ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា បន្ត​ជួប​ភ្ញៀវ​ទូត​ទី​១១​នា​រសៀល​ថ្ងៃ​ពុធ​នេះ​
27, Nov 2019 , 6:29 am        
រូបភាព
លោក កឹម សុខា នាពេលចេញទៅទទួលភ្ញៀវទូតកន្លងមក។ រូបថត AFP
លោក កឹម សុខា នាពេលចេញទៅទទួលភ្ញៀវទូតកន្លងមក។ រូបថត AFP
ដោយ: ថ្មីៗ
​លោក Bjorn Haggmark ឯកអគ្គរាជទូត​ស៊ុយអែត នឹង​ក្លាយជា​ភ្ញៀវ​ទូត​ទី​១១​ដែល​អញ្ជើញ​ទៅសួរសុខទុក្ខ​លោក កឹម សុខា ដល់​គេហដ្ឋាន​នៅក្នុង​ខណ្ឌទួលគោក​។ បើតាម​លោក មុត ចន្ថា ដែលជា​មនុស្ស​ជ​និ​តរបស់​អតីត​មេបក្ស​ប្រឆាំង ជំនួប​នឹង​ប្រព្រឹត្តទៅ​នា​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ពុធ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​



​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លុប​បម្រាម​មួយចំនួន​ដោយ​អនុញ្ញាត​ឲ្យ​លោក កឹម សុខា អាច​ដើរ​បាន​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​លោក​មិនមាន​សិទ្ធិ​ចេញទៅ​ក្រៅប្រទេស ឬ​បន្តសកម្មភាព​នយោបាយ​នោះឡើយ​។​

​ក្រោយ​ទទួលបាន​ការបើក​ទូលាយ​សិទ្ធិ​នេះ អតីត​មេបក្ស​ប្រឆាំង​បាន​ជួប​តំណាង​ទូត​ប្រទេស​ជា​បន្តបន្ទាប់​។ ឯកអគ្គរដ្ឋទូត និង​រាជទូត​ដំបូងៗ​ដែល​បាន​ទៅ​ជួប​លោក កឹម សុខា រួមមាន​ដូចជា លោកស្រី Eva Nguyen Binh (​បារាំង​), លោក W. Patrick Murphy (​អាមេរិក​) លោក Christian Berger (​អាល្លឺម៉ង់​) និង​លោកស្រី Angela Corcora (​អូស្ត្រាលី​)​។​

​បន្តបន្ទាប់​មកទៀត​រួមមាន លោកស្រី Carmen Moreno (​សហភាព​អឺរ៉ុប​), លោក Mikami Masahiro (​ជប៉ុន​), លោកស្រី Tina Redshaw (​ចក្រភព​អង់គ្លេស​)​។ ក្រៅពី​ទូត​ដែលមាន​ទីស្នាក់ការ​ទូត​នៅ​កម្ពុជា ទូត​បរទេស​ផ្សេងទៀត​ដែល​មក​សួរ​សុខ​ទុក​លោក កឹម សុខា រួមមាន លោកស្រី Helene Budliger Artieda ទូត​ស្វី​ស​ដែលមាន​ស្ថាន ឯកអគ្គរដ្ឋទូត​ស្ថិតនៅ​ទីក្រុង​បាងកក ទទួលបន្ទុក​ថៃ កម្ពុជា និង​ឡាវ​។​

​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា លោក កឹម សុខា បានទទួល​ជួប លោក Philippe Kridelka ឯកអគ្គរាជទូត​បែលហ្ស៊ិក និង អ្នកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូត​ហ្វាំ​ង​ឡង់ ដែលមាន​ស្ថានទូត​នៅ​ប្រទេស​ថៃ​។ លោក Philippe Kridelka ជា​ទូត​បែលហ្ស៊ិក ទទួលបន្ទុក​ប្រចាំ​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​។ ចំណែក អ្នកស្រី Satu Suikkari-Kleven ជា​ទូត​ហ្វាំ​ង​ឡង់ ទទួលបន្ទុក​ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង មី​យ៉ាន់​ម៉ា​។

​នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ពុធ ទី​២៧ ខែវិច្ឆិកា នេះ ឯកអគ្គរាជទូត​ស៊ុយអែត លោក Bjorn Haggmark គឺជា​ភ្ញៀវ​ទី​១១ ដែល​ទៅសួរសុខទុក្ខ​អតីត​មេបក្ស​ប្រឆាំង​ដល់ផ្ទះ ប៉ុន្តែ​មិនមាន​ការសន្ទនា​ក្នុង​ក្របខណ្ឌ​នយោបាយ​ឡើយ ដោយ​គ្រាន់តែ​ជាការ​សួរសុខទុក្ខ​ធម្មតា​ប៉ុណ្ណោះ​។​

​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ បានប្រកាស​បិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​របស់លោក កឹម សុខា​។ នី​តី​វិធី​បន្ទាប់ ចៅក្រម​ស៊ើបសួរ  នឹង​ចេញ​ដីកា​ដំណោះស្រាយ ដើម្បី​សម្រេច​ថា​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា ឬក៏​ត្រូវបញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ លោក ត្រូវបាន​ចោទ​ពីស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​កាលពីរ​២​ឆ្នាំមុន ដែល​សំដៅថា លោក លួច​ទៅ​ពឹងពាក់​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​៕



© រក្សាសិទ្ធិដោយ thmeythmey.com