រថយន្ត
អន្តរជាតិ
Ronaldinho ជាអតិថិជនដំបូងក្នុងពិព័រណ៌យានយន្តទំនើបៗនៅក្រុងរីយ៉ាត
× អតីតកីឡាករបាល់ទាត់ជម្រើសជាតិប្រេស៊ីល Ronaldinho ជាអតិថិជនដំបូងដែលទិញរថយន្តក្នុងពិព័រណ៌ Riyadh Motor Show 2019 ។ យោងតាមការផ្សាយរបស់ Arab News អតីតខ្សែបម្រើឆ្នើម Barcelona និង AC Milan រូបនេះ បានទិញរថយន្ត Aston Martin Rapide AMR ដែលស្ថិតក្នុងចំណោមម៉ូដែលរថយន្តកម្រជាង១២០០គ្រឿងក្នុងព្រឹត្តិការណ៍ពិព័រណ៌។
ក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ក្លាយជាម្ចាស់ផ្ទះនៃពិព័រណ៌យានយន្ត Riyadh Motor Show 2019 ចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ រថយន្តទំនើបៗ និងកម្រ ជាង១២០០គ្រឿងត្រូវដាក់បង្ហាញ ដែលរៀបចំដោយអាជ្ញាធររៀបចំព្រឹត្តិការណ៍សាធារណៈអារ៉ាប៊ីសាអូឌីត (GEA)។
របាយការណ៍បានបង្ហាញថា Ronaldinho បានក្លាយជាអតិថិជិនដំបូងក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ តាមរយៈការបញ្ជាទិញ Aston Martin Rapide AMR ដែលជាប្រភេទរថយន្តទំនើប និងត្រូវបានផលិតដាច់ដោយឡែក។ រថយន្តប្រភេទដូចគ្នានេះ មានតែក្នុងរង្វង់២០០គ្រឿងប៉ុណ្ណោះនៅលើពិភពលោក។
Ronaldinho បានបង្ហោះរូបថតរបស់ខ្លួនជាមួយរថយន្តក្នុងបណ្តាញសង្គម Instagram របស់ខ្លួន ដោយកោតសរសេរអារ៉ាប៊ីសាអូឌីតថា ជាប្រទេសដ៏អស្ចារ្យ។ Arab News មិនបានបញ្ជាក់ច្បាស់ពីតម្លៃនៃរថយន្ត Aston Martin Rapide AMR ឡើយ តែបើតាមការផ្សាយរបស់សារព័ត៌មានកីឡា Soccer Laduma រថយន្តនៅមានតម្លៃក្នុងខ្ទង់២៥ម៉ឺនដុល្លារអាមេរិក។
លោក Turki Al-Sheikh ប្រធានក្រុមប្រឹក្សានាយកនៃអាជ្ញាធររៀបចំព្រឹត្តិការណ៍សាធារណៈអារ៉ាប៊ីសាអូឌីត (GEA) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ព្រឹត្តិការណ៍ Riyadh Motor Show 2019 មានរថយន្តទំនើបៗ និងកម្រជាង១២០០គ្រឿង ក្នុងនោះមានរថយន្តនៃអនាគតមួយគ្រឿង គឺ «Car 2030» ដែលមានតម្លៃជាង៨៥ម៉ឺនដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com