ជាតិ
រថយន្ត
សម្ដេច ស ខេង៖«ផ្លូវ យើងពង្រីកយឺតជាងការនាំចូលយានយន្ត»
× ភ្នំពេញ៖ នៅក្នុងវេទិកាអន្តរជាតិរំលឹកដល់អ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៤ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីសម្ដេច ស ខេង បានមានប្រសាសន៍អំពីបរិមាណទំហំផ្លូវនៅភ្នំពេញ ដែលមិនទាន់អាចឆ្លើយតបនឹងកំណើនយានយន្ត។
ប្រសាសន៍សម្ដេច ស ខេង ៖
«អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់អំពីការចុះបញ្ជីយានយន្តនៅរាជធានីភ្នំពេញដែលមានប្រមាណ៣លានគ្រឿង ហើយកំណាត់ផ្លូវក្នុងរាជធានីភ្នំពេញមានប្រមាណ ១ពាន់គីឡូម៉ែត្រ ដូច្នេះអាចនិយាយបានថា ផ្លូវយើងពង្រីក យើងអភិវឌ្ឍន៍ យឺតជាងការនាំចូលយានយន្ត ក៏អាចថាបាន»។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សម្ដេច ស ខេង អះអាងថា រហូតមកទល់បច្ចុប្បន្ននេះ រដ្ឋាភិបាលប្រឹងប្រែងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ តែយ៉ាងណាការនាំចូលយានយន្តមានកំណើនខ្ពស់។ សម្ដេចគូសបញ្ជាក់ថាដូច្នេះថា៖«រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាទឹក អគ្គិសនី ហើយក្នុងនោះក៏មានផ្លូវគមនាគមន៍ជាបញ្ហាសំខាន់ដែរ ប៉ុន្តែទោះបីយើងអភិវឌ្ឍន៍ដូច្នេះ តែកំណើនយានយន្តរបស់យើងគឺច្រើនរហូតដល់ទៅ ៣៣ភាគរយ ដូច្នេះហើយបានជាយើងរៀបចំវិធានការជាច្រើនដើម្បីធានាសុវត្ថិភាពចរាចរណ៍ ដែលក្នុងនោះរួមមានការបន្តអភិវឌ្ឍន៍ផ្លូវគមនាគមន៍ រឹតបន្តឹងអនុវត្តច្បាប់ចរាណ៍ និងព្រមជាមួយនឹងវិធានការអប់រំ»។
អភិបាលរាជធានាភ្នំពេញលោក ឃួង ស្រេង បានថ្លែងក្នុងវេទិកាខាងលើនេះថា យានយន្តរបស់ប្រជាពលរដ្ឋដែលបានចុះបញ្ជីនៅភ្នំពេញមកដល់សព្វថ្ងៃនេះមានជិត៣លាន ខណៈប្រវែងដងវិថីសរុបជាង១៨០០គីឡូម៉ែត្រ។ លោកឲ្យដឹងដូច្នេះថា៖«បច្ចុប្បន្ន ស្ថិតិយានយន្តគ្រប់ប្រភេទ ដែលបានចុះបញ្ជីនៅរាជធានីភ្នំពេញមានជិត៣លានគ្រឿង បាននិងកំពុងធ្វើដំណើរលើដងវិថីទាំងឡាយក្នុងរាជធានីភ្នំពេញដែលមានប្រវែង ១៨៨៣គីឡូម៉ែត្រ ដែលស្ថិតិនេះមិនទាន់រាប់បញ្ចូលយានយន្តជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ អង្គការជាតិ-អន្តរជាតិ និងស្ថានទូត»។
លោក ឃួង ស្រេង លើកឡើងថា ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ធំរបស់ទីក្រុងភ្នំពេញ។ លោកប្រាប់ដូច្នេះថា៖«កត្តាកំណើនមធ្យោបាយធ្វើដំណើរ ការនិយមប្រើយានជំនិះផ្ទាល់ខ្លួនជាងមធ្យោបាយដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ទ្រូងផ្លូវចិញ្ចើមផ្លូវនៅមិនទាន់បានត្រឹមត្រូវ លក្ខខណ្ឌបច្ចេកទេសយានយន្ត និងកត្តាគួបផ្សំមួយចំនួនទៀត បានធ្វើឲ្យរាជធានីភ្នំពេញ និងក្នុងតំបន់ជាយភ្នំពេញជាច្រើន ជួបប្រទះបញ្ហាប្រឈមការកកស្ទះចរាចរណ៍ និងតែងកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសតាមបណ្ដោយផ្លូវជាតិសំខាន់ៗចេញ-ចូលរាជធានីភ្នំពេញ ហើយបញ្ហានេះបានក្លាយជាវិញ្ញាសារចម្បង និងជាក្ដីព្រួយបារម្ភយ៉ាងធំរបស់រដ្ឋាភិបាល»៕
Tag:
ស ខេង
ផ្លូវ
យានយន្ត
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com