អាជ្ញាធរខេត្តកំពង់ឆ្នាំង បំភ្លឺរឿងផ្តល់ដី៤០ហិកតា ដល់ជនជាតិវៀតណាម
ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំង បំភ្លឺរឿងផ្តល់ដី៤០ហិកតា ដល់ជនជាតិវៀតណាម
26, Nov 2019 , 6:06 pm        
រូបភាព
រូបលោកស៊ុន សុវណ្ណរិទ្ធិ ពីទំព័រហ្វេសប៊ុកទូរទស្សន៍ខេត្តកំពង់ឆ្នាំង, រូបទីតាំងដីពីសារព័ត៌មាន Khmer Reader
រូបលោកស៊ុន សុវណ្ណរិទ្ធិ ពីទំព័រហ្វេសប៊ុកទូរទស្សន៍ខេត្តកំពង់ឆ្នាំង, រូបទីតាំងដីពីសារព័ត៌មាន Khmer Reader
ដោយ: ថ្មីៗ
អាជ្ញាធរ បង្កើតតំបន់ថ្មីមួយ ដែលមានទំហំដីប្រមាណ៤០ហិកតា ក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យអ្នកដែលត្រូវបម្លាស់ទីចេញពីដងទន្លេ ចូលទៅរស់នៅ។ ការបម្លាស់ទីនេះ បង្កឲ្យមានមានរិះគន់ខ្លាំងលើបណ្តាញសង្គមនានាថា អាជ្ញាធរខ្មែរ កាត់ដីឲ្យជនជាតិវៀតណាម ដ្បិតថា អ្នកដែលត្រូវបម្លាស់ទីចេញពីទន្លេ គឺជាជនជាតិវៀតណាម។



លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការរៀបចំការបម្លាស់ទី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ការរិះគន់នេះ គឺមិនត្រឹមត្រូវឡើយ។ កុំឲ្យសាធារណជនយល់ច្រឡំ លោកអភិបាលរង បកស្រាយថា តាមពិត អ្នក ដែលត្រូវបម្លាស់ចេញពីទន្លេ ឲ្យទៅរស់នៅលើគោក មិនមែនមានតែវៀតណាមនោះទេ គឺមានទាំងខ្មែរ និងខ្មែរ-អ៊ិស្លាម ដែលសរុបទាំងអស់មានប្រមាណ៤ពាន់គ្រួសារ។ លោក មិនហៅថា បម្លាស់ទីជនជាតិវៀតណាមទេ លោក ហៅថា បម្លាស់ទីផ្ទះលើទឹក។ 

លោក  អះអាងថា ប្រជាជនទាំងនោះ ត្រូវបានបម្លាស់ចេញពីគោលដៅចំនួន៦ នៅលើដងទន្លេ ហើយយកទៅរស់នៅជាមួយគ្នាជាសហគមន៍ ក្នុងតំបន់ថ្មីខាងលើ។ លោក បន្តថា ប្រជាជនមកពីគោលដៅទាំង៦នោះ បើគិតជារួម ប្រជាជនខ្មែរ និងខ្មែរ-អ៊ិស្លាម មានច្រើនជាងវៀតណាម តែបើគិតជាគោលដៅនីមួយៗវិញ មានគោលដៅខ្លះ វៀតណាម មានច្រើនជាង។

លោក បំភ្លឺថា ទោះបីទៅរស់នៅលើតំបន់គោកមែន តែដីនៅតំបន់នោះ មិនមែនជាកម្មសិទ្ធិរបស់ជនជាតិវៀតណាមទេ ពោលគឺខ្មែរ នៅតែជាអ្នកកាន់កាប់ដដែល។ លោក ថ្លែងថា សូម្បីតែទិញដីនោះ ក៏ពួកគេ មិនមានសិទ្ធិដែរ ដោយពួកគេ មានសិទ្ធិត្រឹមតែជួលប៉ុណ្ណោះ។

លោក សង្កត់ធ្ងន់ថា៖«ទោះរស់នៅលើទឹក ក៏នៅតែជាទឹកដីខ្មែរ ហើយបម្លាស់ទៅរស់នៅលើដីគោក ក៏នៅតែជាដីខ្មែរដដែល»។ ឆ្លើយតបនឹងការរិះរន់ លោក លើកឡើងថា អាជ្ញាធរ ប្រឹងប្រែងនិងប្រុងប្រយ័ត្នខ្ពស់ណាស់ ក្នុងការបម្លាស់ទីនេះ។ លោក បញ្ជាក់ដូច្នេះថា៖ «គេ គោរពទៅតាមច្បាប់តាមអី មិនមែនអាជ្ញាធរ ចេះតែធ្វើអីផ្តេសផ្តាសទេ»។ 

លោក រៀបរាប់ថា មូលហេតុចម្បងនៃការបម្លាស់ទីនេះ គឺដើម្បីការពារបរិស្ថានលើដងទន្លេ ហើយក៏ដើម្បីបង្ការកុំឲ្យមានបទល្មើសនេសាទ និងបទផ្សេងទៀតដែរ។ លោក បន្ថែមថា ការបម្លាស់ទីនេះ គឺអាជ្ញាធរ គិតពីប្រយោជន៍ប្រជាជនខ្មែរជាធំ។ លើសពីនេះ លោក បានរំលេចពីច្បាប់អន្តរជាតិថា ជនអន្តោប្រវេសន៍ស្របច្បាប់ ក៏គួរតែទទួលបានកន្លែងស្នាក់នៅសមរម្យដែរ គឺដូចជនជាតិខ្មែរ ដែលទៅរស់នៅឯប្រទេស តែងតែត្រូវការកន្លែងរស់នៅសមរម្យ។ 

លោក បង្ហាញពីការលំបាករបស់អាជ្ញាធរ ដែលធ្វើអ្វីក៏ខុស ចំពោះមតិមួយចំនួន។ លោក និយាយដូច្នេះថា៖«ពេលខ្ញុំដេញបងប្អូនទៅនៅមិនសមរម្យ បងប្អូនមួយចំនួន ចោទខ្ញុំថា ដេញប្រជាជន មិនគិតគូរ។ ពេលខ្ញុំ រៀបចំបានល្អ ថាខ្ញុំគិតគូរតែយួន។ អ៊ីចឹងពិបាកណាស់ ចុះទឹកក្រពើ ឡើងលើខ្លា យកមួយណាឥឡូវហ្នឹង...»។ 

ប្រធានគណៈកម្មការរៀបចំការបម្លាស់ទី ស្នើឲ្យអ្នករិះគន់ឈ្វេងយល់ឲ្យបានច្បាស់ពីរឿងបម្លាស់ទីនេះ ចៀសវាងយល់ច្រឡំថា អាជ្ញាធរឬរដ្ឋាភិបាល កាត់ដីឲ្យវៀតណាម។ លោក មានប្រសាសន៍ដូច្នេះ៖«កុំយកទស្សនៈមកប្រកាន់និន្នាការ ធ្វើឲ្យឈ្លោះគ្នា»។ 

មន្រ្តីខេត្តកំពង់ឆ្នាំងខាងលើដដែល បានឲ្យដឹងថា មកដល់ពេលនេះ ប្រជាជនរស់នៅលើដងទន្លេទាំង៦គោលដៅ ត្រូវបានបម្លាស់ទីមកលើគោកអស់ហើយ ប៉ុន្តែ ពួកគេ ពុំទាន់អាចសង់លំនៅដ្ឋានលើតំបន់ដី៤០ហិកតានោះទេ ព្រោះអាជ្ញាធរ មិនទាន់រៀបចំរួចរាល់នៅឡើយ។ បើតាមមន្រ្តីរូបនេះ បច្ចុប្បន្ន ពួកគេ កំពុងរស់នៅកន្លែងផ្សេងៗ ជាបណ្តោះអាសន្នសិន។

យ៉ាងណា លោក មិនទាន់អាចបញ្ជាក់ឡើយថា តំបន់ថ្មីនោះ នឹងត្រូវរួចរាល់នៅពេលណា ដោយលោក គ្រាន់តែប្រាប់ថា អាជ្ញាធរ កំពុងចាក់ដី។ លោក ថា អាជ្ញាធរ នឹងខិតខំរៀបចំទីតាំងថ្មីនោះ ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ៕

Tag:
 វៀតណាម
  បម្លាស់ទី
  ដីធ្លី
  ស៊ុន សុវណ្ណរិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com