អន្តរជាតិ
លោកស្រី ការី ឡាំ ទទួលស្គាល់ពីការមិនពេញចិត្តរបស់ពលរដ្ឋ ក្រោយការបោះឆ្នោតក្រុមប្រឹក្សាស្រុក លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ ធ្វើសន្និសីទកាសែតនៅទីក្រុងហុងកុង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩, រូបភាព៖ Reuters
× លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ នៅថ្ងៃទី២៦ ខែវិច្ឆិកា បានទទួលស្គាល់ថា ការឈ្នះឆ្នោតដ៏លើសលុបរបស់បេក្ខជនប្រជាធិបតេយ្យ គឺជាការបង្ហាញ ភាពមិនពេញចិត្តរបស់សាធារណមតិ លើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាកន្លងមក។ ការលើកឡើងបែបនេះ បន្ទាប់ពីបេក្ខជនប្រជាធិបតេយ្យ បានទទួលសំឡេងគាំទ្ររហូតដល់ ៩០ភាគរយ នៃចំនួនកៅអីក្រុមប្រឹក្សាស្រុកសរុប។
នាសន្និសីទកាសែតថ្ងៃទី២៦ វិច្ឆិកា លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ បានបង្ហាញពីក្តីបារម្ភទាក់ទងទៅនឹងភាពខ្វះខាតរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាអស្ថិរភាព និងការបញ្ចប់អំពើហិង្សានៅក្នុងទីក្រុងហុងកុងកន្លងមក។ លោកស្រីប្រធានប្រតិបត្តិ ក៏ទទួលស្គាល់ផងដែរថា បេក្ខជនប្រជាធិតេយ្យ បានទទួលសំឡេងគាំទ្ររហូតដល់ ៩០ភាគរយ នៃចំនួនកៅអីក្រុមប្រឹក្សាសរុប៤៥២ កៅអី ខណៈពេលមានសំឡេងតិចតួចប៉ុណ្ណោះ បោះឆ្នោតលើបេក្ខជនមាននិន្នាការរកទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Channel News Asia។
ពាក់ព័ន្ធទៅនឹងលទ្ធផលបោះឆ្នោតនេះ លោកស្រី ការី ឡាំ សារភាពថា លទ្ធផលបោះឆ្នោតមួយនេះ គឺច្បាស់ណាស់ថា គឺជាការបញ្ចញមតិ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ មកលើរដ្ឋាភិបាលទីក្រុងហុងកុង និងលោកស្រីផ្ទាល់។ បើទោះបីជាបេក្ខជនប្រជាធិបតេយ្យទទួលបានសំឡេងគាំទ្រយ៉ាងច្រើនក៏ដោយ ក៏លោកស្រី ការី ឡាំ យល់ឃើញថា គឺជាការបញ្ចេញមតិដោយសន្តិភព ប្រឆាំងទៅនឹងអំពើហិង្សានៅក្នុងទីក្រុង។
ចំណែកលទ្ធផលនៃការចាញ់ឆ្នោតមួយនេះ លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុងយល់ឃើញថា ទំនងមកពីប្រជាជនមានអារម្មណ៍ថា រដ្ឋាភិបាលមិនបានប្រតិបត្តិតាមច្បាប់របស់ខ្លួនឲ្យបានត្រឹមត្រូវ ទើបលទ្ធផលទៅជាបែបនេះ។ ដើម្បីឆ្លើយតបទៅនឹងភាពអសកម្ម និងការខ្វះខាតទាំងឡាយ រដ្ឋាភិបាលទីក្រុងពាក់កណ្តាលស្វយ័យមួយនេះ នឹងកែលម្អប្រព័ន្ធរដ្ឋបាលរបស់ខ្លួនឡើងវិញ។
ជាការពិត ការគាំទ្រយ៉ាងច្រើនលើសលុបលើបេក្ខជនប្រជាធិតេយ្យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាស្រុកនាថ្ងៃទី២៤ ខែវិច្ឆិកា គឺបង្ហាញពីការគាំទ្ររបស់ប្រជាជនជាច្រើន ទៅលើចលនាក្រុមបាតុកម្មនៅក្នុងទឹកដីហុងកុង។ ក្នុងការបោះឆ្នោតនេះ អ្នកទៅបោះឆ្នោត ក៏មានចំនួនច្រើនផងដែរ ពោលគឺមានចំនួនរហូតដល់ ៧១,២ភាគរយនៃអ្នកមានឈ្មោះបោះឆ្នោតជាងបួនលាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com