អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង​៖ កូរ៉េខាងត្បូង​-​អាស៊ាន ត្រូវ​សហការ​ជាមួយគ្នា ដើម្បី​ជម្នះ​គាំពារ​និយម​
26, Nov 2019 , 10:56 am        
រូបភាព
លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និយាយនៅក្នុងកិច្ចប្រជុំ Korea-ASEAN CEO នាមជ្ឈមណ្ឌលសន្និបាទ BEXCO ក្នុងទីក្រុងប៊ូសាន កូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩, រូបភាព៖​ Yonhap
លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និយាយនៅក្នុងកិច្ចប្រជុំ Korea-ASEAN CEO នាមជ្ឈមណ្ឌលសន្និបាទ BEXCO ក្នុងទីក្រុងប៊ូសាន កូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩, រូបភាព៖​ Yonhap
​អាស៊ាន និង​កូរ៉េខាងត្បូង ទាមទារ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព​ជាមួយគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ដូចជា ការ​គាំពារ​និយម​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នា​ថ្ងៃទី​២៦ វិច្ឆិកា ក្នុងពេល​បើក​កិច្ចប្រជុំ​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​កូរ៉េខាងត្បូង នៅ​ទីក្រុង​កំពង់ផែ​ប៊ូសាន កូរ៉េខាងត្បូង​។


 
​ថ្លែង​នៅក្នុង​មជ្ឈមណ្ឌល​សន្និបាត BEXCO ក្នុង​ទឹកដី​កំពង់ផែ​ប៊ូសាន កូរ៉េខាងត្បូង លោក​មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង បានចង្អុលបង្ហាញ​ថា ពិភពលោក​បច្ចុប្បន្ន កំពុង​ប្រឈម​ទៅនឹង​បញ្ហា​ប្រឈម​ជាច្រើន ដូចជា ការ​គាំពារ​និយម​ជាដើម​។ ក្នុងន័យនេះ ប្រធានាធិបតី​កូរ៉េខាងត្បូង មិនបាន​សំដៅ​ទៅលើ​ប្រទេស​ណាមួយ​ឡើយ ប៉ុន្តែ​លោក គ្រាន់តែ​អំពាវនាវ​ឲ្យ​អាស៊ាន ចេះ​សហការ និង​សាមគ្គី​ជាមួយ​កូរ៉េខាងត្បូង ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ 
 
​ក្រៅពី​បញ្ហា​គាំពារ​និយម លោក មូ​ន ក៏បាន​លើកឡើង​ពី​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លង​ព្រំដែន និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤​ផងដែរ​។ បើតាម​លោក​ប្រធានាធិបតី កូរ៉េខាងត្បូង ក៏ដូចជា​បណ្តា​ប្រទេស​អាស៊ាន មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេពី​អនាគត ថា​តើ​បដិវត្ត​ឧស្សាហកម្ម​នឹង​នាំ​ឲ្យ​មាន​អ្វី​កើតឡើង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​អាស៊ាន​-​កូរ៉េខាងត្បូង​ផ្លូវការ លោក​មូ​ន ក៏បាន​រំលឹក​ផងដែរ ពី​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ខាងកើត​ឆ្នាំ​១៩៩៧ និង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​នៅ​ឆ្នាំ ២០០៨​។ ក្នុងនោះ​លោក​ប្រធានាធិបតី​បាន​គូសបញ្ជាក់ថា មូលហេតុ ដែល​នាំ​ឲ្យ​ថ្នាក់ដឹកនាំ​បណ្តាល​ប្រទេស​អាស៊ាន អាចជួយ​សង្គ្រោះ​សេដ្ឋកិច្ច​បាន គឺ​ដោយសារតែ​ចំណង​ទំនាក់ទំនង និង​ការជឿទុកចិត្ត ដែល​ប្រទេស​ទាំងអស់​បាន​បង្កើតឡើង​។ 
 
​សូមបញ្ជាក់ថា នយោបាយ​សម្លឹង​ទៅ​ភាគខាងត្បូង​ថ្មី ឬ New Southern Policy គឺជា​គំនិត​ផ្តួចផ្តើមឡើង​ដោយ​លោក​ប្រធានាធិបតី មូ​ន ដើម្បី​រឹតចំណង​មិត្តភាព និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​កូរ៉េខាងត្បូង និង​អាស៊ាន​។ តាមរយៈ​គោលនយោបាយ​នេះ កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​៥ ដូចជា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​វៀតណាម ទាក់ទង​ទៅនឹង​វិស័យ​អប់រំ ប្រព័ន្ធ​ដឹកជញ្ជូន និង​ទីក្រុង​វៃឆ្លាត​ជាដើម​។ ក្រៅពីនេះ លោក​មូ​ន ក៏មាន​ជំនួប​ទ្វេភាគី ជាមួយ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​មកពី​បណ្តា​ប្រទេស​អាស៊ាន​ផងដែរ​៕

Tag:
 ​អាស៊ាន​
  កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com