Tottenham Hotspur បានវាយបកការនាំមុខពីរគ្រាប់របស់ក្រុម Olympiakos ដោយបញ្ចប់ក្នុងលទ្ធផល ៤-២ ដើម្បីកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Champions League។ នេះជាការប្រកួតលើកទីពីររបស់មាន់ខ្នាយមាស ក្រោមការដឹកនាំរបស់លោក Jose Mourinho។
ជំនួបនៅកីឡដ្ឋាន Tottenham Hotspur កីឡាករ Youssef El-Arabi និង Ruben Semedo រកបានម្នាក់មួយគ្រាប់សម្រាប់ Olympiacos ខណៈការប្រកួតដំណើរមិនទាន់ដល់២០នាទី។ នៅចុងតង់ទីមួយ Dele Alli វាយបកបានមួយគ្រាប់ ហើយ Harry Kane ថែមបាន២គ្រាប់ និង Serge Aurier ជួយបាន១គ្រាប់នៅតង់ទីពីរ។
លទ្ធផលនេះនាំឲ្យ Spurs ធានាបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយសម្រាប់ពូល B ជាមួយ Bayern Munich ដែលនាំមុខគេដាច់កំពូលតារាងក្រោយបន្តឈ្នះ Red Star Belgrade ៦-០។ Robert Lewandowski រកបាន៤គ្រាប់ ចំណែក Leon Goretzka និង Corentin Tolisso បន្ថែមបានម្នាក់១គ្រាប់។
នៅក្នុងពូល A Paris Saint-Germain ឈរលើកំពូលតារាង ក្រោយ Kylian Mbappe និង Pablo Sarabia រកបានម្នាក់មួយគ្រាប់តាមស្មើ ២-២ ជាមួយម្ចាស់ផ្ទះ Real Madrid ដែលនាំមុខមុន ដោយគ្រាប់បាល់ពីរគ្រាប់របស់ Karim Benzema។ Club Brugge និង Galatasaray បញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ដែលស្វែងរកឱកាសប្រជែងយកកៅអីនៅ Europa League សម្រាប់ជំនួបចុងក្រោយ។
សម្រាប់ពូល C Manchester City ត្រូវក្រុមភ្ញៀវ Shakhtar Donetsk តាមស្មើ ១-១ ប៉ុន្តែពួកគេនៅតែមានពិន្ទុដាច់លើតារាងក្នុងនាមជាក្រុមលេខមួយ ខណៈ Atalanta បានយកឈ្នះ Dinamo Zagreb ២-០។ ទោះបីជាយ៉ាងណាក៏ដោយ Shakhtar Donetsk, Atalanta និង Dinamo Zagreb មិនទាន់មានទីតាំងច្បាស់លាស់នោះឡើយ ដោយរង់ចាំជំនួបកាត់សេចក្តី។
ងាកទៅពូល D ឯណោះវិញ Juventus ធានាបានកៅអីគ្រប់គ្រាន់ទៅវគ្គបន្តក្នុងនាមជាក្រុមលេខ១ ដោយ Paulo Dybala បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់នាំជ័យជម្នះ ១-០ លើភ្ញៀវ Atletico Madrid។ Bayer Leverkusen ស៊ីម្ចាស់ផ្ទះ Lokomotiv Moscow ២-០ ដែលនាំឲ្យពួកគេរក្សាឱកាសប្រជែងជាមួយ Atletico Madrid ក្នុងនាមជាក្រុមលេខ២ក្នុងពូល។
ជំនួបនារាត្រីនេះ៖
ពូល E
-ម៉ោង៣យប់៖ Genk vs Salzburg
-ម៉ោង៣យប់៖ Liverpool vs Napoli
ពូល F
-ម៉ោង៣យប់៖ Barcelona vs Borussia Dortmund
-ម៉ោង៣យប់៖ Slavia Prague vs Inter Milan
ពូល G
-ម៉ោង១២:៥៥យប់៖ Zenit St. Petersburg vs Lyon
-ម៉ោង៣យប់៖ RasenBallsport Leipzig vs Benfica
ពូល H
-ម៉ោង១២:៥៥យប់៖ Valencia vs Chelsea
-ម៉ោង៣យប់៖ Lille vs Ajax