ជាតិ
សេដ្ឋកិច្ច
កូរ៉េខាងត្បូង ឲ្យកម្ពុជាខ្ចីដល់៧០០លានដុល្លារ
26, Nov 2019 , 1:53 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី Kang Kyung-wha (រូបពីក្រសួងព័ត៌មាន)
ជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី Kang Kyung-wha (រូបពីក្រសួងព័ត៌មាន)
ក្រសួងព័ត៌មានកម្ពុជា ចុះផ្សាយថា កូរ៉េខាងត្បូង បង្កើនកម្ចីសម្បទានពី៣៥០ ទៅ ៧០០លានដុល្លារ មកដល់កម្ពុជា ដោយគិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សម្រាប់អភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងជំនួបជាមួយអ្នកស្រី Kang Kyung-wha រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងអំណរគុណចំពោះគម្រោងនៃការផ្តល់កម្ចីនេះ។



លោក ប្រាក់ សុខុន ក៏បានអរគុណប្រទេសកូរ៉េខាងត្បូងផងដែរ ដែលបានផ្តល់ជំនួយ១០លានដុល្លារ សម្រាប់ប្រតិបត្តិការដោះមីននៅកម្ពុជា និងបានបង្កើនចំនួនកូតាពលករខ្មែរ ទៅធ្វើការនៅកូរ៉េ។ តំណាងឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ប្រាក់ សុខុន កំពុងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-កូរ៉េ និង កិច្ចប្រុំមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។

ក្រៅពីរឿងកម្ចីនិងជំនួយ លោក ប្រាក់ សុខុន និង អ្នកស្រី Kang Kyung-wha  បានពិភាក្សាគ្នាលើវិស័យផ្សេងទៀត ដូចជា វិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាដើម។ លោក ប្រាក់ សុខុន បានស្នើសុំការគាំទ្រពីកូរ៉េ ក្នុងវិស័យកសិ-ឧស្សាហកម្ម និងដំណើរការវេចខ្ចប់កសិកម្ម។ លើសពីនេះ លោក បានស្នើសុំឲ្យមានការគាំទ្រលើគម្រោងព្រៃឈើចំនួនពីរ គឺ  ការបង្កើតស្ថានីយ៍ព្រៃឈើនៅខេត្តសៀមរាបឡើងវិញ និងការគាំទ្រមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការព្រៃឈើមេគង្គ-សាធារណរដ្ឋកូរ៉េ។

បើតាមក្រសួងព័ត៌មានកម្ពុជា អ្នកស្រី Kang Kyung-wha បានទទួលយកសំណើរបស់កម្ពុជាពាក់ព័ន្ធនឹងគម្រោងព្រៃឈើ ដើម្បីដាក់ជូនលោកប្រធានាធិបតី Moon Jae-in។ ទន្ទឹមនេះ អ្នកស្រី បានសន្យាបន្តជួយវិស័យដោះមីននៅកម្ពុជា។ ចំពោះវិស័យការងារ អ្នកស្រី យល់ថា ពលករខ្មែរ ក៏បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េដែរ។

ក្រោយបញ្ចប់ជំនួប ភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារសារ៥ រួមមាន កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ, សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ, អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម, អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មាន, និង សេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សារួមគ្នាលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ៕

Tag:
 កម្ពុជា-កូរ៉េខាងត្បូង
  កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com