ជាតិ
International IDEA៖ កម្ពុជា​ដូរ​ពី​កូនកាត់​ទៅជា “​មិន​ប្រជាធិបតេយ្យ​” ប៉ុន្តែ​សេដ្ឋកិច្ច​រីកចម្រើន​
27, Nov 2019 , 2:07 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា មិនប្រជាធិបតេយ្យ​នោះទេ ប៉ុន្តែ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​។ នេះ​បើតាម​របាយការណ៍​វាយតម្លៃ​ប្រជាធិបតេយ្យ​ពិភពលោក​ឆ្នាំ​២០១៩ របស់​វិទ្យាស្ថាន​អន្តរជាតិ ដើម្បី​ប្រជាធិបតេយ្យ​និង​ជំនួយការ​បោះឆ្នោត (International Institute for Democracy and Electoral Assistance) ។​


 
​ក្នុង​របាយការណ៍​កម្រាស់​២០០​ទំព័រ​របស់ International IDEA  បាន​រៀបរាប់​ពី​ភាពអវិជ្ជមាន​របស់​​កម្ពុជា និង​បណ្ដាប្រទេស​ក្នុង​ពិភពលោក ដែល​ស្ថិតនៅ​ក្នុងប្រទេស​មិន​ប្រជាធិបតេយ្យ​។ ដោយនិយាយ​ពី​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ វិទ្យាស្ថាន​International IDEA បាន​រកឃើញ​ភាពអវិជ្ជមាន​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​បាន​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នកនយោបាយ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ធ្វើឱ្យ​ពួកគេ​មិនបាន​ចូលរួម​បោះឆ្នោតជាតិ ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ។ ក្រៅពីនេះ ក៏មាន​បញ្ហា​សិទ្ធិមនុស្ស , សិទ្ធិ​បញ្ចេញមតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ រួមទាំង​បញ្ហា​ចាប់ខ្លួន​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល  ក៏​ស្ថិតនៅក្នុង​របាយការណ៍​នេះ​ផងដែរ​។ តាមរយៈ​របាយការណ៍​នេះ ក៏បាន​សង្កត់ធ្ងន់ថា កម្ពុជា កំពុង​ក្លាយជា​ប្រទេស​ផ្ដាច់ការ​។​
 
«​ទោះបីជា​យ៉ាងណាក្តី ប្រទេស​ជាច្រើន​រង​ការឈឺចាប់ ដោយសារ​របប​ផ្ដាច់ការ​មួយរយៈ​ចុងក្រោយ​នេះ​។ ប្រទេស​កម្ពុជា គឺជា​គំរូ​មួយ ដែល​ត្រូវបាន​គេ​មើលឃើញថា បាន​ដើរ​ថយក្រោយ​ពីរ​បប​កូនកាត់​(​ប្រជាធិបតេយ្យ​ពាក់កណ្ដាល​) ទៅជា​ប្រទេស​មិន​ប្រជាធិបតេយ្យ​នៅក្នុង​ឆ្នាំ​២០១៨»​។ នេះ​ជាការ​លើកឡើង​របស់រ​បាយ​ការណ៍ International IDEA  ។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ច្រានចោល​របាយការណ៍ International IDEA  នេះ​។ លោក ផៃ ស៊ី​ផាន ចាត់ទុក​របាយការណ៍​នេះ ថា​ជាការ​វាយតម្លៃ​ដោយ​ភាពលម្អៀង និង​គ្មាន​ការសិក្សា​ឱ្យ​ច្បាស់​ពី​កម្ពុជា​។ «​ការវាយតម្លៃ​នៅក្នុង​របាយការណ៍​ហ្នឹង មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ទេ គឺជា​របាយការណ៍​ដែលមាន​និន្នាការ​រួចស្រេច​ទៅហើយ ហើយ​យើង​មិនឱ្យ​តម្លៃ​លើ​របាយការណ៍​ហ្នឹង​ទេ ពីព្រោះ​គេ​មិន​យល់​ពី​កម្ពុជា​ថា​ការកសាង​ប្រជាធិបតេយ្យ​តាមរបៀប​ណា គឺ​គេ​មិន​វាយតម្លៃ​កម្ពុជា​តាម​ហ្នឹង​ទេ​។ ហើយ​ការវាយតម្លៃ​របស់គេ គឺ​គេ​ឈរ​(​ផ្អែក​)​ទៅលើ​ប្រទេស​ដែលមាន​សុខសន្តិភាព​រួចស្រេច​ទៅហើយ ដែលមាន​ប្រវត្តិសាស្ត្រ​មួយ មិន​ដូច​កម្ពុជា​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល ។​
 
​ឆ្លើយតប​នឹង​របាយការណ៍ International IDEA  នេះ លោក ផៃ ស៊ី​ផាន បាន​លើកយក​សមិទ្ធផល​ជាតិ​បកស្រាយ​វិញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាជន និង​កសាង​អភិវឌ្ឍន៍​ប្រទេស ក្រោយ​សង្គ្រាម ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។  រីឯ​កំណើនសេដ្ឋកិច្ច​វិញ មានការ​រីកចម្រើន​ទៅមុខ​ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល ដែល​ជាប់ឆ្នោត​អាណត្តិ​ទី​៦ ក្រោយ​ការប្រកួតប្រជែង​ជាមួយ​គណបក្សនយោបាយ​ចំនួន​១៩ កាលពី​ឆ្នាំ​២០១៨​។ សម្រាប់​លោក ផៃ ស៊ី​ផាន សមិទ្ធផល​ទាំងអស់នេះ អាច​បញ្ជាក់បាន​ថា កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ដូច្នេះ​ជា​លទ្ធផល​ទី​១ គឺ​យើង​បាន​កំណើនសេដ្ឋកិច្ច ហើយ​បែងចែក​ផល​លាភ​រហូតដល់​យើង​មាន​លុយ​ជួយ​ដល់​ចាស់ជរា ជួយ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​យើង​បានធ្វើ​ជោគជ័យ​កន្លងមកហើយ​។ ហើយ​ទី​២ លទ្ធភាព​ដែល​យើង​បាន​កសាង​ជោគជ័យ​នោះ គឺ​វប្បធម៌​នៃ​ការសម្រេច​ជម្រើស​ឆន្ទៈ​របស់​មហាជន តាមរយៈ​ការបោះឆ្នោត​ត្រឹមត្រូវ ដោយមាន​អ្នកបោះឆ្នោត​ជាង​៨០​ភាគរយ តាមបែប​ប្រជាធិបតេយ្យ​។ នេះ​ជា​កត្តា​ជាច្រើន​ដែល​របាយការណ៍​នេះ មិនបាន​រំលេច​ចំណុច​ទាំងនេះ​ទេ ដូច្នេះ​របាយការណ៍​នេះ វា​គ្មាន​ផលប្រយោជន៍​សម្រាប់​ធ្វើជា​ភស្តុតាង​ក្នុង​ការងារ​ទេ​»​។​
 
​ដ្បិត International IDEA  មើលឃើញ​ពី​ផល​អវិជ្ជមាន​របស់​ក​ម្ពុ​ជា ដើរ​ចាក​ឆ្ងាយ​ពី​ប្រជាធិបតេយ្យ​ក្តី ប៉ុន្តែ​ក្នុង​របាយការណ៍​ក៏បាន​រំលេច​ពី​ភាព​វិជ្ជមាន​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។ ក្នុង​របាយការណ៍​បាន​កត់សម្គាល់ថា កម្ពុជា នៅតែ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច ចំណូល​ទាប ប៉ុន្តែ​មានបទពិសោធន៍​ទទួលបាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅក្នុង​តំបន់ នា​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ។ របាយការណ៍​ស​ង្គ​ត់​ធ្ងន់​ថា កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​កម្ពុជា​នេះ ភាគច្រើន​កើតចេញពី​ការគាំទ្រ​របស់​ចិន​។​
 
«​ចិន ត្រូវបាន​គេ​មើលឃើញថា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​របប​សេដ្ឋ​កិច្ច​កម្ពុជា តាមរយៈ​ការវិនិយោគ​និង​ការផ្ដល់​ប្រាក់កម្ចី​ដោយ​គ្មាន​សំណង់ ដែល​ធ្វើឱ្យ​កម្ពុជា​អាច​ចៀសផុត​ទាំង​លក្ខខណ្ឌ​ជំនួយ​និង​ការរិះគន់ និង​សម្ពាធ​អន្តរជាតិ​»​។ នេះ​បើតាម​របាយការណ៍ International IDEA  ដែល​បាន​បន្ថែមថា ការវិនិយោគ​ចិន​នៅ​កម្ពុជា ក៏​ជា​ធាតុ​ផ្សំ​សំខាន់​ដែលនាំឱ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​ផ្ដាច់ការ​ផងដែរ​។​
 
​ផ្ទុយ​ពី​ការ​របាយការណ៍​ខាងលើ លោក ផៃ ស៊ី​ផាន បាន​បកស្រាយ​ក្នុងន័យនេះ​ថា ការវិនិយោគ​ចិន វា​បាន​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ប៉ុន្តែ​កម្ពុជា ក៏​មិន​រើសអើង​ដល់​ការវិនិយោគ​របស់​ប្រទេស​ដទៃ​ណា​ដែរ​។ អ្នកនាំពាក្យ​រូបនេះ ដែល​មិន​ពេញចិត្ត​ចំពោះ​ការវាយតម្លៃ​របស់ International IDEA  បាន​និយាយ​ដូច្នេះ​ថា​៖«​របាយការណ៍​នេះ មិនមែនជា​របាយ​ការ​សុ​ក្រឹត្យ​ទេ ដែល​ខ្ញុំ​ហៅថា ជា​របាយការណ៍​មាន​និន្នាការ ហើយ​មាន​គោលដៅ​ទិសដៅ​ត្រឹមត្រូវ​ទៅរក​ចិន​។ ហើយ​បើ​ខ្មែរ​មិន​ទទួលយក​ការអភិវឌ្ឍ​ពី​ចិន តើ​ខ្មែរ​ទទួលយក​ការវិនិយោគ​ពី​ប​ស្ចឹ​ម​ប្រទេស​ហ្នឹង មាន​អ្វីខ្លះ​ហើយ​យកមក​(​វិនិយោគ​)​ដាក់​នៅ​ស្រុក​ខ្មែរ​។  អ៊ីចឹង​បានជា​ខ្ញុំ​ថា របាយការណ៍​ហ្នឹង​មាន​និន្នាការ ដែល​ពិបាក​នឹង​ឱ្យ​តម្លៃ​ក្នុងការ​ពិភាក្សាគ្នា​ណាស់​»​។​
 
​រាល់​ការវាយតម្លៃ​នៅក្នុង​របាយការណ៍​នីមួយៗ គឺ​គេ​បាន​សិក្សា​លម្អិត​ទៅលើ​ផ្នែក​ជាច្រើន​នៅក្នុង​ប្រទេស​ទាំងអស់ ដោយមាន​ទាំង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​អភិបាលកិច្ច​ជាដើម ដើម្បី​យកទៅ​ធៀប​នឹង​ពុម្ព​ដែល​គេ​បានកំណត់​ពី​លក្ខណៈសម្បត្តិ នៃ​ស្ថានភាព​ប្រទេសមួយ ថា​តើ​វា​គ្រប់​តាម​លក្ខខណ្ឌ​នៃ​ស្ដង់ដារ​អន្តរជាតិ​ដែរ​ទេ​? 
 
​លោក សន ជ័យ នាយក​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បាន​និយាយ​ដូច្នេះ​ថា​៖«​គេ​មាន​ពុម្ព គេ​មាន​ម៉ូ​ឌែ​ល ហើយ​គេ​យក​លទ្ធផល​នៃ​មូលដ្ឋាន​វាយតម្លៃ​របស់គេ ទៅ​ភ្ជាប់​ជាមួយនឹង​អ្វីដែល​កម្ពុ​ជាមាន នៅក្នុង​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ ខណៈដែល​កម្ពុជា ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​នៃ​កិច្ចព្រមព្រៀង​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការលើកតម្កើង​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ហើយនឹង​សិទ្ធិសេរីភាព​ផ្សេងៗ​នៅក្នុង​ដំណើរការ និង​ការអនុវត្ត​នៅក្នុង​ប្រទេស​ហ្នឹង​»​។​
 
​បើតាម​លោក សន ជ័យ ទោះជា​កម្ពុជា​ប្រកាន់​ជំហរ​លើកតម្កើង​របប​ប្រជាធិបតេយ្យ​ក្តី ប៉ុន្តែ​បើ​ការអនុវត្ត​ជាក់ស្ដែង​មិន​ដូច​ជំហរ​ខ្លួន និង​ខុស​ស្ដង់ដារ​ពុម្ព​ប្រជាធិបតេយ្យ​អន្តរជាតិ​នោះ វា​ក៏​អាចជា​ដើមចម​ដែលនាំឱ្យ​មានការ​វាយតម្លៃ​អវិជ្ជមាន​ដែរ​។​
 
​កម្ពុជា បានទទួល​ពិន្ទុ​៤ ដែលជា​ពិន្ទុ​ទាប​ជាងគេ សម្រាប់​ប្រទេស​ដែល​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ជាដើម ខណៈ​ប្រទេស​អូស្ត្រាលី ជប៉ុន នូ​វែ​ល​សេ​ឡង់ កូរ៉េខាងត្បូង ទី​ម័​រ និង​កោះ​តៃវ៉ាន់ ទទួលបាន​ពិន្ទុ​៧​ខ្ពស់​ជាងគេ ។ នេះ​បើតាម​ការវាយតម្លៃ​នៅ​របាយការណ៍ International IDEA៕ 

Tag:
 ​ប្រជាធិបតេយ្យ​
  សេដ្ឋកិច្ច​
  ផៃ ស៊ី​ផាន​
© រក្សាសិទ្ធិដោយ thmeythmey.com