ក៏​មិន​ពេញចិត្ត​រថយន្ត​ដឹក​កីឡាករ​ដែលមាន​ទំហំ​តូច ពិបាក​ដល់​កីឡាករ​ពួកគេ​ដែរ​។​
 
​ទាក់ទង​នឹង​ការ​ត្អូញត្អែ​របស់លោក Felix សណ្ឋាគារ Century Park Hotel បាន​បកស្រាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ថា ក្រុម​កម្ពុជា​ទៅ​លឿន​ពេក ដូច្នេះ​ពួកគេ​មិនអាច​ឆ្លើយតប និង​ប្រគល់​បន្ទប់​បាន​ភ្លាមៗ​ឡើយ ដោយសារតែ​ម៉ោង Check Out របស់​ភ្ញៀវ​ផ្សេង ត្រូវ​រង់ចាំ​រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ ប៉ុន្តែ​ក្រុម​កម្ពុជា​មកដល់​តាំងពី​ម៉ោង​៨ និង​២៥​នាទី​ពេលព្រឹក​៕

Tag:
 SEA Games
  Felix Dalmas
  ហ្វ​លី​ពី​ន
© រក្សាសិទ្ធិដោយ thmeythmey.com