អន្តរជាតិ
លោក ប្រា​យុទ្ធ ប្រាប់​ឲ្យ​អ្នកជំនួញ​កូរ៉េខាងត្បូង​បង្កើន​ការវិនិយោគ​នៅ​ថៃ
26, Nov 2019 , 7:39 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ ចាប់ដៃជាមួយលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ក្រោយសន្និសីទកាសែតមួយ ក្នុងក្រុង បាងកក ថ្ងៃ ២ កញ្ញា ២០១៩ (Reuters)
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ ចាប់ដៃជាមួយលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ក្រោយសន្និសីទកាសែតមួយ ក្នុងក្រុង បាងកក ថ្ងៃ ២ កញ្ញា ២០១៩ (Reuters)
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃ​ចន្ទ ២៥​វិច្ឆិកា បាន​ទទូច​ឲ្យ​អ្នកជំនួញ​កូរ៉េខាងត្បូង​បោះទុន​វិនិយោគ​ក្នុងប្រទេស​ថៃ ជាពិសេស ក្នុង​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត (EEC)​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោកស្រី Narumon Pinyosinwat ។ ពី​ប្រទេស​កូរ៉េខាងត្បូង អំឡុង​ទស្សនកិច្ច​ចូលរួម​ជំនួប​កំពូល​អាស៊ាន​-​កូរ៉េខាងត្បូង លោក ប្រា​យុទ្ធ អះអាងថា កូរ៉េខាងត្បូង​គឺជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​តំបន់​អាស៊ាន​។​

 
​ថ្លែង​អំឡុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ក្នុង​ទីក្រុង ប៊ូសាន លោក ប្រា​យុទ្ធ ស្នើ​ឲ្យ​អ្នកវិនិយោគ​កូរ៉េខាងត្បូង​បង្កើន​ការបោះ​ទុនវិនិយោគ ជា​ពិ​សស ក្នុង​ឧស្សាហកម្ម 4.០ ដែល​កូរ៉េខាងត្បូង មាន​ជំនាញ​ខាង​ផ្នែក យានយន្ត​, គ្រឿង​អេឡិចត្រូនិក​, បច្ចេកវិទ្យា​ជីវៈ​, នវានុវត្តន៍​ឌី​ចី​ថ​ល និង​មនុស្ស​យន្ត ជាដើម​។ 
 
​ទន្ទឹមនេះ បើតាម​លោកស្រី Narumon មេដឹកនាំ​ទាំងពីរ ក៏បាន​យល់ព្រម​ព​ន្លឿ​ន​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ក្នុង​វិស័យ​ទាំងអស់ រួមមាន ការគ្រប់គ្រង​ធារាសាស្ត្រ​, ហេដ្ឋារចនាសម្ព័ន្ធ​, ពង្រឹង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​អប់រំ និង​ការតភ្ជាប់​ជាដើម​។  តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ លោកស្រី សង្កត់ធ្ងន់ថា កូរ៉េខាងត្បូង ត្រៀមលក្ខណៈ​ចែករំលែក​ចំណេះដឹង និង​ជំនាញ​ជាមួយ​ប្រទេស​ថៃ​ក្នុង​វិស័យ​ដែល​ថៃ​ខ្វះខាត​។ 
 
​ឆ្លៀត​ក្នុងឱកាស​ជំនួប​ទ្វេភាគី​នេះ លោក ប្រា​យុទ្ធ ក៏បាន​ថ្លែង​អរគុណ​ដល់​កូរ៉េខាងត្បូង​សម្រាប់​ការជួយ​គាំទ្រ​ប្រទេស​ថៃ អំឡុងពេល​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​ឆ្នាំ​២០១៩​នេះ ហើយ​បាន​លើកសរសើរ​ពី​គោលនយោបាយ​ទិស​ខាងត្បូង​ថ្មី (NSP) ដែល​ជួយ​ជំរុញ​កូរ៉េខាងត្បូង​និង​អាស៊ាន​ឆ្ពោះទៅរក​គោលដៅ​ពួកគេ​។ ចំណែក លោក មូ​ន ចេ​អ៊ី​ន បាន​លើកសរសើរ​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ចំពោះ​តួនាទី​របស់លោក​ក្នុង​ការជំរុញ​សេដ្ឋកិច្ច និង​បាន​យល់ព្រម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ថៃ ជាពិសេស​ក្នុង​វិស័យសេដ្ឋកិច្ច ធនធានមនុស្ស និង​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ ដែល​ដើរ​ទន្ទឹមគ្នា​ជាមួយ​គោលនយោបាយ​ទិស​ខាងត្បូង (NSP) របស់​កូរ៉េខាងត្បូង ។​
 
​ម្យ៉ាងទៀត ក្នុង​សុន្ទរកថា​អំឡុងពេល​បើក​ជំនួប​កំពូល​អាស៊ាន​-​កូរ៉េខាងត្បូង​លើក​ទី​៣ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បាន​ថ្លែងថា កូរ៉េខាងត្បូង​គឺជា​ដៃគូ​ដ៏​សំខាន់​មួយ​នៃ​សហគមន៍​តំបន់​អាស៊ាន​។ ជាមួយគ្នានេះ មេដឹកនាំ​រូបនេះ ក៏​កត់សម្គាល់​ពី​តួនាទី​របស់​វិស័យ​ឯកជន​ក្នុង​ការជំរុញ​សេដ្ឋកិច្ច ដោយ​អះអាងថា អាស៊ាន បាន​យល់ព្រម​ជំរុញ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន​។ 
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េខាងត្បូង​នេះ គឺជា​ការអបអរសាទ​រ​ដល់​ខួប​ទី​៣០​ឆ្នាំ​នៃ​ភាពជា​ដៃគូ​សន្ទនា​រវាង​អាស៊ាន និង​កូរ៉េខាងត្បូង ខណៈ​ជំនួប​កំពូល​មេគង្គ​-​កូរ៉េខាងត្បូង​លើក​ទី​១ រវាង​កូរ៉េខាងត្បូង និង​បណ្តា​ប្រទេស​៥​ទៀត ក្នុង​ដង​ទន្លេមេគង្គ រៀបចំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌​។ ប្រទេស​ទាំង​៥​នោះ​គឺមាន ថៃ វៀតណាម ឡាវ កម្ពុជា និង​មី​យ៉ាន់​ម៉ា​៕

Tag:
 កូរ៉េខាងត្បូង​
  ថៃ​
  វិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com