អន្តរជាតិ
ប្រមុខការទូតចិន៖ គ្មានឥទ្ធិពលណាមួយ អាចបញ្ឈប់ចិនឲ្យអភិវឌ្ឍកាន់តែខ្លាំងឡើងៗឡើយ
× រដ្ឋាភិបាលក្រុងប៉េកាំង មិនមានការស្ទាក់ស្ទើរក្នុងការលើកឡើងពីសក្តានុពល និងការអភិវឌ្ឍឥតឈប់ឈររបស់ខ្លួនទៅកាន់មេដឹកនាំខាងក្រៅឡើយ។ បន្ថែមពីការអួតអាងភាពខ្លាំងរបស់ខ្លួន ប៉េកាំង ក៏បានរិះគន់ប្រទេសមហាអំណាចមួយចំនួន ដែលមានគោលនយោបាយចង្អៀតចម្អល់ និងតែងតែបង្កាច់បង្ខូចខ្លួនខុសពីការពិត ដែលទង្វើនេះ ក្រុងប៉េកាំង យល់ឃើញថា នឹងជះឥទ្ធិពលមិនល្អទៅកាន់ប្រទេសទាំងនោះជាមិនខាន។
តាមរយៈជំនួបក្រៅផ្លូវការនៃកិច្ចប្រជុំក្រុម ២០ ជាមួយនឹងនឹងរដ្ឋមន្ត្រីការបរទេសហូឡង់ Stef Blok លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានអះអាងថា ការអភិវឌ្ឍ និងការលូតលាស់របស់ចិន គឺជាទំនោរនៃប្រវត្តិសាស្ត្រមួយដែលត្រូវកើតឡើង ហើយគ្មានឥទ្ធិពលណាមួយអាចបញ្ឈប់ទំនោរនេះបានឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua នៅថ្ងៃទី២៣ ខែវិច្ឆិកា។
លោករដ្ឋមន្ត្រី Wang ឆ្លៀតឱកាសនោះ បានវាយប្រហារអាមេរិក ដែលជាដៃគូជម្លោះពាណិជ្ជកម្ម។ លោក លើកឡើងថា ចំណែកមួយដ៏ធំនៃអស្ថិរភាពសកល គឺដោយសារការមើលស្រាលទៅលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ខណៈជ្រើសរើសគោលនយោបាយពាណិជ្ជកម្មឯកតោភាគី និងគាំពារនិយមរបស់អាមេរិក។
តាមលោករដ្ឋមន្ត្រី និងជាទីប្រឹក្សារដ្ឋចិនផងនោះ ក្រុងវ៉ាស៊ីនតោន បានប្រើប្រាស់អំណាចរដ្ឋរបស់ខ្លួនដើម្បីដាក់សម្ពាធទៅលើសហគ្រាសរបស់ចិនក្នុងគោលដៅបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន ហើយកាន់តែអាក្រក់សម្រាប់ប៉េកាំងនោះ កន្លងមកមានអ្នកនយោបាយរបស់អាមេរិកមួយចំនួន បានបង្កាច់បង្ខូចឈ្មោះរបស់ចិនជុំវិញពិភពលោក ដោយគ្មានអំណះអំណាងមូលដ្ឋានឡើយ។
ទង្វើរបស់អាមេរិកបែបនេះ ប្រមុខការទូតចិន បានសន្និដ្ឋានថា មិនចំណេញដល់នយោបាយអាមេរិកឡើយ ពោលគឺវា នឹងកាន់តែធ្វើឲ្យមានផលប៉ះពាល់អាក្រក់ជះមកវិញ ហើយពិសេសនោះ អាមេរិក នឹងមិនត្រឹមតែបាត់បង់ចរិកលក្ខណៈក្នុងនាមជាប្រទេសធំជាងគេរបស់ពិភពលោកប៉ុណ្ណ៉ោះនោះទេ តែកេរ្តិ៍ឈ្មោះ ក៏ត្រូវបានបំផ្លាញផងដែរ។
លោក Wang បានផ្ញើសារជាប្រយោលទៅកាន់អាមេរិក ដោយមិនត្រូវលូកដៃចូលក្នុងរឿងផ្ទៃក្នុងរបស់ចិន ដូចជាករណីហុងកុងជាដើម។ អ្វីដែលអាមេរិកគួរធ្វើ លោក បានផ្តល់អនុសាសន៍ គឺប្រកៀកស្មាជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីទទួលខុសត្រូវលើបញ្ហាអន្តរជាតិ ស្របតាមគោលការណ៍ច្បាប់ និងបទដ្ឋានអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com