ជាតិ
ប្រទេស​១១​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការលុបបំបាត់​ការនេសាទ​ខុសច្បាប់​
27, Nov 2019 , 10:46 am        
រូបភាព
​សៀមរាប​៖ ប្រទេស​ចំនួន​១១ ដែលមាន​ប្រទេស​អាស៊ាន​ចំនួន​៩ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១២ ស្ដីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​។ កិច្ចប្រជុំ​ថ្នាក់​តំបន់​នេះ មាន​រយ​:​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែ​វិ​ច្ឆ​កា​។​

 
​ប្រទេស​អាស៊ាន​ចំនួន​៩ និង​ប្រទេស​ប៉ា​ពូ​ញូ​គី និង​អូស្ដ្រាលី បាន​ជួបប្រជុំគ្នា​ជា​លើក​ទី​១២ ស្ដីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព បញ្ហា​ប្រឈម និង​ការរៀបចំ​ផែន​សកម្មភាព​ថ្នាក់​តំបន់​ស្ដីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ ការ​គ្មាន​របាយការណ៍ និង​ការអនុញ្ញាត​សម្រាប់​ឆ្នាំ​២០២០​។ នេះ​បើតាម លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះ លោក នុត ច័ន្ទ​សុខា ពន្យល់ថា ក្រសួងកសិកម្ម បាននិងកំពុង​ដំណើរកា​រ​រៀបចំ​កែសម្រួល​ច្បាប់​ស្ដីពី​ជលផល និង​រៀបចំ​ផែនការ​សកម្មភាព​ពាក់​ព័ន្ធ​នឹង​ករណី​បទល្មើស​ជលផល​ជាច្រើន​ទៀត​សំដៅ​ក្នុងការ​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​នេះ​។ 
 
​ក្នុង​កិច្ចប្រជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នាពេល​កន្លងមក លោក អេង ជា​សាន ប្រធាន​ជលផល​នៃ​ក្រសួងកសិកម្ម បានឱ្យដឹងថា ច្បាប់​ជលផល​ថ្មី​ដែល​កំពុង​រៀបចំ នឹង​អនុម័ត​ឱ្យប្រើ​ប្រាស់​យ៉ាងយូរ​ឆ្នាំ​២០២០​ខាងមុខ ដោយ​ក្នុងនោះ​ក៏មាន​កែប្រែ​មួយចំនួន​ទាក់ទង​នឹង​សហគមន៍​នេសាទ​ផងដែរ​។​លោក អេង ជា​សាន បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លោក​រំពឹងថា កម្ពុជា នឹង​អាច​ក្លាយជា​ប្រទេស​នាំចេញ​ធនធាន​ជលផល​នាពេល​អនាគត​។​
 
​សូមជម្រាបថា កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដោយរ​ដ្ធ​បាល​ជលផល សហការ​ជាមួយ​ក្រុមការងារ​លេខា​ធិ​ការដ្ឋាន​ផែនការ​តំបន់ ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស ឥណ្ឌូណេស៊ី​៕

Tag:
 នេសាទ​
  បទល្មើស​នេសាទ​
  នេសាទ​ខុសច្បាប់​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com