ជាតិ
វីដេអូ
«​កន្ទេល​ស្លឹក​រំចេក​ព្រៃ​»​របស់​ជនជាតិ​កួយ​អាច​ប្រើ​បាន​១៥​ឆ្នាំ តែ​ប្រឈម​នឹង​លែងមាន​អ្នកចេះ​ត្បាញ​​​
25, Nov 2019 , 4:06 pm        
រូបភាព
​ភ្នំពេញ​៖ ជនជាតិដើម​ភាគតិច​កួយ នៅ​ខេត្តកំពង់ធំ និយម​យក​ស្លឹក​រំចេក​ព្រៃ​មក​ត្បាញ​ជា​កន្ទេល ដើម្បី​ប្រើប្រាស់​។ អ្នកស្រី ជួប នឹម ដែល​កំពុង​អង្គុយ​ត្បាញ​ក​ន្ទេ​ល​ស្លឹក​រំចេក​ព្រៃ​នេះ បាន​ឲ្យ​ដឹងថា ក​ន្ទេ​លនេះ កាន់តែ​ប្រើ​កាន់តែ​ទន់​រលោង និង​អាច​ប្រើ​បាន​រហូតដល់​ទៅ​១៥​ឆ្នាំ​។ បទពិសោធ​ជាង​៣០​ឆ្នាំ​នៃ​មុខរបរ​ប្រពៃណី​មួយ​នេះ ស្ត្រី​វ័យ​៦៥​ឆ្នាំ ជួប នី​ម កំពុង​បារម្ភ​ពី​ការបាត់បង់​មុខរបរ​ត្បាញ​ក​ន្ទេ​លនេះ ដោយសារ​ព្រៃ​កាន់តែ​រេចរឹល​ដែល​ធ្វើ​ឲ្យ​ពិបាក​រក​សឹ្ល​ក​រំចេក​។ ម្យ៉ាងទៀត យុវជន​ជំនាន់​ក្រោយ​លែង​ចង់​បន្ត​មុខរបរ​នេះ​ពី​ឪពុកម្តាយ​របស់​ពួកគេ ព្រោះ​ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ និង​លក់បាន​តម្លៃ​ទាប​ជាង​ទៅ​ស៊ីឈ្នួល​ធ្វើការ​ឲ្យ​គេ​។​


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​អ្នកស្រី ជួប នី​ម បទពិសោធ​ត្បាញកន្ទេល​ស្លឹក​រំចេក​ជាង​៣០​ឆ្នាំ ដូចតទៅ​៖

 
 
​ដៃ​កំពុង​ត្បាញ​ក​ន្ទេ​លស្លឹក​រំចេក​ព្រៃ នៅក្នុង​ពិព័រណ៍​ផលិតផល និង​ម្ហូបអាហារ​ជនជាតិដើម​ភាគតិច កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៩ នេះ អ្នកស្រី ជួប នី​ម ជនជាតិដើម​ភាគតិច​កួយ រស់នៅ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា កន្ទេល​ស្លឹក​រំចេក​ព្រៃ អាច​ប្រើ​បានយូរ​ជាង​កន្ទេល​ស្លឹក​រំចេក​ស្រុក ពោលគឺ​កន្ទេល​ស្លឹក​រំចេក​ព្រៃ ប្រើ​កាន់តែ​យូរ​កាន់តែ​ទន់​រលោង និង​អាច​ប្រើ​បាន​រហូត​ជាង​១៥​ឆ្នាំ​។ បទពិសោធ​ត្បាញកន្ទេល​ជាង​៣០​ឆ្នាំ អ្នកស្រី ជួប នី​ម បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ស្លឹក​រំចេក​ព្រៃ​ទន់​ងាយ​ត្បាញ​ជាង​ស្លឹក​រំចេក​ស្រុក ម្យ៉ាងទៀត ស្លឹក​រំចេក​ព្រៃ​មាន​ជាតិ​សរសៃ​ធន់​នឹង​កម្ដៅថ្ងៃ និង​រឹងមាំ​ល្អ​។​
 
​ទោះបី​កន្ទេល​ស្លឹក​រំចេក​ព្រៃ​នេះ ប្រើ​បានយូរ​ក៏ដោយ ប៉ុន្តែ ស្ត្រី​ជនជាតិដើម​ភាគតិច​កួយ​វ័យ​៦៥​ឆ្នាំ រូបនេះ កំពុង​បារម្ភ​ខ្លាច​បាត់បង់​មុខរបរ​ប្រពៃណី​ត្បាញ​ក​ន្ទេ​លនេះ ខណៈដែល​កូនចៅ​ជំនាន់​ក្រោយ​ពុំ​សូវ​មាន​អ្នកចេះ​ត្បាញ​។ អ្នកស្រី​បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ពិបាក​រក​រំចេក​ដោយ​ត្រូវ​ទៅ​កាប់​នៅក្នុង​ព្រៃ​ជ្រៅ ដែលមាន​ចំងាយ​២០​ទៅ​៣០​គីឡូ​ម៉ែ​ត្ត​ពី​ផ្ទះ​ប្រជាជន ហើយ​ការ​ត្បាញ​ត្រូវ​ចំណាយពេល​ប្រមាណ​១០​ថ្ងៃ​ទើប​រួច ដែល​អាច​លក់បាន​ក្នុងតម្លៃ​តែ​៧-៨​ម៉ឺន​ប៉ុណ្ណោះ​។ មូលហេតុ​ទាំងនេះ អ្នកស្រី នី​ម បញ្ជាក់ថា កូនចៅ​របស់​អ្នកស្រី និង​យុវជន​ផ្សេងទៀត គេ​មិនសូវ​ចាប់អារម្មណ៍​ត្បាញ​ក​ន្ទេ​ល​នេះ​ទេ ហើយ​គេ​ទៅ​ធ្វើការ​ស៊ីឈ្នួល​គេ​វិញ អាច​រកប្រាក់​បាន​២-៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។​
 
​ក្រៅពី​យក​ស្លឹក​រំចេក​ធ្វើជា​កន្ទេល ជនជាតិដើម​ភាគតិច​កួយ ក៏បាន​យក​ស្លឹក​រំចេក​នេះ ធ្វើជា​ស្រោមខ្នើយ និង​កា​រ៉ុង​សម្រាប់​ដាក់​អង្ករ និង​គ្រាប់​ធញ្ញជាតិ​ផងដែរ​៕

Tag:
 ​ស្លឹក​រំចេក​
 ​អាយុ​
 ​ជនជាតិភាគតិច​
© រក្សាសិទ្ធិដោយ thmeythmey.com