អន្តរជាតិ
ម៉ាឡេស៊ី គ្រោង​បើក​ស្ថានទូត​នៅ​ទីក្រុង​ព្យុងយ៉ាង​សា​ឡើងវិញ ក្នុងពេល​ឆាប់ៗ​ខាងមុខ​
26, Nov 2019 , 4:02 pm        
រូបភាព
កិច្ចសម្ពាសន៍រវាងទីភ្នាក់ងារព័ត៌មានYonhap ជាមួយលោកនាយករដ្ឋមន្រ្តីមហាធៀ មហាម៉ាត់
កិច្ចសម្ពាសន៍រវាងទីភ្នាក់ងារព័ត៌មានYonhap ជាមួយលោកនាយករដ្ឋមន្រ្តីមហាធៀ មហាម៉ាត់
​ម៉ាឡេស៊ី គ្រោង​បើក​ស្ថានទូត​របស់ខ្លួន​សារ​ឡើងវិញ​នៅក្នុង​ទឹកដី​កូរ៉េខាងជើង​។ នេះ​បើតាម​ការលើកឡើង​រប​ស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ ម៉ាឡេស៊ី បាន​បិទ​ស្ថានទូត​របស់ខ្លួន​ដោយ​ផ្នែក​ប្រចាំ​នៅ​ទីក្រុង​ព្យុងយ៉ាង បន្ទាប់ពី​សង្ស័យថា ឃាតកម្ម​លើ​លោក គីម ជុង​ណាំ (Kim Jong Nam) បងប្រុស​លោក​គីម ជុង​អ៊ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​គូ​ឡា​ឡាំ​ពួ គឺ​ទីក្រុង​ព្យុងយ៉ាង​ជា​អ្នក​នៅ​ពីក្រោយ​ក្នុង​ឆ្នាំ​២០១៧​។


 
​តាមរយៈ​កិច្ច​ស​ម្ពា​សន៍​ផ្តាច់មុខ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ក្នុងអំឡុងពេល​កិច្ចប្រជុំ​អាស៊ាន​-​កូរ៉េ នាទីដី​ប៊ូសាន លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ឥឡូវនេះ វា​ដល់ពេល​ហើយ ដែល​ត្រូវបង្កើត​ទំនាក់ទំនង​ធម្មតា រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង​ឡើងវិញ​»​។ ក្នុងន័យនេះ ម៉ាឡេស៊ី កំពុង​រៀបចំ បើក​ស្ថានទូត​របស់ខ្លួន​សាជាថ្មី បន្ទាប់ពី​ស្ថានទូត​នៅ​ទីក្រុង​ព្យុង​មួយ​នេះ បាន​បិទ​ដោយ​ផ្នែក តាំងពី​ឆ្នាំ​២០១៧ មក​ម្លេះ​។​
 
​ទាក់ទង​ទៅនឹង​បញ្ហា​កូរ៉េខាងជើង​នេះ លោក មហា​ធៀ បាន​គូស​បញ្ជាក់ទៀតថា ម៉ាឡេស៊ី មិន​ចង់​ធ្វើជា​សត្រូវ​ជាមួយ​ប្រទេស​ណា​ឡើយ​។ ពោលគឺ​ម៉ាឡេស៊ី ចង់​ធ្វើជា​មិត្ត​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅ​ពិភពលោក សូម្បីតែ​កូរ៉េខាងជើង​។ បានសេចក្តីថា ទីក្រុង​ព្យុងយ៉ាង ក៏​អាចធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​បានដែរ មិនចាំបាច់​តែ​ប្រទេស​ផ្សេង​ទេ​។ 
 
​តាមរយៈ​សំណួរ​របស់​អ្នកកាសែត ដែល​បាន​សួរថា តើ​ពេលណា​ម៉ាឡេស៊ី នឹង​បើក​ស្ថានទូត​ឡើងវិញ ជាការ​ឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​រូបនេះ បាន​អះអាងថា ម៉ាឡេស៊ី នឹង​ជួប និង​ជជែក​ពិភាក្សា​ជាមួយ​មន្ត្រី​កូរ៉េខាងជើង ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ម៉ាឡេស៊ី​ឆាប់ៗ​ខាងមុខនេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ម៉ាឡេស៊ី នឹង​កំណត់​ពី​ពេលវេលា​សមរម្យ​មួយ ដើម្បី​បើក​ស្ថានទូត​នៅ​ទីក្រុង​ព្យុងយ៉ាង សា​ឡើងវិញ​។ 
 
​បន្ទាប់ពី​មាន​ឃាតកម្ម​លើ​លោក គីម ជុង​ណាំ នាអាកាស​យានដ្ឋាន​អន្តរជាតិ​គូ​ឡា​ឡាំ​ពួ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អះអាង​ទៀតថា រដ្ឋាភិបាល នឹង​ប្រុងប្រយ័ត្ន​ជាង​មុន ដើម្បី​ប្រាកដថា កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ នឹងមិន​អាចពាក់ព័ន្ធ​ជាមួយ​ម៉ាឡេស៊ី​បានជា​ដាច់ខាត​។​
 
​កៅ​ពី​បញ្ហា​កូរ៉េខាងជើង លោក​មហា​ធៀ ក៏បាន​និយាយ​ពី​កូរ៉េខាងត្បូង​ផងដែរ ទាក់ទង​ទៅនឹង​ការអភិវឌ្ឍ​របស់​ប្រទេស​កូរ៉េខាងត្បូង ជាពិសេស​គឺ​សាទរ​យ៉ាងខ្លាំង​ចំពោះ គោលនយោបាយ​សម្លឹងមើល​ទៅ​ភាគខាងត្បូង​ថ្មី​ផងដែរ​។ ក្នុងន័យនេះ លោក មហា​ធៀ សម្លឹង​ឃើញថា កូរ៉េខាងត្បូង គឺជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់ សម្រាប់​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ក្នុងការ​ទាញយក​ផលប្រយោជន៍​ទាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​៕

Tag:
 ​មហា​ធៀ​
  កូរ៉េខាងជើង​
  អាស៊ាន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com