អន្តរជាតិ
មេ​បង្ក្រាប​គ្រឿងញៀន​ហ្វីលីពីន អស់តំណែង​ក្រោយ​ធ្វើការ​គ្មាន​ពិគ្រោះ​ជាមួយ​ប្រធានាធិបតី​
26, Nov 2019 , 8:29 am        
រូបភាព
លោកស្រី Leni Robredo ដែលជាអនុប្រធានាធិបតីហ្វីលីពីន ហើយក៏ទើបព្រមទទួលយកតំណែងជាអ្នកមើលការខុសត្រូវយុទ្ធនាការបង្ក្រាបគ្រឿងញៀន កាលពីជាង២សប្ដាហ៍មុន (ឆ្វេង) និង លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្កោ ឌូទើតេ (Reuters)
លោកស្រី Leni Robredo ដែលជាអនុប្រធានាធិបតីហ្វីលីពីន ហើយក៏ទើបព្រមទទួលយកតំណែងជាអ្នកមើលការខុសត្រូវយុទ្ធនាការបង្ក្រាបគ្រឿងញៀន កាលពីជាង២សប្ដាហ៍មុន (ឆ្វេង) និង លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្កោ ឌូទើតេ (Reuters)
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្កោ ឌូ​ទើ​តេ បានសម្រេច​បណ្តេញ​លោកស្រី Leni Robredo ដែលជា​អនុ​ប្រធានាធិបតី ពី​តួនាទី​ប្រមុខ​ដឹកនាំ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​។ បើតាម​អ្នក​អ្នកនាំពាក្យ រដ្ឋាភិបាល​ហ្វីលីពីន ទម្លាក់កំហុស​ដាក់​លោក​ស្រី​ថា​មើលស្រាល​គោលនយោបាយ​នេះ ដោយ​អះអាងថា លោកស្រី​អនុវត្ត​គម្រោង​ដោយ​ខ្វះ​កិច្ចពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​។​

 
​លោកស្រី Leni Robredo ដែលជា​គូប្រជែង​នយោបាយ​ម្នាក់​របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ ព្រម​ទទួលយក​តំណែង​ជា​អ្នកមើលការខុសត្រូវ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន កាលពី​ជាង​២​សប្ដាហ៍​មុន ។ ការយល់ព្រម​នេះដែរ ធ្វើឡើង​ទោះបីជា​ដៃគូ​នយោបាយ​លោកស្រី​ឲ្យ​យោបល់​ថា ការប្រគល់​តួនាទី​នេះ គឺជា​អន្ទាក់​របស់លោក ឌូ​ទើ​តេ ក្នុង​គោលដៅ​បង្ខូចកេរ្តិ៍​ឈ្មោះ​លោកស្រី​ប៉ុណ្ណោះ​។ 
 
​ដូច​ការគិត​ទុក​មែន លោក​ប្រធានាធិបតី​ហ្វីលីពីន តាមរយៈ​អ្នកនាំពាក្យ លើកឡើង​ហេតុផល​នៃ​ការសម្រេច​ដកហូត​តំណែង​លោកស្រី ដោយ​អះអាងថា នោះ​គឺ​ដោយសារតែ​ជំនួប​របស់​លោកស្រី​អនុ​ប្រធានាធិបតី Robredo ជាមួយ​សម្ងាត់​ជាមួយ​មន្ត្រី​របស់​អង្គការសហប្រជាជាតិ និង​ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋធានី​ម៉ានីល​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃអាទិត្យ ២៤​វិច្ឆិកា អ្នកនាំពាក្យ​ប្រធានាធិបតី លោក Salvador Penelo គូសបញ្ជាក់​ទៀត​នេះ មូលហេតុ​មួយទៀត​នោះ​គឺថា លោកស្រី Robredo បាន​បរាជ័យ​ក្នុងការ​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ជុំវិញ​ផែនការ​ទប់ទល់​បញ្ហា​គ្រឿងញៀន​របស់​ហ្វីលីពីន ហើយ​សង្កត់ធ្ងន់ថា លោក​ឌូ​ទើ​តេ បាន​ខំ​មាត់​អត់ធ្មត់​ចំពោះ​ទង្វើ​របស់​លោកស្រី​។ លោក បន្តថា ក្នុង​យុទ្ធនា​ការដែល​ជីវិត​មនុស្ស ប្រឈម​ហានិភ័យ ពេល​មួយថ្ងៃ​គឺ​យូរណាស់​។ ម្ល៉េះ​ហើយ រដ្ឋាភិបាល ពុំ​អាច​ឱបដៃ​ឈរ​មើល ដោយ​អង្គុយ​រង់ចាំ​ក្តីសង្ឃឹម​ពី​លោកស្រី​ឡើយ​។ 
 
​ឲ្យ​ពិត​ទៅ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ដែលជា​គោលនយោបាយ​ស្នូល​ក្នុង​រដ្ឋបាល​លោក ឌូ​ទើ​តេ ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​។ នោះ​ក៏​ព្រោះតែ ប៉ូលិស​បានសម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​រាប់ពាន់នាក់​ក្រៅ​ប្រព័ន្ធតុលាការ គិត​ចាប់ពី​យុទ្ធនាការ​នេះ បានចាប់ផ្តើម​មក​។​
 
​លោកស្រី​អនុ​ប្រធានាធិបតី Robredo បានធ្វើ​ឲ្យ​លោក​ឌូ​ទើ​តេ ខឹងសម្បារ​ខ្លាំង​ក្រោយពី​លោកស្រី​បន្ត​រិះគន់​ចំណាត់ការ​បង្ក្រាប​គ្រឿងញៀន​របស់លោក ដោយ​ប្រើ​កម្លាំង​ធម៌​ក្តៅ​ប៉ូលិស​ជាធំ ដែល​បង្ក​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ស្លាប់​។ ទាក់ទិន​រឿងនេះ ក្រុម​អង្គការសិទ្ធិមនុស្ស លើកឡើងថា ជនរងគ្រោះ​ភាគច្រើន គឺ​សុទ្ធសឹងតែ អ្នកប្រើប្រាស់​គ្រឿងញៀន និង​អ្នកជួញដូរ​តូចតាច​ប៉ុណ្ណោះ ដែល​ត្រូវ​ប៉ូលិស​សម្លាប់​ជា​លក្ខណៈ​ប្រព័ន្ធ​។ ទោះជា​យ៉ាងណា ប៉ូលិស​និង​រដ្ឋបាល​លោក ឌូ​ទើ​តេ បាន​ទាត់ចោល​ការចោទប្រកាន់​នេះ​។​
 
​ម្យ៉ាងទៀត ក្រុម​អង្គការសិទ្ធិមនុស្ស បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ប៉ូលិស កំពុងបើក​ប្រតិបត្តិការ​ដោយមាន​អភ័យឯកសិទ្ធិ ហើយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រធានាធិបតី ដែល​ធ្លាប់​ប្តេជ្ញា​ថា​សម្លាប់​ពួក​រកស៊ី​គ្រឿងញៀន​១០​ម៉ឺន​នាក់ ហើយក៏​និយាយ​ដែរ​ថា លោក​នឹង​រីករាយ​ក្នុងការ​សម្លាប់​ពួក​ញៀន​ថ្នាំ​ដល់​១​លាន​នាក់​ថែម​ទៀតផង​។ ដោយឡែក ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក្នុង​ខែ កក្កដា បាន​អនុ​ម័​យ​សេចក្តីសម្រេច​មួយ​ដើម្បី​បើក​ការស៊ើបអង្កេត​ប្រទេស​ហ្វីលីពីន ហើយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ក៏​កំពុង​សិក្សា​ជាបឋម​លើ​បទចោទប្រកាន់​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​៕

Tag:
 ហ្វីលីពីន​
  ឌូ​ទើ​តេ​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com