កីឡាជាតិ
ជាតិ
កម្ពុជា ខកខាន​ឱកាស​បាន​៣​ពិន្ទុ ខណៈ​កែវ សុខ​ផេង ទាត់​បញ្ចូល​ទី​ហ្វីលីពីន​ជា​លើក​ទី​២ នៅ​ស៊ី​ហ្គេម​
26, Nov 2019 , 2:50 pm        
រូបភាព
កីឡាករ កែវ សុខផេង អបអរក្រោយរកគ្រាប់បាល់នាំមុខឲ្យក្រុម U22 កម្ពុជា, រូបភាពពី FFC
កីឡាករ កែវ សុខផេង អបអរក្រោយរកគ្រាប់បាល់នាំមុខឲ្យក្រុម U22 កម្ពុជា, រូបភាពពី FFC
ដោយ:
​កែវ សុខ​ផេង ជា​កីឡាករ​កម្ពុជា​ដំបូង​គេ ដែល​ទាត់​បញ្ចូល​ទី​ហ្វីលីពីន​បាន​ពីរលើក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​(SEA Games)​។ កំណត់ត្រា​នេះ បាន​កើតឡើង​ក្រោយ​រូបគេ​រក​សម្រេចបាន​មួយ​គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុ​ជានា​ជំនួប​ស្មើ ១-១ ជាមួយ​ហ្វីលីពីន​ក្នុង​ព្រឹត្តិការណ៍ SEA Games នៅ​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា​។ ទោះបី​ទទួលបាន​មួយ​ពិន្ទុ​ពី​ជំនួប​បើកឆាក តែ​លោក Felix Dalmas ហាក់​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​នេះឡើយ​។

 
​នា​ជំនួប​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន Rizal Memorial Stadium ខ្សែប្រយុទ្ធ កែវ សុខ​ផេង ដែល​លេង​ក្នុងនាម​កីឡាករ​លើស​អាយុ​បានរ​ក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា លើ​ម្ចាស់ផ្ទះ​ហ្វីលីពីន​នៅ​នាទី​៤១​។ គ្រាប់​បាល់​នេះ​បាន​កើតឡើង​ក្រោយ សុខ​ផេង លេង​បាល់​ខ្លី​ប៉ះគ្នា​ទៅវិញទៅមក​ជាមួយ ឆេង ម៉េង បាន​យ៉ាង​ល្អ​។​
 
​មួយ​គ្រាប់​នេះ​ជួយ​ឲ្យ កែវ សុខ​ផេង ជាប់​កំណត់ត្រា​ជា​កីឡាករ​កម្ពុជា​ដំបូង​គេ ដែល​ទាត់​បញ្ចូល​ទី​ហ្វីលីពីន ពីរលើក​ក្នុងចំណោម​ការជួបគ្នា​៤​លើក​ក្នុង​ព្រឹត្តិការណ៍ SEA Games​។ បន្ទាប់ពី​កីឡាករ​រូបនេះ បានរួម​ចំណែក​គ្រាប់​បាល់​ដំបូង​ក្នុង​ជ័យជម្នះ ៣-១ លើ​ហ្វីលីពីន ពេល​សិង្ហ​បុរី​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ​កាលពី​ឆ្នាំ​២០១៥​។ ឯ​ពីរ​គ្រាប់​ផ្សេងទៀត​រកបាន​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នី​ឧ​ត្ត​ម​។  


កីឡាករ សេត រ៉ស៊ីប ព្យាយាមគ្រប់គ្រងបាល់ពីការដណ្តើមរបស់កីឡាករហ្វីលីពីន, រូបភាពពី FFC
 
​ក្រុម U22 កម្ពុជា​បាន​រក្សា​លទ្ធផល​នាំមុខ ១-០ លើ​ម្ចាស់ផ្ទះ​រហូត​ចប់​ការប្រកួត​តង់​ទី​១​។ ឈានដល់​តង់​ទី​២​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​លោក Felix Dalmas ហាក់​ផ្លាស់ប្តូរ​ទម្រង់​លេង​ដោយ​ផ្តោត​ខ្លាំង​លើ​ប្រព័ន្ធ​ការពារ​។ ទោះបី​យ៉ាងនេះ​ក្តី​កម្ពុជា​បាន​បង្កើត​ឱកាស​មាស​ជាច្រើន​លើ​ក្រុម​ម្ចាស់ផ្ទះ ដែល​ព្យាយាម​ដាក់​សម្ពាធ​មកលើ​កម្ពុ​ជា ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​។ ក្តី​រំពឹង​ទទួលបាន​៣​ពិន្ទុ​ពី​ជំនួប​ដំបូង​របស់​កម្ពុជា ត្រូវបាន​បាត់បង់ បន្ទាប់ពី​កីឡាករ  Dennis Chung រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ម្ចាស់ផ្ទះ​នៅ​នាទី​ទី​៩០+២​។ ក្រុម​ទាំងពីរ​ទទួលបាន​ម្នាក់​មួយ​ពិន្ទុ ក្រោយ​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ 
 
​ការ​វាយបក​តាម​ស្មើ​ពី​សំណាក់​កីឡាករ​ម្ចាស់ផ្ទះ​នៅ​ម៉ោង​បន្ថែម ធ្វើ​ឲ្យ​លោក Felix Dalmas គ្រូបង្វឹក​ក្រុម U22 កម្ពុជា ដែល​ហាក់​មិន​ពេញចិត្ត​ជាមួយ​លទ្ធផល​នេះ បង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង​។ ឯ​លោក Goran Milojevic គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​ហ្វីលីពីន បង្ហាញ​ការរីករាយ​ជាមួយ​លទ្ធផល​នេះ និង​ចាត់ទុកជា​លទ្ធផល​វិជ្ជមាន​សម្រាប់​ខ្លួន​។ 
 
​លោក Felix ដែល​សរសើរ​កីឡាករ​ហ្វីលីពីន​មាន​កម្ពស់ និង​កម្លាំង​ល្អ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​ដូច្នេះ​ថា​៖«​យើង​មានឱកាស​នាំមុខ​ម្ចាស់ផ្ទះ​ហ្វីលីពីន​មុន ប៉ុន្តែ​យើង​សោកស្តាយ​ដែល​មិនអាច​នាំមុខ​រហូត​ចប់​ការប្រកួត​។ យើង​មាន​សម្ពាធ​ខ្លាំង​ពី​ម្ចាស់ផ្ទះ​នៅ​តង់​ទី​២ ពួកគេ​ព្យាយាម​លេង​សម្រុក​រហូត​អា​ចរក​គ្រាប់​បាល់​តាម​ស្មើ​»​។ 
 
​ចំណែក​លោក Goran Milojevic បានលើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​អបអរសាទរ​ដល់​កីឡាករ​និង​ក្រុមការងារ​ដែល​សហការ​គ្នា​រហូត​ទទួលបាន​លទ្ធផល​វិជ្ជមាន​។ យើង​លេង​បានល្អ​សឹងតែ​អាច​ឈ្នះ​ការប្រកួត​នេះ​។ សរុបមក​ខ្ញុំ​ពិតជា​រីករាយ​ជាមួយ​លទ្ធផល​នេះ​»៕    


ក្រុមអ្នកគាំទ្រកម្ពុជាពេលទស្សនាការប្រកួតរវាងកម្ពុជានិងម្ចាស់ផ្ទះហ្វីលីពីន, រូបភាពពី FFC





Tag:
 កែវ សុខ​ផេង​
  SEA Games
  U22 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com