អន្តរជាតិ
ប្រមុខការទូតចិន៖ ហុងកុង គឺជាផ្នែកមួយរបស់ចិន បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ប្រមុខការទូតចិន លោកវ៉ាង យី និយាយទៅកាន់អ្នកកាសែត, រូបភាព៖ AFP
× ហុងកុង គឺជាផ្នែកមួយរបស់ប្រទេសចិន បើទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅថ្ងៃទី២៥ ខែវិច្ឆិកា នៅលើទឹកដីជប៉ុន។ ការអះអាងរបស់ប្រមុខការទូតចិនបែបនេះ បន្ទាប់ពីបេក្ខជនមាននិន្នាការរកលទ្ធិប្រជាធិបតេយ្យ បានទទួលសំឡេងឆ្នោតយ៉ាងលើសលុបនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាស្រុក។
លទ្ធផលទទួលបានសំឡេងគាំទ្រយ៉ាងខ្លាំងលើបេក្ខជនមាននិន្នាការរកលទ្ធិប្រជាធិបតេយ្យ នាការបោះឆ្នោតថ្ងៃទី២៤ ខែវិច្ឆិកា នៅក្នុងទីក្រុងពាក់កណ្តាលស្វយ័ត គឺជាសារមួយដ៏សំខាន់សម្រាប់រដ្ឋាភិបាលទីក្រុងហុងកុង ជាពិសេស ការបោះឆ្នោតលើកនេះ គឺជាសារ ដែលបង្ហាញពីជំហរគាំទ្រជាសាធារណៈលើការទាមទាររបស់ក្រុមបាតុករ ដែលបានបាតុកម្មនៅក្នុងទីក្រុងជាច្រើនខែមក។
ទាក់ទិនទៅនឹងការបោះឆ្នោតនេះ ប្រមុខការទូតចិន វ៉ាង យី បានលើកឡើងថា លទ្ធផលការបោះឆ្នោតនេះ មិនមែនជាលទ្ធផលចុងក្រោយនៅឡើយទេ ហើយត្រូវរងចាំមើលលទ្ធផលចុងក្រោយសិន។ ទន្ទឹមនេះ លោកវ៉ាង បានគូសបញ្ជាក់ទៀតថា បើទោះបីជា មានអ្វីកើតឡើងក៏ដោយ ទីក្រុងហុងកុងនៅតែជាផ្នែកមួយ និងជាតំបន់រដ្ឋបាលពិសេសរបស់ចិននេះដដែល។ នេះបើតាមការអះអាងរបស់ប្រមុខការទូតចិនប្រាប់អ្នកការសែត បន្ទាប់ពីមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នាទីក្រុងតូក្យូ នៅថ្ងៃទី២៥ ខែវិច្ឆិកា។
ជាមួយគ្នានេះដែរ ក្នុងន័យព្រមានដល់បុគ្គលទាំងឡាយណា ដែលចង់បំផ្លាញទីក្រុងពាក់កណ្តាលស្វយ័តមួយនេះ ប្រមុខការទូតចិន គូសបញ្ជាក់យ៉ាងដូច្នេះថា រាល់ការប៉ុនប៉ង បំផ្លិចបំផ្លាញវិបុលភាព និងស្ថិរភាពទីក្រុងហុងកុង នឹងមិនទទួលបានជោគជ័យអ្វីឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
សូមបញ្ជាក់ថា ទីក្រុងហុងកុង នៅថ្ងៃទី២៤ ខែវិច្ឆិកា បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកជាលើកដំបូងបង្អស់ បន្ទាប់ពីមានបាតុកម្មអស់រយៈពេល ៦ខែកន្លងមក។ តាមរយៈការបោះឆ្នោតមួយនេះ បេក្ខជនមាននិន្នាការរកលទ្ធិប្រជាធិបតេយ្យ បានទទួលការគាំទ្រយ៉ាងច្រើនលើសលុប។ ក្នុងនោះបេក្ខជនប្រជាធិបតេយ្យ បានទទួលកៅអីច្រើនជាងពាក់កណ្តាល ខណៈពេលកៅអីក្រុមប្រឹក្សាស្រុកសរុបមាន ៤៥២។ ចំណែកអ្នកទៅបោះឆ្នោត ក៏មានចំនួនច្រើនផងដែរក្នុងការបោះឆ្នោតលើកនេះ ពោលគឺមានចំនួនរហូតដល់ ៧១,២ភាគរយនៃអ្នកមានឈ្មោះបោះឆ្នោតជាងបួនលាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com