ក្រុមកីឡាជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាត្រូវប្រកួតបើកឆាកជាមួយម្ចាស់ផ្ទះហ្វីលីពីន នាជំនួបពូល A នៃព្រឹត្តិការណ៍ SEA Game 2019 វេលាម៉ោង៧យប់(ម៉ោងនៅកម្ពុជា)ថ្ងៃទី២៥ ខែវិច្ឆិកា នេះ។ មុនការប្រកួតដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រកម្ពុជា ក្រុមម៉ាឡេស៊ី ប៉ះ មីយ៉ាន់ម៉ានៅម៉ោង៤រសៀល។ ការប្រកួតទាំងពីរនេះ ធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial Stadium។
ក្រោយសម្រាកបានពីរថ្ងៃ បន្ទាប់ពីជួបបញ្ហាបដិសណ្ឋារកិច្ចពេលទៅដល់ប្រទេសហ្វីលីពីនថ្ងៃដំបូង ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាក្រោមការដឹកនាំរបស់លោក Felix Dalmas ត្រូវប្រកួតបើកឆាកជាមួយម្ចាស់ផ្ទះហ្វីលីពីននៅយប់នេះ។ នេះជាការជួបគ្នា៣លើកជាប់គ្នារវាងកម្ពុជានិងហ្វីលីពីនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខណៈពីរលើកកន្លងមកពួកគេឈ្នះម្នាក់មួយលើកដូចគ្នា។
នាព្រឹត្តិការណ៍ស៊ីហ្គេមនៅសិង្ហបុរីឆ្នាំ២០១៥ក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោក Lee Tae Hoon បានយកឈ្នះហ្វីលីពីនក្នុងលទ្ធផល ៣-១ ដោយកីឡាករ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង ជាអ្នកសម្រេចគ្រាប់បាល់។ ឯកីឡាករ Salenga Paolo ជាអ្នករកគ្រាប់បាល់ឲ្យហ្វីលីពីន។ កាលណោះ កម្ពុជាបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤មាន៤ពិន្ទុ ខណៈហ្វីលីពីនឈរបាតតារាងក្នុងចំណោម៥ក្រុមចូលរួម។ ក្រោយយកឈ្នះមីយ៉ាន់ម៉ា ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ ថៃ បានក្លាយជាម្ចាស់ជើងឯកប្រចាំព្រឹត្តិការណ៍នេះ ខណៈវៀតណាមទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះឥណ្ឌូណេស៊ី ៥-០។
ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ SEA Games នៅម៉ាឡេស៊ីកាលពីឆ្នាំ២០១៧ កម្ពុជាបានប្រកួតចាញ់ហ្វីលីពីនក្នុងលទ្ធផល ២-០ ដោយកម្ពុជាឈរបាតតារាងពូល B ឯហ្វីលីពីនឈរលេខ៤។ ថៃគ្រងជើងឯកក្រោយយកឈ្នះម៉ាឡេស៊ី ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ឯឥណ្ឌូណេស៊ីឈរលេខ៣ក្រោយយកឈ្នះមីយ៉ាន់ម៉ា ៣-១។
ការប្រកួតរវាងកម្ពុជានិងហ្វីលីពីន ដែលធ្វើឡើងនៅម៉ោង៧យប់នៅកីឡដ្ឋាន Rizal Memorial Stadium វានឹងក្លាយជាការប្រកួតដ៏តានតឹង និងទាក់ទាញសម្រាប់ទស្សនិកជន។ ដ្បិគ្រូបង្វឹកក្រុមទាំងពីរសុទ្ធតែអះអាងពីការត្រៀមខ្លួនបានល្អរៀងៗខ្លួននាសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី២៤ ខែវិច្ឆិកា។
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas បានលើកឡើងថា ក្រុម U22 កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការតទល់ជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន ទោះបីភាពរអាក់រអួលច្រើនពេលមកដល់ទឹកដីហ្វីលីពីនថ្ងៃដំបូងក៏ដោយ។ លោកអះអាងដច្នេះថា៖«ថ្វីត្បិតមានភាពរអាក់រអួលច្រើនចំពោះក្រុមយើងពេលដល់ហ្វីលីពីនក៏ពិតមែន តែក្រុមយើងអាចព្យាយាមសម្របខ្លួនតាមស្ថានភាពជាក់ស្តែងបានល្អ»។
ជាមួយគ្នានេះ លោក Goran Milojevic គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំហ្វីលីពីនមិនបាននិយាយអ្វីច្រើននោះទេ គ្រាន់តែអះអាងថា ពួកគេត្រូវការឈ្នះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។ គ្រូបង្វឹករូបនេះជឿជាក់ថា ការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏ទាក់ទាញ និងស្វិតស្វាញបំផុត។
គួររំលឹកថា ក្រុមបាល់ទាត់កម្ពុជាបានជួបរឿងហួសចិត្តនឹកស្មានមិនដល់មួយពេលទៅដល់ទឹកដីហ្វីលីពីន កាលពីថ្ងៃទី២៣ វិច្ឆិកា ដោយពួកគេត្រូវរង់ចាំឡានដឹកជាច្រើនម៉ោងនៅព្រលានយន្តហោះ ហើយត្រូវរង់ចាំជាច្រើនម៉ោងទៀតពេលទៅដល់សណ្ឋាគារទម្រាំបានចូលបន្ទប់សម្រាក។ ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករត្រូវដេកលើកម្រាល និងសាឡុងនៅកន្លែងទទួលភ្ញៀវ។
មិនមែនមានតែកម្ពុជានោះទេ ដែលជួបបញ្ហានេះ ក្រុមមីយ៉ាន់ម៉ា ទីម័រខាងកើត និងថៃ ដែលស្ថិតនៅក្នុងពូលជាមួយហ្វីលីពីនក៏ជួបបញ្ហាពេលទៅដល់ផងដែរ៕