កែវ សុខផេង ជាកីឡាករកម្ពុជាដំបូងគេ ដែលទាត់បញ្ចូលទីហ្វីលីពីនបានពីរលើកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games)។ កំណត់ត្រានេះ បានកើតឡើងក្រោយរូបគេរកសម្រេចបានមួយគ្រាប់ឲ្យក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជានាជំនួបស្មើ ១-១ ជាមួយហ្វីលីពីនក្នុងព្រឹត្តិការណ៍ SEA Games នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា។ ទោះបីទទួលបានមួយពិន្ទុពីជំនួបបើកឆាក តែលោក Felix Dalmas ហាក់មិនពេញចិត្តចំពោះលទ្ធផលនេះឡើយ។
នាជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋាន Rizal Memorial Stadium ខ្សែប្រយុទ្ធ កែវ សុខផេង ដែលលេងក្នុងនាមកីឡាករលើសអាយុបានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា លើម្ចាស់ផ្ទះហ្វីលីពីននៅនាទី៤១។ គ្រាប់បាល់នេះបានកើតឡើងក្រោយ សុខផេង លេងបាល់ខ្លីប៉ះគ្នាទៅវិញទៅមកជាមួយ ឆេង ម៉េង បានយ៉ាងល្អ។
មួយគ្រាប់នេះជួយឲ្យ កែវ សុខផេង ជាប់កំណត់ត្រាជាកីឡាករកម្ពុជាដំបូងគេ ដែលទាត់បញ្ចូលទីហ្វីលីពីន ពីរលើកក្នុងចំណោមការជួបគ្នា៤លើកក្នុងព្រឹត្តិការណ៍ SEA Games។ បន្ទាប់ពីកីឡាកររូបនេះ បានរួមចំណែកគ្រាប់បាល់ដំបូងក្នុងជ័យជម្នះ ៣-១ លើហ្វីលីពីន ពេលសិង្ហបុរីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១៥។ ឯពីរគ្រាប់ផ្សេងទៀតរកបានដោយកីឡាករ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម។
កីឡាករ សេត រ៉ស៊ីប ព្យាយាមគ្រប់គ្រងបាល់ពីការដណ្តើមរបស់កីឡាករហ្វីលីពីន, រូបភាពពី FFC
ក្រុម U22 កម្ពុជាបានរក្សាលទ្ធផលនាំមុខ ១-០ លើម្ចាស់ផ្ទះរហូតចប់ការប្រកួតតង់ទី១។ ឈានដល់តង់ទី២គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាលោក Felix Dalmas ហាក់ផ្លាស់ប្តូរទម្រង់លេងដោយផ្តោតខ្លាំងលើប្រព័ន្ធការពារ។ ទោះបីយ៉ាងនេះក្តីកម្ពុជាបានបង្កើតឱកាសមាសជាច្រើនលើក្រុមម្ចាស់ផ្ទះ ដែលព្យាយាមដាក់សម្ពាធមកលើកម្ពុជា ប៉ុន្តែធ្វើមិនបានសម្រេច។ ក្តីរំពឹងទទួលបាន៣ពិន្ទុពីជំនួបដំបូងរបស់កម្ពុជា ត្រូវបានបាត់បង់ បន្ទាប់ពីកីឡាករ Dennis Chung រកគ្រាប់បាល់តាមស្មើ ១-១ ឲ្យម្ចាស់ផ្ទះនៅនាទីទី៩០+២។ ក្រុមទាំងពីរទទួលបានម្នាក់មួយពិន្ទុ ក្រោយរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។
ការវាយបកតាមស្មើពីសំណាក់កីឡាករម្ចាស់ផ្ទះនៅម៉ោងបន្ថែម ធ្វើឲ្យលោក Felix Dalmas គ្រូបង្វឹកក្រុម U22 កម្ពុជា ដែលហាក់មិនពេញចិត្តជាមួយលទ្ធផលនេះ បង្ហាញការសោកស្តាយយ៉ាងខ្លាំង។ ឯលោក Goran Milojevic គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំហ្វីលីពីន បង្ហាញការរីករាយជាមួយលទ្ធផលនេះ និងចាត់ទុកជាលទ្ធផលវិជ្ជមានសម្រាប់ខ្លួន។
លោក Felix ដែលសរសើរកីឡាករហ្វីលីពីនមានកម្ពស់ និងកម្លាំងល្អបាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតដូច្នេះថា៖«យើងមានឱកាសនាំមុខម្ចាស់ផ្ទះហ្វីលីពីនមុន ប៉ុន្តែយើងសោកស្តាយដែលមិនអាចនាំមុខរហូតចប់ការប្រកួត។ យើងមានសម្ពាធខ្លាំងពីម្ចាស់ផ្ទះនៅតង់ទី២ ពួកគេព្យាយាមលេងសម្រុករហូតអាចរកគ្រាប់បាល់តាមស្មើ»។
ចំណែកលោក Goran Milojevic បានលើកឡើងដូច្នេះថា៖«ខ្ញុំសូមអបអរសាទរដល់កីឡាករនិងក្រុមការងារដែលសហការគ្នារហូតទទួលបានលទ្ធផលវិជ្ជមាន។ យើងលេងបានល្អសឹងតែអាចឈ្នះការប្រកួតនេះ។ សរុបមកខ្ញុំពិតជារីករាយជាមួយលទ្ធផលនេះ»៕
ក្រុមអ្នកគាំទ្រកម្ពុជាពេលទស្សនាការប្រកួតរវាងកម្ពុជានិងម្ចាស់ផ្ទះហ្វីលីពីន, រូបភាពពី FFC