ជាតិ
តើ​អាច​ទេ​? ចំណាយ​៣០​ដុល្លារ​មើលល្ខោន​១​ឆ្នាំ ដើម្បី​ស្ដារ​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​
26, Nov 2019 , 11:59 am        
រូបភាព
ល្ខោន​ស្រមោល​ស្បែក​ធំសម្ដែង​នៅ​ឆាក​សម្ដែង​សមាគម​សិល្បករ​គោក​ធ្លក ក្នុង​បរិវេណបណ្ណា​ល័យ​ជាតិ​ កាល​ពី​ពេល​កន្លង​ទៅ
ល្ខោន​ស្រមោល​ស្បែក​ធំសម្ដែង​នៅ​ឆាក​សម្ដែង​សមាគម​សិល្បករ​គោក​ធ្លក ក្នុង​បរិវេណបណ្ណា​ល័យ​ជាតិ​ កាល​ពី​ពេល​កន្លង​ទៅ
​ភ្នំពេញ​៖ មើលល្ខោន​បុរាណ​ពេញ​១​ឆ្នាំ​សម្រាប់​មួយ​គ្រួសារ តម្លៃ​ត្រឹមតែ​៣០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដើម្បី​ជួយ​ស្ដារ​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​។ ទម្រង់​ល្ខោន​បុរាណ​ចម្រុះ​១៤​រឿង នឹង​សម្ដែង​រៀងរាល់ថ្ងៃ​សុក្រ សៅរ៍ និង​ថ្ងៃអាទិត្យ ពេញ​មួយឆ្នាំ ពី​ម៉ោង​៦​កន្លះ​ដល់​ម៉ោង​៧​កន្លះ​យប់ នៅ​ឆាក​សម្ដែង​សមាគម​សិល្បករ​គោកធ្លក ក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ​។ នេះ​ជាការ​រួមចំណែក​ដ៏​សំខាន់​របស់​មាតាបិតា និង​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​សិល្បៈ​វប្បធម៌​អត្តសញ្ញាណ​ជាតិ​ឱ្យ​រឹងមាំ តាមរយៈ​ការនាំ​កូនៗ​ទៅ​មើល​សិល្បៈ​បុរាណ​ចម្រុះ​។


 
​តម្លៃ​សំបុត្រ​ធម្មតា ១២,០០០​រៀល សម្រាប់​មនុស្ស​ម្នាក់​និង​អាច​មើល​មួយថ្ងៃ​។ ចំពោះ​ក្មេង​អាយុ​ក្រោម​១៤​ឆ្នាំ​មិន​គិតថ្លៃ​។ បើ​ទិញ​បណ្ណ​សមាជិក​តម្លៃ​សំបុត្រ​១​ឆ្នាំ ត្រឹមតែ​៣០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ សម្រាប់​១​គ្រួសារ ចូល​ទស្សនា​ល្ខោន​ចម្រុះ​។​
 
​សមាគម​សិល្បករ​គោកធ្លក មានការ​សម្ដែង​ទម្រង់​ល្ខោន​បុរាណ​ច្រើន​ទម្រង់ ដូចជា​ល្ខោនខោល ល្ខោន​ស្រមោល​ស្បែក​ធំ ល្ខោន​ស្រមោល​ស្បែក​តូច ល្ខោន​យីកេ ល្ខោន​យីកេ​តំកង់ និង​មាន​ទម្រង់​ផ្សេងទៀត នៅ​រៀងរាល់ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ​។​
 
​សូមបញ្ជាក់ថា ល្ខោន​ស្រមោល​ស្បែក​ធំ បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥ គិត​មកដល់​ឆ្នាំ​២០១៩​នេះ មាន​អាយុ​១៤​ឆ្នាំ​ហើយ​។ ចំណែក​ល្ខោនខោល បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ពិធី​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការចុះបញ្ជី​នេះ និង​ប្រារព្វ​នៅ​ខេត្តសៀមរាប ដោយមាន​ការសម្ដែង​ល្ខោនខោល​ទ្រង់ទ្រាយ​ធំ នៅ​ព្រះ​លានជល់ដំរី ថ្ងៃទី​២៨​វិច្ឆិកា វេលា​ម៉ោង​៦​កន្លះ​ល្ងាច​៕ 


សិល្បករនៃ​សមាគមសិល្បករ​​គោក​ធ្លក​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​តូច ក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ​ កាល​ពី​ពេល​កន្លង​ទៅ​


Tag:
 ល្ខោនខោល​
 ​ខោល​
 ​សិល្បៈ​បុរាណ​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com