អន្តរជាតិ
MRC ដាក់​យុទ្ធសាស្ត្រ​៤​ឆ្នាំ​ដើម្បី​ទប់ស្កាត់​គ្រោះរាំងស្ងួត កម្រិត​ទឹក​មេគង្គ​ធ្លាក់ចុះ
27, Nov 2019 , 3:05 pm        
រូបភាព
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (កណ្ដាល) ប្រភពរូប៖ MRC
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (កណ្ដាល) ប្រភពរូប៖ MRC
ដោយ:
​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) បានអនុម័ត​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះរាំងស្ងួត​សម្រាប់​ឆ្នាំ​២០២០-២០២៥ ។ យុទ្ធសាស្ត្រ​នេះ មាន​គោលដៅ​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ត្រៀមលក្ខណៈ​និង​គ្រប់គ្រង​បញ្ហា​គ្រោះធម្មជាតិ​នេះ​រួមគ្នា​។ ទន្ទឹមនេះ ផែនការ​ការងារ​ប្រចាំឆ្នាំ​មួយ​ផ្សេងទៀត ក៏ត្រូវ​បានអនុម័ត​ផងដែរ ជាមួយ​កញ្ចប់​ថវិកា​១៣​លាន​ដុល្លារ​។

 
​យុទ្ធសាស្ត្រ​ដែល​បានអនុម័ត​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែវិច្ឆិកា ធ្វើ​ឡើងខណៈ​តំបន់​ទន្លេមេគង្គ​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​កម្រិត​ទឹកទន្លេ​មេគង្គ​ធ្លាក់ចុះ​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ឬ​ក្នុង​រយៈពេល​៦០​ឆ្នាំ​ចុងក្រោយ​។ 
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ MRC យុទ្ធសាស្ត្រ​នេះ នឹង​ផ្តោត​សំខាន់​លើ​គោលដៅ​អាទិភាព​ទាំង​៥ ដែល​ត្រូវបាន​វាយតម្លៃថា «​មានដំណើរ​ការមិន​ល្អ​» និង​ត្រូវការ «​ការយកចិត្តទុកដាក់​ជាបន្ទាន់​» ដើម្បី​ដោះស្រាយ​វិបត្តិ​គ្រោះរាំងស្ងួត​។ ចំណុច​ទាំងនោះ​រួមមាន សូចនាករ​ពិនិត្យ​តាមដាន​ស្ថានភាព​ដី​, សំណើម​ដី​, ស្ថានភាព​ដំណាំ និង​លំហូរ​ទឹក​ក្នុង​រដូវប្រាំង ព្រមទាំង​ការព្យាករណ៍​គ្រោះរាំងស្ងួត​និង​ការប្រកាសអាសន្ន​, ការកសាង​សមត្ថភាព​រៀបចំ​ផែនការ និង​វាយតម្លៃ​ស្ថានភាព​គ្រោះរាំងស្ងួត ក៏ដូចជា​វិធានការ​កាត់បន្ថយ​ហានិភ័យ​និង​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​។ ទន្ទឹមនេះ យុទ្ធសាស្ត្រ​៥​ឆ្នាំនេះ នឹងត្រូវ​អនុវត្ត​ដោយមាន​ការគាំទ្រ​ថវិកា​ពី​បណ្តា​ប្រទេស​ជា​សមាជិក និង​ដៃគូ​អភិវឌ្ឍន៍​។​
 
​នា​ជំនួប​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​២៦ ដែល​រៀបចំឡើង​ក្នុង​រាជធានី​ភ្នំពេញ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា គូសបញ្ជាក់ថា​៖«​ស្របពេល​ដែល​យើង​រៀបចំ​ត្រៀមខ្លួន​បង្ការ និង​សម្រាល​ផលប៉ះពាល់​នៃ​គ្រោះរាំងស្ងួត យុទ្ធសាស្ត្រ​នេះ នឹង​ជួយ​យើង​កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត​លើ​ប្រជាជន និង​ប្រព័ន្ធ​ធនធានទឹក និង​ជួយ​អភិវឌ្ឍ​សមត្ថភាព​ក្នុងការ​សម្រប​ខ្លួន​របស់​រាជរដ្ឋាភិបាល​យើង​»​។ លោក បន្តថា យុទ្ធសាស្ត្រ​នេះ ក៏​ជួយ​ជំរុញ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន ព្យាករណ៍ និង​ប្រកាសអាសន្ន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​
 
​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ​សម្រាប់​ឆ្នាំ​២០១៩ លោក លឹម គានហោ សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​គណៈ​កម្ម​ការ​ទន្លេមេគង្គ ដើម្បី​គាំទ្រ​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះរាំងស្ងួត​បច្ចុប្បន្ន និង​អនាគត ដែល​ជះ​ឥទ្ធិ​ល​ពល​អាក្រក់​ទាំង​កម្រិត​ថ្នាក់ជាតិ និង​ឆ្លងដែន​។ 
 
​ក្រៅពី​យុទ្ធសាស្ត្រ​៥​ឆ្នាំនេះ ក្រុមប្រឹក្សា​ជាន់ខ្ពស់​នេះ ក៏បាន​អនុម័ត​ផែនការ​ការងារ​ប្រចាំឆ្នាំ​២០២០-២០២១ ជាមួយ​កញ្ចប់​ថវិកា​ជាង​១៣​លាន​ដុល្លារ​ផងដែរ​។ ផែនការ​នេះ គឺជា​ផែនការ​លម្អិត​លើ​ប្រតិបត្តិការ​, សកម្មភាព​និង​កិច្ចការ រួមទាំង​ថវិកា​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​ស្ថាប័ន​នេះ​នៅ​កម្រិត​តំបន់​។ ផែនការ​នេះ ផ្តោត​សំខាន់​លើ​ការបញ្ចប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ​ថ្មី​ឆ្នាំ​២០២១-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០២១-២០២៥ ព្រមទាំង​យុទ្ធសាស្ត្រ​បរិស្ថាន​អាង​ទន្លេ សម្រាប់​ការពារ​ធនធានបរិស្ថាន​សំខាន់ៗ​។ 
 
​ក្នុងចំណោម​អាទិភាព​ជាច្រើន ផែនការ​នេះ ក៏​ផ្តល់​អាទិភាព​លើ​ការបញ្ចប់​ការពិគ្រោះ​យោបល់​ជាមុន​សម្រាប់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​លួង​ប្រា​បាង ព្រមទាំង​ការអនុវត្ត​ពិនិត្យ​តាមដាន​បរិស្ថាន​រួមគ្នា​សម្រាប់​ទំនប់​មេ​, គ្រោះរាំងស្ងួត និង​យុទ្ធសាស្ត្រ​វា​រី​អគ្គិសនី​។ វា​ក៏​ជំរុញ​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​ចិន និង​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ឲ្យ​កាន់តែ​ប្រសើរ​ផងដែរ​។  
 
​តាមរយៈ​ការសិក្សា​របស់ MRC កាលពីពេល​ថ្មីៗ​នេះ បង្ហាញថា គ្រោះរាំងស្ងួត​ក្នុង​អាង​ទន្លេមេគង្គ បាន​កើនឡើង​កម្រិត​ហ្វ្រេ​កង់​និង​កម្រិត​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ឧទាហរណ៍ គ្រោះរាំងស្ងួត​ចុងក្រោយបង្អស់​ក្នុង​ឆ្នាំ​២០១៦ បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ថៃ​ខាតបង់​ថវិកា​អស់​ប្រមាណ​១,៧​ពាន់​លាន​ដុល្លារ ។ ចំណែក​ក្នុងប្រទេស​កម្ពុជា គ្រោះរាំងស្ងួត​បានធ្វើ​ឲ្យ​ខ្វះខាត​ទឹក​ក្នុង​ខេត្ត​១៨​ចំណោម​ខេត្ត​-រាជធានី​ទាំង​២៥ ដោយ​មនុស្ស​២,៨​លាន​នាក់ ខ្វះខាត​ទឹក​ប្រើប្រាស់​។​
 
​សូមបញ្ជាក់ថា ជំនួប​ប្រចាំឆ្នាំ​រយៈពេល​២​ថ្ងៃនេះ នឹងត្រូវ​បញ្ចប់​នា​ថ្ងៃ ២៧ វិច្ឆិកា ហើយ​ឆ្នាំក្រោយ ប្រទេស​ឡាវ នឹង​ធ្វើជា​ម្ចាស់ផ្ទះ និង​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា MRC សម្រាប់​ឆ្នាំ​២០២០​។ គណៈកម្មការ​ទន្លេមេគង្គ គឺជា​ស្ថាប័ន​អន្តររដ្ឋាភិបាល ដែលមាន​តួនាទី​ជំរុញ​លើកកម្ពស់​កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្រោម​។ MRC បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​ផ្អែក​តាម​កិច្ចព្រមព្រៀង​ទន្លេមេគង្គ​រវាង​កម្ពុជា ឡាវ ថៃ និង​វៀតណាម  ហើយ​បំពេញ​តួនាទី​ជា​វេទិកា​ថ្នាក់​តំបន់​សម្រាប់​ការទូត​ទឹក ក៏ដូចជា មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ចំណេះ​ទឹក​អំពី​ការគ្រប់គ្រង​ធនធានទឹក ដើម្បី​ការអភិវឌ្ឍ​តំបន់​នេះ​ប្រកបដោយ​ចីរភាព​៕

Tag:
 MRC
  គ្រោះរាំងស្ងួត​
  លឹម គានហោ
© រក្សាសិទ្ធិដោយ thmeythmey.com