ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខ្យល់ពុល អាច​ជះឥទ្ធិពល​អាក្រក់​លើ​ការចងចាំ​
27, Jun 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការបំពុល​បរិយាកាស (​ខ្យល់ពុល​) អាច​បង្ក​ឲ្យ​មានការ​ផ្លាស់ប្តូរ​ខួរក្បាល​ដូច​ជំងឺ​ចាស់​វង្វេង (alzheimer) និង​ការថយចុះ​ល្បឿន​នៃ​ការចងចាំ​ចំពោះ​មនុស្ស​វ័យ​ចំណាស់​។​


 
​ការស្រាវជ្រាវ​ពីមុន​បាន​បង្ហាញថា​ការប៉ះពាល់​នឹង​ការបំពុល​បរិយាកាស​ប​ង្កើ​ន​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង និង​ជំងឺ​វង្វេង​ប្រភេទ​ដទៃទៀត ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ថា​តើ​ការបំពុល​ប្រភេទ​នេះ​ប៉ះពាល់​ដល់​ខួរក្បាល និង​ការចងចាំ​យ៉ាងដូចម្តេច​។​
 
​អ្នកស្រាវជ្រាវ Andrew Petkus បាន​និយាយថា នេះ​គឺជា​ការសិក្សា​ដំបូងបង្អស់​ដែល​បង្ហាញ​តាម​គំរូ​ស្ថិតិ​ថា ការបំពុល​ខ្យល់​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការផ្លាស់ប្តូរ​ខួរក្បាល​របស់​មនុស្ស ហើយ​បន្ទាប់មក ការផ្លាស់ប្តូរ​ទាំងនោះ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​នៃ​ការចងចាំ​។ គាត់​ជា​ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​សរសៃប្រសាទ​ផ្នែក​វេជ្ជសាស្ត្រ​នៅឯ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង (University of Southern California)​។​
 
Andrew Petkus ពន្យល់ថា “​ក្តីសង្ឃឹម​របស់​យើង​គឺថា តាមរយៈ​ការយល់ដឹង​កាន់តែច្បាស់​ពី​ការផ្លាស់ប្តូរ​ខួរក្បាល​ដែល​បណ្តាលមកពី​ការបំពុល​បរិយាកាស អ្នកស្រាវជ្រាវ​នឹង​អាចបង្កើត​ការធ្វើអន្តរាគមន៍ ដើម្បី​ជួយ​មនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់ ចំពោះ​ការថយចុះ​ការយល់ដឹង​” ។​
 
​ការស្រាវជ្រាវ​បាន​រាប់បញ្ចូល​ស្ត្រី​ជិត ១.០០០ នាក់​ដែលមាន​អាយុ ៧៣ ទៅ ៨៧ ឆ្នាំ​ដែល​បាន​ស្កេ​ន​ខួរក្បាល​រយៈពេល ៥ ឆ្នាំ​។ ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​វាយតម្លៃ​ព័ត៌មាន​អំពី​កន្លែង​ដែល​ស្ត្រី​រស់នៅ និង​ទិន្នន័យ​បរិស្ថាន​ពី​ទីតាំង​ទាំងនោះ ដើម្បី​ប៉ាន់ស្មាន​ពី​ការប៉ះពាល់​របស់​ស្ត្រី​ទៅនឹង​ការបំពុល​។​
 
​លទ្ធផល​បាន​បង្ហាញថា ស្ត្រី​ដែល​ត្រូវបាន​ប៉ះពាល់​នឹង​កម្រិត​ខ្ពស់​នៃ​ការបំពុល​បរិយាកាស មានការ​ផ្លាស់ប្តូរ​ដូចជា​ជំងឺ​វង្វេងវង្វាន់​នៅក្នុង​រចនាសម្ព័ន្ធ​ខួរក្បាល និង​ការថយចុះ​ការចងចាំ​កាន់តែខ្លាំង​ជាង​ស្ត្រី​ដែល​មិនសូវមាន​ការប៉ះពាល់​នឹង​ការបំពុល​បរិយាកាស​។ ប៉ុន្តែ​ការសិក្សា​បានបង្ហាញ​តែ​ការផ្សារភ្ជាប់​គ្នា ហើយ​មិនអាច​បង្ហាញថា​ការបំពុល​បរិយាកាស​ប​ណ្តា​ល​ឲ្យ​មានការ​ផ្លាស់ប្តូរ​ខួរក្បាល ឬ​ការថយចុះ​ការចងចាំ​នោះទេ​។​
 
​ជំងឺ​វង្វេងវង្វាន់ គឺជា​បុព្វហេតុ​ឈានមុខ​គេ​ទី ៦ នៃ​ការស្លាប់​នៅ​សហរដ្ឋអាមេរិក​។ មិនមាន​ការព្យាបាល​នោះទេ​។​
 
​ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ Brain៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com