អន្តរជាតិ
Goo Hara តារាចម្រៀង Kpop ស្លាប់ ដោយសង្ស័យថា បានធ្វើអត្តឃាត Goo Hara អតីតតារាចម្រៀង Kpop (AFP)
× តារាចម្រៀងកូរ៉េខាងត្បូង Goo Hara ត្រូវបានរកឃើញថា ស្លាប់ នៅផ្ទះរបស់នាង ក្នុងទីក្រុង សេអ៊ូល ។ ចំពោះមូលហេតុនៃការស្លាប់នេះ ប៉ូលិស នៅកំពុងស៊ើបអង្កេត។ ការស្លាប់របស់នាង Goo កើតឡើងជាងមួយខែប៉ុណ្ណោះ ក្រោយពីតារាចម្រៀង Kpop ស្រីម្នាក់ផ្សេងទៀត រកឃើញស្លាប់ ក្នុងលក្ខណៈសង្ស័យថាជាការធ្វើអត្តឃាត ។
មានអាយុ២៨ឆ្នាំ Goo Hara មានឈ្មោះបោះសំឡេងខ្លាំង ក្រោយចូលសិល្បៈក្នុងឆ្នាំ២០០៨ ដោយរូបនាង គឺជាអតីតសមាជិកក្រុមចម្រៀង Kpop ដ៏ល្បីល្បាញមួយ ហៅថា «Kara» ។ ក្រៅពីអាជីពជាតារាចម្រៀង Goo ក៏ជាតារាសម្តែងភាពយន្តភាគកូរ៉េល្បីៗជាច្រើនលើកញ្ចក់ទូរទស្សន៍ ដូចជា City Huter ជាដើម ជាមួយតារាកូរ៉េដ៏ល្បីឈ្មោះ Lee Min-ho ។ ចាប់តាំងពីឆ្នាំ២០១៥ Goo បានផ្តើមចេញបទចម្រៀងទោល។
យោងតាមប្រភពព័ត៌មានក្នុងស្រុក ប៉ូលិសកូរ៉េខាងត្បូង បញ្ជាក់ឲ្យដឹងថា តារាចម្រៀង Goo Hara បានរកឃើញថា ស្លាប់ នៅវេលាម៉ោង ៦ល្ងាច (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ ២៤វិច្ឆិកា នៅក្នុងផ្ទះរបស់នាងផ្ទាល់ ។ ប៉ូលិស អះអាងទៀតថា មូលហេតុនៃការស្លាប់របស់នាង នៅកំពុងស្ថិតក្រោមការស៊ើបអង្កេត។
ពាក្យចុងក្រោយដែលនាង Goo Hara គឺ «រាត្រីសួស្តី» ដោយភ្ជាប់ជាមួយនឹងរូបថតនាងមួយសន្លឹក គេងនៅលើគ្រែ ហើយវាត្រូវបានបង្ហោះលើបណ្តាញសង្គម Instagram កាលពីថ្ងៃសៅរ៍ ២៣វិច្ឆិកា។
កាលពីសប្តាហ៍មុន គេមើលឃើញថា តារា Kpop រូបនេះ បានឡើងសម្តែងលើឆាកប្រគំតន្ត្រី នារដ្ឋធានី សេអ៊ូល បន្ទាប់ពីនាងបានសម្រាកព្យាបាលកាលពីខែឧសភា កន្លងទៅ ក្រោយពីដំណឹងថានាងប៉ុនប៉ងធ្វើអត្តឃាត។ ក្រោយមក Goo Hara បានចេញមុខសុំទោសក្រោយធ្វើឲ្យហ្វេនរបស់នាងមានក្តីបារម្ភជុំវិញហេតុការណ៍នេះ។ របាយការណ៍ជាច្រើន បញ្ជាក់ថា អ្នកចាត់ការរបស់នាង បានរកឃើញថា នាងបាត់បង់ស្មារតី នៅពេលនោះ។
សូមបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំចុងក្រោយ អាជីពសិល្បៈរបស់នាង តាមលងដោយជីវិតក្រោយឆាករបស់នាង។ ក្នុងខែ កញ្ញា ២០១៨ តារារូបនេះ បានដាក់ពាក្យបណ្ដឹងប្រឆាំងអតីតមិត្តប្រុសនាងបន្ទាប់ពីរូបគេបានគំរាមបំផ្លាញអាជីពសិល្បៈនាង ដោយទម្លាយវីដេអូអាសអាភាសរបស់នាង។ ក្រោយមក អតីតដៃគូនាងរូបនេះ ត្រូវបានតុលាការពន្យារពេលការដាក់ពន្ធនាគារក្នុងខែសីហា ចំពោះបទល្មើសវាយដំរាងកាយនាង និងការគំរាមកំហែង។
ការស្លាប់របស់នាង Goo Hara កើតឡើងជាងមួយខែប៉ុណ្ណោះ ក្រោយពីតារាចម្រៀង Kpop ស្រីម្នាក់ទៀត ឈ្មោះថា Sulli ក៏ត្រូវបានរកឃើញថា ស្លាប់ ក្នុងស្ថានភាពសង្ស័យថា ធ្វើអត្តឃាត បន្ទាប់ពីនាងរងការស្តីបន្ទោសខ្លាំងតាមប្រព័ន្ធអនឡាញ។ តារាកូរ៉េល្បីឈ្មោះទាំងពីរនាក់នេះ គឺជាមិត្តជិតស្និទ្ធនឹងគ្នា ហើយបន្ទាប់ពីការស្លាប់របស់នាង Sulli តារាចម្រៀង Goo បានចាត់ទុកទំនាក់ទំនងរបស់ពួកគេថា ដូចបងប្អូនស្រី ។ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក កូរ៉េខាងត្បូង មានអត្រានៃការធ្វើអត្តឃាតខ្ពស់បំផុតមួយលើពិភពលោក៕
Tag:
កូរ៉េខាងត្បូង
Goo Hara
Kpop
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com