អន្តរជាតិ
លោក Trump នៅតែ​ថា​ខ្លួន​លោក​គ្មាន​ទោស ទោះបី​មាន​សក្ខីកម្ម​ប្រឆាំងនឹង​លោក​ក៏ដោយ​
25, Nov 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​សេត​វិមាន ៖ នេះ​គឺជា​សាវតារ​ចំពោះ​ចម្ងល់​ដែលថា​តើ​លោក​ប្រធានាធិបតី Donald Trump បាន​ផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ជា​ថ្នូរ​នឹង​ការ​ឲ្យ​អ៊ុយ​ក្រែ​ន​ប្រកាស​បើក​ការស៊ើបអង្កេត​លើ​លោក Joe Biden ដែល​អាចជា​គូប្រជែង​នយោបាយ​របស់លោក​នៅក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​ដែរ​ឬក៏​យ៉ាងណា​នោះ​។​

 
​កាលពី​សប្ដាហ៍​មុន សាក្សី​មួយចំនួន​បានផ្ដល់​សក្ខីកម្ម​ថា សម្ព័ន្ធមិត្ត​របស់លោក Trump ដែល​នោះ​គឺ​លោក Rudy Guiliani មេធាវី​ផ្ទាល់ខ្លួន​របស់លោក Trump និង​លោក Gordon Sondland ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប បាន​អនុវត្ត​យុទ្ធនា​ការដាក់​សម្ពាធរ​ប​ស់លោក Trump លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​
 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន អ្នកស្រី Fiona Hill អតីត​អ្នកជំនាញ​កំពូល​ផ្នែក​កិច្ចការ​ប្រទេស​រុស្ស៊ី​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក បាន​រៀបរាប់ថា អ្នកស្រី​មានការ​ខកចិត្ត​ចំពោះ​លោក Sondland កាលពី​ខែកក្កដា នៅពេលដែល​លោក Sondland ព្យាយាម​ឲ្យ​មន្ត្រី​អ៊ុយ​ក្រែ​ន​ជួប​ជាមួយនឹង​មន្ត្រី​សេត​វិមាន ជា​ថ្នូរ​នឹង​ការណ៍​ឲ្យ​អ៊ុយ​ក្រែ​ន​ស៊ើបអង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden​។​
 
​អ្នកស្រី Hill និយាយថា​៖ «​លោក Sondland ជា​អ្នក​ប្រឡូក​ក្នុង​បេសកកម្ម​នយោបាយ​ក្នុង​សហរដ្ឋអាមេរិក​។ ហើយ​ពួកយើង​ជា​អ្នក​ប្រឡូក​ក្នុង​គោលនយោបាយ​ការបរទេស​សន្តិសុខ​ជាតិ​។ រឿង​ទាំងពីរ​នេះ​បាន​ដើរ​ខុស​គន្លង​របស់ខ្លួន​»​។​
 
​អ្នកស្រី Hill ក៏បាន​រិះគន់​ផងដែរ​លើ​ការលើកឡើង​របស់​គណ​បក្ស​សាធារណរដ្ឋ នៅពេលដែល​ពួកគេ​ការពារ​កិច្ចប្រឹងប្រែង​របស់លោក Trump នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ការលើកឡើង​របស់​គ​ណ​បក្ស​សាធារណរដ្ឋ​នោះ​គឺថា រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន មិនមែន​រដ្ឋាភិបាល​រុស្ស៊ី​ទេ ដែលជា​អ្នក​ស្ថិតនៅ​ពីក្រោយ​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ ២០១៦​។​
 
​អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា​៖ «​នេះ​គឺជា​រឿងប្រឌិត​ដែល​ប្រព្រឹត្តិ​ឡើង និង​ផ្សព្វផ្សាយ​ដោយ​ផ្នែក​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ី​ផ្ទាល់​។ ការពិតជា​អកុសល​គឺថា ប្រទេស​រុស្ស៊ី​គឺជា​មហាអំណាច​បរទេស​ដែល​វាយប្រហារ​ជា​ប្រព័ន្ធ​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​សហរ​ដ្ឋ​អាមេរិក​នៅក្នុង​ឆ្នាំ ២០១៦​​»​។​
 
​ស្របពេល​នេះដែរ លោក Trump នៅតែ​បន្ត​បញ្ជាក់​សារ​ឡើងវិញ​នូវ​សារ​ដ៏​សំខាន់​របស់លោក​។​
 
​លោក Trump បញ្ជាក់​ដូច្នេះ​ថា​៖ «​នេះ​គឺជា​ពាក្យ​ចុង​ក្រោយពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។ ខ្ញុំ​មិន​ចង់បាន​អ្វី​ទាំង​អ​ស‍់​»​។​
 
​លោក Trump ចង់​សំដៅលើ​សក្ខីកម្ម​របស់លោក Sondland កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ដែល​រៀបរាប់​អំពី​ការសន្ទនា​តាម​ទូរស័ព្ទ ដែល​នៅក្នុង​ការសន្ទនា​នោះ លោក Trump បាន​ប្រា​ប់លោក Sondland ថា លោក ​«​មិន​ចង់បាន​ការដោះដូរ​ប្រ​យោ​ជ​ន‍៍​» ណាមួយ​ទេ​។ ចំណុច​នេះ​គឺជា​អ្វីដែល​លោក Trump និង​សម្ព័ន្ធមិត្ត​ខាង​គណបក្ស​សាធារណរដ្ឋ​របស់លោក​បាន​ផ្ដោតលើ​នៅក្នុង​សវនាការ​កន្លងមក​។​
 
​អ្នកស្រី Jennifer Victor ដែល​បង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ George Mason បាន​និយាយថា​៖ «​ពួកគេ​ផ្ដោត​ខ្លាំង​លើ​ពាក្យ​នោះ ទោះបីជា​សាក្សី​ភាគច្រើន​ដែល​ផ្ដល់​សក្ខីកម្ម​រៀបរាប់​នូវ​ការដោះដូរ​មួយ ដែលជា​ការដោះដូរ​ប្រយោជន៍​ក៏ដោយ​។ ស្របពេល​នោះដែរ ពួកគេ​ថា ទោះបីជា​មានការ​ដោះដូរ​នេះ​ក៏ដោយ ក៏​នេះ​មិនមែនជា​ការដោះដូរ​ប្រយោជន៍​នោះទេ​។ ពួកគេ​លើកឡើង​ដូចនេះ ហាក់ដូចជា​ពាក្យ​ថា ដោះដូរ​ប្រយោជន៍​នេះ​គឺជា​លក្ខខណ្ឌ​សម្រាប់​សម្រេច​លើ​ថា​តើ​ករណីនេះ​គឺ​ត្រឹមត្រូវ​ឬក៏​អត់​នោះ ដូច្នេះ​បើតាម​ហេតុផល​ត្រឹមត្រូវ យើង​ឃើញថា វា​មិន​ស៊ីមេទ្រី​គ្នា​នោះ​ទ‍េ​»​។​
 
​លោក Sondland បាន​រំឭក​ឡើងវិញ​ថា លោក​បាន​សន្ទនា​រឿងនេះ​ជាមួយនឹង​លោក Trump កាលពី​ថ្ងៃទី ៩ ខែកញ្ញា គឺ​នៅ​ចំ​ថ្ងៃ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​ប្រកាសថា​ពួកគេ​នឹងធ្វើ​ការស៊ើបអង្កេត​អំពី​ការ​ផ្អឹប​ជំនួយ​យោធា​សម្រាប់​អ៊ុយ​ក្រែ​ន​។ ករណីនេះ​អាច​បង្ហាញ​ឲ្យ​ឃើញថា លោក Trump មានបំណង​មិន​ចង់​ឲ្យ​ខ្លួន​លោក​ជាប់ទោស​ណាមួយ​នៅក្នុង​ការសន្ទនា​នោះ​។ ប៉ុន្តែ អ្នកវិភាគ​មួយចំនួន​បញ្ជាក់ថា ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ប្រហែលជា​មិន​ខ្វល់​អំពី​ព័ត៌មាន​លំអិត​ដូចនេះ​ទេ​។​
 
​លោក Hans Noel នៃ​សាកលវិទ្យាល័យ Georgetown និយាយថា​៖ «​នេះ​គឺជា​រឿង​លំបាក​មួយ​។ តើ​លោក Trump គាំទ្រ​អ៊ុយ​ក្រែ​ន ឬក៏​ប្រឆាំង​អ៊ុយ​ក្រែ​ន​? តើ​អ្វី​ឲ្យ​ពិតប្រាកដ​ដែល​កំពុងតែ​កើតឡើង​? នេះ​នឹងធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ភាគច្រើន​មានការ​លំបាក​នៅក្នុង​កា​រ​ស្វែងយល់​។ ហេតុដូច្នេះ​ហើយ​បានជា​អ្នកបោះឆ្នោត​ភាគច្រើន​ស្វែងរក​ប្រភព​ទុកចិត្ត​ឲ្យ​ជួយ​បកស្រាយ​រឿង​ទាំងនេះ​។ អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ស្វែងរក​ប្រភព​ខាង​គណបក្ស​ប្រជាធិបតេយ្យ ហើយ​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​នឹង​ស្វែងរក​ប្រភព​ខាង​គណបក្ស​សាធារណរ​ដ្ឋ‍​»​។​
 
​កន្លងមក ការស្ទង់មតិ​បានបង្ហាញ​ថា ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ទាំង​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ និង​ទាំង​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយថា អ្វីដែល​ពួកគេ​ឮ​ទាក់ទិន​នឹង​ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ដក​លោក Trump ពី​តំណែង​នេះ នឹង​មិនអាច​កែប្រែ​ចិត្ត​របស់​ពួកគេ​បានទេ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង ឬក៏​ពាក់ព័ន្ធ​នឹង​លោក​ប្រធានាធិបតី Trump នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com