ជាតិ
គណៈកម្មការ​ទន្លេមេគង្គ​នឹង​ពិភាក្សា​អំពី​គ្រោះរាំងស្ងួត​ក្នុងជំនួប​ប្រចាំឆ្នាំ​
26, Nov 2019 , 7:59 pm        
រូបភាព
មន្ត្រីជាន់ខ្ពស់តំណាងឲ្យគណៈកម្មការទន្លេមេគង្គ ឬ Mekong River Commission (MRC) បាន​ជួបប្រជុំគ្នាក្នុងដំណើររៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៦ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ (រូបថតដោយ MRC)
មន្ត្រីជាន់ខ្ពស់តំណាងឲ្យគណៈកម្មការទន្លេមេគង្គ ឬ Mekong River Commission (MRC) បាន​ជួបប្រជុំគ្នាក្នុងដំណើររៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៦ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ (រូបថតដោយ MRC)
ដោយ: VOA
 ​វ៉ាស៊ីនតោន ៖ នៅ​ថ្ងៃ​អង្គារ​នេះ គណៈកម្មការ​ទន្លេមេគង្គ ឬ Mekong River Commission (MRC) នឹង​ជួប​ពិភាក្សាគ្នា ដើម្បី​រក​ដំណោះស្រាយ​ក្នុងការ​ទប់ស្កាត់​បញ្ហា​គ្រោះរាំងស្ងួត​ដែល​កើតឡើង​ក្នុង​បណ្តា​ប្រទេស​ខាងក្រោម​ទន្លេមេគង្គ ដែលមាន​កម្ពុជា ឡាវ ថៃ និង​វៀតណាម ជា​សមាជិក​។

 
​ជំនួប​ប្រចាំ​ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង ស្រប​ពេលដែល​កម្ពុជា និង​បណ្ដា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក្រោម​ផ្សេងទៀត អាច​ទទួលរង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង ចាប់ពី​ខែវិច្ឆិកា​នេះ រហូតដល់​ខែមករា ឆ្នាំ​២០២០ ដោយសារតែ​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់​ក្នុង​រដូវវស្សា​។​
 
​នៅក្នុង​ជំនួប​ប្រចាំឆ្នាំ​លើក​ទី​២៦ នៅ​រាជធានី​ភ្នំពេញ ក្រុមប្រឹក្សា​នៃ​គណៈកម្មការ MRC និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត នឹង​ជួប​ពិភាក្សាគ្នា​ពាក់ព័ន្ធ​កិច្ចការ​ជាច្រើន រួមមាន​គម្រោង​កំណត់​ទ​ន្និ​ន័យ​និង​ព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​យុទ្ធសាស្ត្រ​ដើម្បី​ទប់ស្កាត់​គ្រោះរាំងស្ងួត​ឆ្នាំ​២០២០-២០២៥ ជាដើម​។ គ្រោះរាំងស្ងួត​នេះ កំពុងតែ​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​ពលរដ្ឋ​របស់​ប្រទេស​ទាំង​បួន ដែល​ប្រកបមុខរប​ប​នេសាទ​តាម​ដង​ទន្លេ​និង​ដៃទន្លេ​មេគង្គ​។​
 
​កាលពី​សប្តាហ៍​មុន គណៈកម្មការ​ទន្លេមេគង្គ​បានចេញ​សេចក្តីប្រកាស​មួយ ដោយ​ព្រមាន​ថា ប្រទេស​កម្ពុជា​និង​ថៃ នឹងរង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ជាង​ប្រទេស​ឡាវ និង​វៀតណាម ដែល​បណ្ដាលមកពី​បរិមាណ​ទឹកភ្លៀង​មិន​គ្រប់គ្រាន់​នេះ​។ មូលហេតុ​គឺ​ដោយសារ​ការធ្លាក់​ភ្លៀង​មូសុង​យឺត និង​ការឈប់​ធ្លាក់ភ្លៀង​មូសុង​នេះ​មុនពេល​កំណត់ ព្រមទាំង​មាន​បាតុភាព​អែល​នី​ណូ ដែល​បង្កឱ្យមាន​កម្ដៅ​និង​រំហួត​ខ្ពស់​ខុស​ប្រក្រតី​ទៀតផង​។​
 
​អ្នកជំនាញ​នៃ​គណៈកម្មការ​ទន្លេមេគង្គ ដែលជា​ស្ថាប័ន​អន្តររដ្ឋាភិបាល​មួយ​នេះ បាន​និយាយថា​ភាពរាំងស្ងួត​នេះ អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ដំណាំ ផលិតផល​កសិកម្ម​នា​នា និង​កង្វះ​ទឹក​ប្រើប្រាស់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com