មហាសេដ្ឋីអាមេរិក លោក ម៉ៃឃើល ប្លុមប៊ើគ (Michael Bloomberg) បានប្រកាសជាផ្លូវការ ចូលរួមប្រកួតក្នុងនាមបេក្ខជនបក្សប្រជាធិបតេយ្យដើម្បីដណ្តើមយកតំណែងជាប្រធានាធិបតី។ ការប្រកាសរបស់លោក ប្លុមប៊ើគ ធ្វើឡើងត្រឹម១០សប្តាហ៍ប៉ុណ្ណោះ នៅមុនពេលការបោះឆ្នោតបឋមចាប់ផ្តើម។ ទន្ទឹមនេះ មហាសេដ្ឋីរូបនេះ ក៏ប្តេជ្ញាចាយលុយផ្ទាល់ខ្លួនក្នុងយុទ្ធនាការរកសំឡេងឆ្នោត។ ផែនការមិនទទួលយកលុយបរិច្ឆាគនេះ ក៏រងការទិតៀនផងដែរដោយចោទថា លោកព្យាយាមទិញការបោះឆ្នោត។
ដោយបញ្ចប់មន្ទិលសង្ស័យជាច្រើនសប្តាហ៍ លោក ម៉ៃឃើល ប្លុមប៊ើគ ដែលជាអតីតអ្នកនយោបាយបក្សសាធារណរដ្ឋ បានប្រកាសពីបេក្ខភាពរបស់លោក កាលពីថ្ងៃអាទិត្យ ២៤វិច្ឆិកា ។ ក្នុងសេចក្តីថ្លែងការណ៍មួយ អតីតអភិបាលក្រុង ញូវយ៉ក វ័យ៧៧ឆ្នាំរូបនេះ បញ្ជាក់ឲ្យដឹងថា លោកចូលប្រកួតដណ្តើមតំណែងប្រធានាធិបតីនេះដើម្បីផ្តួលលោកដូណាល់ ត្រាំនិងកសាងអាមេរិកជាថ្មី។
អមជាមួយនឹងវីដេអូផ្សាយពាណិជ្ជកម្មក្នុងទម្រង់នយោបាយស្តីពីជីវប្រវត្តិលោកផងនោះ លោក ប្លុមប៊ើគ លើកឡើងដូច្នេះថា៖ «យើង មិនអាចទ្រាំរយៈពេល៤ឆ្នាំទៀតក្រោមការដឹកនាំដោយខ្វះសីលធម៌និងធ្វេសប្រហែសរបស់លោកប្រធានាធិបតី ត្រាំ ឡើយ។ លោក [ត្រាំ] តំណាងឲ្យការគំរាមកំហែងដល់គុណតម្លៃយើងនិងប្រទេសយើង។ ប្រសិនបើលោក [ត្រាំ] ឈ្នះមួយអាណត្តិផ្សេងទៀត យើងប្រហែលលែងអាចជួសជុលការខូចខាតបានហើយ»។
ការប្រឡូកចូលការប្រកួតប្រជែងតំណែងប្រធានាធិបតី ដោយប្តូរពីបក្សសាធារណរដ្ឋទៅបក្សប្រជាធិបតេយ្យរបស់លោក ប្លុមប៊ើគ ធ្វើឡើងត្រឹម១០សប្តាហ៍ប៉ុណ្ណោះ នៅមុនពេលការបោះឆ្នោតបឋមចាប់ផ្តើម។ ការលេចមុខបេក្ខជនឈានទៅដណ្តើមតំណែងប្រធានាធិបតីថ្មីនេះ គឺឆ្លុះបញ្ចាំងកង្វល់ក្នុងចំណោមគណបក្សប្រជាធិបតេយ្យពាក់ព័ន្ធនឹងកម្លាំងរបស់បេក្ខជនបច្ចុប្បន្នខ្លួន។
លោក ប្លុមប៊ើគ នឹងចូលប្រកួតប្រជែងជាមួយបេក្ខជន១៧នាក់ផ្សេងទៀតដើម្បីដណ្តើមយកតំណែងបេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ ដែលនឹងទៅប្រកួតជាមួយលោក ត្រាំ ក្នុងឆ្នាំ២០២០ខាងមុខ។ ខណៈនេះ អតីតអនុប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន, សមាជិកព្រឹទ្ធសភា លោកស្រី Elizabeth Warren និងសមាជិកព្រឹទ្ធសភា លោក Bernie Sanders គឺជាបេក្ខជនឈានមុខរបស់បក្ស។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP មហាសេដ្ឋីអាមេរិករូបនេះ បានប្តេជ្ញាចំណាយលុយយ៉ាងតិច១៥០លានដុល្លារក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ២០២០ ដែលរួមមាន ជាង១០០លានដុល្លារលើការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធអ៊ីនធឺណិតសម្រាប់វាយប្រហារលើលោកត្រាំ និងជាង៣០លានដុល្លារលើការផ្សាយលើកញ្ចក់ទូរទស្សន៍។
យ៉ាងណាក៏ដោយ លោក ប្លុមប៊ើគ ពុំបានបញ្ជាក់តួលេខទឹកប្រាក់លម្អិតដែលលោកនឹងចំណាយលើមហិច្ឆតាឈោងចាប់តំណែងកំពូលនេះឡើយ ក៏ប៉ុន្តែ ទីប្រឹក្សាជាន់ខ្ពស់របស់លោក ឈ្មោះ Howard Wolfson អះអាងថា៖«ច្រើនប៉ុនណាក៏ដោយឲ្យតែអាចផ្តួលលោកដូណាល់ ត្រាំបាន»។ លោក Wolfson ក៏បញ្ជាក់ទៀតថា លោកប្លុមប៊ើគ សម្រេចថានឹងមិនទទួលប្រាក់បរិច្ចាគនយោបាយអ្វីទាំងអស់សម្រាប់យុទ្ធនការបោះឆ្នោត ឬក៏យកប្រាក់បៀវត្សនៅពេលលោកក្លាយជាប្រធានាធិបតី។
ផែនការពឹងអាស្រ័យលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកមហាសេដ្ឋី ប្លុមប៊ើគ ក៏រងការទិតៀនពីបេក្ខជនបក្សប្រជាធិបតេយ្យឈានមុខ ដូចជា លោក Bernie Sanders និងលោកស្រី Elizabeth Warren ជាដើម។ លោក Sanders និយាយថា លោក សឹងតែមិនជឿថា មហាសេដ្ឋកិច្ច មានសិទ្ធិទិញការបោះឆ្នោត។ ចំណែកលោកស្រី Warren វិញ លើកឡើងចំៗថា អ្នកមានទ្រព្យសម្បត្តិ អាចមានឡានច្រើន និងមានផ្ទះច្រើន ក៏ប៉ុន្តែពួកគេពុំអាចមានចំណែកធំឡើងក្នុងលទ្ធិប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា លោក ម៉ៃឃើល ប្លុមប៊ើគ គឺជាជនជាតិអាមេរិកមានបំផុតលំដាប់ទី៨ ហើយលំដាប់ទី១១លើពិភពលោក ជាមួយទ្រព្យសម្បត្តិសរុប ៥៤,៤ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ទស្សនាវដ្ដី Forbes កាលពីឆ្នាំ២០១៨។ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយ លោក ប្លុមប៊ើគ បានផ្តល់លុយរាប់លានដុល្លារដើម្បីជួយគាំទ្រប្រព័ន្ធអប់រំ, សុខាភិបាល និងផ្សេងទៀត ដែលក្នុងនោះ ក៏មាននយោបាយផងដែរ។
លោកបានរៀបចំយុទ្ធនាការដ៏ជោគជ័យក្លាយជាអភិបាលក្រុងញូវយ៉ក ក្នុងឆ្នាំ២០០១ និងរក្សាតំណែងនេះរហូតដល់៣អាណត្តិផ្ទួនគ្នា ពោលគឺដល់ឆ្នាំ២០១៣។ ហើយកាលនោះ លោក ជាសមាជិកបក្សសាធារណរដ្ឋ។ ពាក្យចចាមអារ៉ាមជុំវិញមហិច្ឆតាក្លាយជាប្រធានាធិបតី បានហ៊ុមព័ទ្ធលោកជាងមួយទសវត្សរ៍មកហើយ៕