សេដ្ឋវិទូថៃ Aat Pisanwanich បានព្រមានថា ថៃ ទំនងជាបាត់បង់ទីផ្សារកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា (CLMV) ទៅឲ្យចិននៅរយៈពេល៥ឆ្នាំខាងមុខ។ បច្ចុប្បន្ន ចិនកំពុងដណ្ដើមយកចំណែកទីផ្សារកាន់តែធំពីប្រទេសទាំងបួន ខណៈថៃប្រឈមមុខការបាត់បង់បន្តិចម្ដង។ ដើម្បីដោះស្រាយបញ្ហានេះ សេដ្ឋវិទូរូបនេះ បានផ្ដល់យោបល់ឲ្យរដ្ឋាភិបាលថៃ យកប្រទេសឡាវជាមូលដ្ឋានក្នុងការផលិតទំនិញឲ្យបានច្រើន។
ចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០១៨ ការដោះដូរទំនិញរវាងចិន និងប្រទេសអាស៊ានទាំងអស់ មានការកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការលើកឡើងរបស់លោក Aat Pisanwanich នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃដែលស្រង់ពីការសិក្សាមួយ។
បើតាមសារព័ត៌មាន The Nation លោក Aat បញ្ជាក់ថា ១៤ឆ្នាំមកនេះ ការនាំចេញរបស់ប្រទេសអាស៊ានទៅកាន់ចិន មានទំហំ២៧៧ពាន់លានដុល្លារកើនឡើង៧ដង បើប្រៀបធៀបពេលមុន ហើយការនាំចូលពីចិនក៏កើនឡើង៤,១ដង ពោលគឺមានទំហំ១៩៤,៥៣ពាន់លានដុល្លារ។ ប៉ុន្តែការនាំចេញរវាងសមាជិកអាស៊ានវិញ គឺថយចុះ ពិសេសការនាំចេញទៅកាន់ប្រទេស CLMV ខណៈអាត្រានាំចេញពីប្រទេសទាំងបួនទៅកាន់ចិន បែរជាកើនឡើង។
ប្រទេស CLMV ដែលមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បាននាំចេញទៅកាន់ចិនក្នុងទំហំ៥៨,២១ពាន់លានដុល្លារ ហើយនាំចូលវិញមានចំនួន៩៥,៣៧ពាន់លានដុល្លារ។ តួលេខនេះ បង្ហាញពីការទទួលបានចំណែកទីផ្សារយ៉ាងធំរបស់ចិនក្នុងប្រទេសសមាជិកអាស៊ានទាំងបួន ហើយដែលនាំឲ្យមានប្រឈមសម្រាប់ថៃ ដ្បិតប្រទេសទាំងបួននេះ ក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ថៃផងដែរ។
បើតាមលោក Aat នៅរយៈពេល៥ឆ្នាំខាងមុខ ថៃអាចបាត់បង់ទីផ្សារវៀតណាមលើទំនិញដូចជាគ្រឿងទេស, សម្លៀកបំពាក់, គ្រឿងសមុទ្រ, ផលិតផលឈើ ស្របពេលទីផ្សារមីយ៉ាន់ម៉ាមាន ផលិតផលត្រី, សម និងស្លាបព្រា។ នៅឡាវវិញ ថៃក៏ប្រឈមមុខការដណ្ដើមទីផ្សារសម្រាប់ផលិតផលច្រើនមុខមាន ធញ្ញជាតិ, ស្ករស, ផ្កាសិប្បនិម្មិត, កម្រាលព្រំ ខណៈនៅកម្ពុជាវិញ ថៃអាចបាត់បង់ការនាំចេញស្ករស, ស៊ីម៉ង់, និងក្រណាត់សម្រាប់ឧស្សាហកម្មជាដើម។
ជាដំណោះស្រាយបញ្ចៀសការប្រឈមមុខនេះ សេដ្ឋវិទូថៃខាងលើ បានស្នើឲ្យថៃបង្កើនការលក់ផលិតផលទៅឡាវដែលជាប្រទេសជិតខាងថៃ ឬក៏បោះទុនឲ្យបានច្រើនដើម្បីឲ្យឡាវក្លាយជាមូលដ្ឋានផលិតកម្មសម្រាប់ផលិតទំនិញនាំចេញទៅកាន់ប្រទេសផ្សេង។ លើសពីនោះ លោកក៏ផ្ដល់យោបល់ឲកយខេត្តនៅក្បែរផ្លូវរថភ្លើងចិន-ឡាវឲ្យរកឱកាសបង្កើតជំនួញ ឬក៏បង្កើតជាមជ្ឈមណ្ឌលចែកចាយទំនិញ ដើម្បីលក់ទៅកាន់ចិនដែរ៕